Views: 1
ដោយៈ គង់ហេង / កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម សិក្សាលទ្ធភាពគម្រោងបង្កើត ប្រព័ន្ធបូមទឹកដោយស្វ័យប្រវត្តិ នៅអាងទំនប់តំបន់បម្រើ ដល់ប្រជាពលរដ្ឋជាង ៣.០០០ គ្រួសារនៅស្រុកជើងព្រៃ និងស្រុកព្រៃឈរ។

លោកអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍បែបនេះ ខណៈដែលលោក និង សហការី បានដឹកនាំមន្រ្តីជំនាញ អាជ្ញាធរ និងសហគមន៍ ចុះពិនិត្យស្ថានភាពទឹកនៅ អាងទំនប់តំបន់ ស្ថិតក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ និងឃុំសំរោង ស្រុកព្រៃឈរ នៅព្រឹកថ្ងៃទី៨ កញ្ញា នេះ។
លោកបានបន្ថែមថាៈ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម សិក្សាគម្រោងបង្កើតប្រព័ន្ធបូមទឹក ដោយស្វ័យប្រវត្តិនេះ បើយើងគ្មានលទ្ធភាពប្រើប្រាស់ ម៉ាស៊ីន ប្រើប្រេងឥន្ធនៈនោះទេ គឺយើងអាចប្រើប្រព័ន្ធបូមទឹក ដោយស័្វយប្រវត្តិនេះ និង ប្រព័ន្ធសូឡែរ (ពន្លឺព្រះអាទិត្យ) ជាមួយម៉ូទ័រ។ ដោយជីកទម្លាក់ទឹក នៅទីនោះ ឱ្យបានច្រើន និងជ្រៅ ហើយគម្រោងនេះ ប្រើប្រាស់ថវិកាខេត្តតែម្តង។
សូមបញ្ជាក់ថា ទំនប់តំបន់ដែលមានទីតាំង ដូចជម្រាបជូនខាងលើ ជាអាងទឹកមួយ អាចរក្សាទឹកទុកបានចំនួន ១២ លាន ម៉ែត្រត្រីគុណ សម្រាប់ស្រោចស្រពបន្ថែម លើផ្ទៃដី បង្កបង្កើនផលរដូវវស្សា ចំនួន ៤៥២ ហិកតា និងស្រូវប្រាំងចំនួន ១.២៥០ ហិកតា ហើយបន្ថែមដំណាំរួមផ្សំ ចំនួន ៤០ ហិកតាទៀត របស់ប្រជាពលរដ្ឋ ចំនួន ១០ ភូមិ ស្មើនឹងចំនួន ៣.២១៣ គ្រួសារ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ៕ V / N

