ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ មុននឹងចុះបិទ
ផ្សាយសេចក្តីជូនដំណឹងពីការហាមឃាត់ការកាប់រានដីថ្មីពង្រីកបន្ថែមលើទីតាំងដែលបានវាស់វែងកំណត់អត្តសញ្ញាណរួចលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តតំណាងលោកងួន រតនះអភិបាលខេត្តបានដឹកនាំកិច្ចប្រជុំបន្ទាន់ នៅសាលាស្រុកគាស់ក្រឡ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលស្រុកស្តីទី លោក លោកស្រី អភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជវុធហត្ថស្រុក មេបញ្ជាការផ្នែកសឹករងស្រុក មន្ត្រីជំនាញសុរិយោដី មេឃុំ មេប៉ុស្តិ៍នគរបាលឃុំទាំងអស់ចំណុះឱ្យស្រុកគាស់ក្រឡដោយបានណែនាំការងារមួយចំនួនអំពីការបិទផ្សាយមិនឱ្យពលរដ្ឋទៅកាប់ទន្ទ្រានដីថ្មីនៅទីតាំងដែលមានទំនាស់កន្លងមកនេះ រួមមានទីតាំងនៅចំណុចភ្នំស្នរ ឃុំព្រះផុស និងនៅចំណុចភ្នំសំរោង ឃុំឆ្នាល់មាន់ផងដែរ។

បន្ទាប់ពីប្រជុំរួចលោកអភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះបិទផ្សាយសេចក្តីជូនដំណឹងរដ្ឋបាលខេត្ត ស្តីពីការហាមឃាត់ការកាប់រានដីថ្មីពង្រីកបន្ថែមលើទីតាំងដែលបានវាស់វែងកំណត់អត្តសញ្ញាណរួច ដែលស្ថិតក្នុងភូមិសាស្ត្រឃុំឆ្នាល់មាន់ ឃុំដូនបានិងឃុំព្រះផុសស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោកអភិបាលរងបានបន្តថាអាជ្ញាធរឃុំ អាជ្ញាធរស្រុកត្រូវបញ្ឈប់រាល់ការបញ្ជាក់ឯកសារលើបញ្ហាដីធ្លីដែលបង្កឱ្យមានបញ្ហាទំនាស់បន្ថែមទៀត ដោយរក្សាភាពស្ងៀមស្ងាត់និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំទៅទន្ទ្រានដីព្រៃរបស់រដ្ឋ ជាពិសេសនៅលើភ្នំសំរោង ដែលជាព្រៃធម្មជាតិស្អាតហើយសូមចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានបន្ថែម និងចូលរួមទប់ស្កាត់មេខ្យល់ណាដែលបានបំផុសបំផុលឱ្យបងប្អូនប្រជាពលរដ្ឋមកពីចម្ងាយក្តីឬនៅក្នុងមូលដ្ឋានក្តីដែលមានបំណងចង់ទៅទន្ទ្រានដីព្រៃរបស់រដ្ឋដើម្បីយកធ្វើជាកម្មសិទ្ធិនោះមិនបានឡើយ ហើយអាជ្ញាធរមូលដ្ឋានត្រូវមានកាតព្វកិច្ចការពារឱ្យខានតែបានជាដាច់ខាតពីព្រោះនេះជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

លោក សឿម ប៊ុនរិទ្ធិ បានផ្តាំផ្ញើនិងណែនាំដល់អាជ្ញាធរមូលដ្ឋានបន្តទៀតថា ប្រសិន​បើអាជ្ញាធរឬសមត្ថកិច្ចណាមួយមានការពាក់ព័ន្ធទៅនឹងបញ្ហការទន្ទ្រានដីរបស់​រដ្ឋសូមមេត្តាដកខ្លួនជាបន្ទាន់ បើមិនដូច្នេះទេ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការផ្លូវច្បាប់ចំពោះអាជ្ញាធរមូលដ្ឋានណាឬសមត្ថកិច្ចណា ដែលទៅបំពាន ឬទៅកាប់បំផ្លាញព្រៃធម្មជាតិតាមជើងភ្នំឬនៅលើភ្នំសំរោងឬ នៅតំបន់ណាដែលមានព្រៃដែលជាទ្រព្យ
សម្បត្តិសាធារណៈរបស់រដ្ឋតទៅទៀត៕/B