Views: 7
ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក រ័ត្ន ដាស៊ីណង់អភិបាលស្រុកមង្គលបូរី លោកមេឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹក នៅភូមិសាស្ត្រ ឃុំសឿ និងឃុំចំណោម ប៉ែកខាងលើតាមដងស្ទឹងមង្គលបូរី នៅមុនតែបន្តិច ទទួលគ្រោះទឹកជំនន់ ពីខ្សែទឹកខាងលើ។
លោក អភិបាលខេត្តបន្ទាយមានជ័យ បានលើកពីវិធានការបង្ការ ដោះស្រាយនានា ព្រមទាំងពិនិត្យមើលការពន្លឿនច្រូតកាត់ស្រូវរបស់បងប្អូនប្រជាកសិករ នៅទីតាំងនោះដោយណែនាំអោយស្រូតរូត អោយបានលឿន។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានអោយដឹងកាលពីថ្ងៃទី ៣០ ខែកញ្ញាថា ស្ថានភាពទឹក នៅក្នុងស្ទឹងមង្គលបូរី គិតត្រឹមល្ងាចថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ មិនទាន់មានអ្វីបង្ករឲ្យមាន ការជន់លិចនោះនៅឡើយ ។ ចំណុះបរិមាណ ធារទឹកនៃដងស្ទឹងមង្គលបូរី ផ្នែកប្រភពនៅប្រទេសថៃ ផ្នែកខាងលើ នៅភូមិសាស្ត្រ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ទទួលទឹកហូរមកពីខេត្តបាត់ដំបង និងទទួលទឹកភ្លៀង ប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ សម្រាប់ស្ទឹងមង្គលបូរី នៅផ្នែកកណ្តាល នាភូមិសាស្ត្រ ស្រុកមង្គលបូរីប៉ែកខាងលិច និងខាងជើង មិនទាន់ហក់ឡើង ហៀរកំពប់ពីពោះស្ទឹង នៅឡើយ។ ឯតាមវាលស្រែ ក៏មិនទាន់មានការជនលិចនោះដែរ ។ ចុះណែកបងប្អូន ប្រជាកសិករ ក៏កំពុងមមាញឹកពន្លឿនការច្រូតកាត់ស្រូវបង្កើនរដូវ (ស្រូវប្រាំងដើមរដូវវស្សា ពូជមិនប្រកាន់រដូវ) ដើម្បីជៀសវាងទឹកធ្លាក់ខ្លាំងមក ធ្វើឲ្យប៉ះពាល់ និងខូចខាត។
លោក អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំអោយអាជ្ញាធរដែនដី និងមន្ត្រីជំនាញ ពាក់ព័ន្ធ គ្រប់ថ្នាក់ ត្រូវភ្ញាក់រលឹក និងយកចិត្តទុកដាក់លើមុខនាទី ភារកិច្ច និងការងារ
ចំពោះមុខលើបញ្ហាគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុងនោះ ត្រូវបន្តតាមដានស្ថានភាព ទឹកនេះ ជាប់ជាប្រចាំ តាមតំបន់ប្រឈមនានាក្នុងភូមិសាស្ត្រ ខេត្ត ស្រុក/ឃុំ ។ ក្នុងករណីមានបញ្ហាអ្វីនឹងអន្តរាគមន៍ ឆ្លើយតបដោះស្រាយ ឲ្យបានទាន់ពេលវេលា ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា៕/V-PC









