Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលក្រុងបាវិត៖ យើងត្រូវរួមគ្នាដោះស្រាយ រាល់បញ្ហាទាំងឡាយ ដែលកើតមានឡើងនៅមូលដ្ឋាន

Views: 3

ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅសាលាសង្កាត់បាទី ក្នុងវេទិកាសាធារណៈមួយ ជាមួយប្រជាពលរដ្ឋ ដែលបានអញ្ជើញមកពី ៣ សង្កាត់គឺ សង្កាត់បាវិត សង្កាត់ប្រាសាទ និងសង្កាត់បាទី ក្រុងបាវិតថាៈ យើងត្រូវរួមគ្នាដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលកើតមានឡើងនៅមូលដ្ឋាន ។

ដោយមានការអញ្ជើញចូលរួមពីលោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត ក្នុងវេទិកាសាធារណៈនេះដែរនោះ លោកអភិបាលក្រុងបាវិត បានមានប្រសាសន៍ថាៈ គោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើឲ្យប្រទេសជាតិ មានការរីចំរើន លើគ្រប់វិស័យ ជាពិសេសនាពេលកន្លង ទៅថ្មីៗនេះ ប្រទេសកម្ពុជាយើង បានសម្រុកចាក់វ៉ាក់សាំង បានទូទាំងប្រទេស ដោយមានដូសទី១ ទី២ ទី៣ និងដូសជំរុញ បន្តបន្ទាប់ទៀត ហើយនាពេលបច្ចុប្បន្ននេះ នៅតាមមាត់ច្រកទ្វារព្រំដែន ក៏បានបើកឲ្យ ដំណើរការ មានការចេញចូលនូវទំនិញ គ្រប់ប្រភេទ ដើម្បីឲ្យសេដ្ឋកិច្ច បានដំណើរការឡើងវិញ ទាំងនេះគឺវាអាស្រ័យដោយមាន ការចូលរួមពីសំណាក់ បងប្អូនប្រជាពលរដ្ឋរបស់ យើងផងដែរ។

លោក លឹម សៀងហេង ក៏បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ នៅមូលដ្ឋាន ត្រូវចូលរួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឲ្យសមិទ្ធផលផ្សេងៗ ដែលបានកកើត ឡើងហើយនោះ នៅរក្សាស្ថិតស្ថេរ ប្រើប្រាស់បានយូរអង្វែង ទាំងការផ្តល់សេវា សាធារណៈផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ក៏ដូចជាការដោះស្រាយវិវាទ នៅមូលដ្ឋាន នៅក្រៅប្រព័ន្ធតុលាការ ដោយមានឆន្ទៈចូលរួមដោះស្រាយទាំងអស់គ្នា (ទាំងសងខាង) ដោយពុំចាំបាច់មាន ការប្តឹងផ្តល់ ទៅតុលាការនោះទេ គឺដោះស្រាយនៅថ្នាក់ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត ជាដើម។

ក្រៅពីនេះ យើងទាំងអស់គ្នា ត្រូវឆ្លើយតបឲ្យបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ ផ្សេងៗ ដែលកើតឡើងនៅមូលដ្ឋាន មានជាអាទិ៍ គ្រោះធម្មជាតិ ជំងឺដង្កាត់ផ្សេងៗបញ្ហាសត្វពាហនៈរបស់ប្រជាពលរដ្ឋ ដែលចិញ្ចឹម ហើយលែងពាសវាលពាសកាល និយាយជារួម គឺរួមគ្នាដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលកើតមានឡើងនៅមូលដ្ឋាន។

លោកអភិបាលក្រុងបាវិត បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថាៈ រដ្ឋបាលសង្កាត់ ត្រូវពិនិត្យរៀបចំបុគ្គលិក សម្រាប់ការផ្ដល់សេវា និងរៀបចំទីកន្លែងណាមួយ ឲ្យបានសមស្រប នៅក្នុងបរិវេណសាលាសង្កាត់របស់ខ្លួន ដើម្បីរៀបចំយន្តការ
ច្រកចេញចូលតែមួយ ។ ក្នុងករណីមានភាពមិនច្បាស់លាស់ លើចំណុចណាមួយ នៅក្នុងការអនុវត្តសេចក្ដីណែនាំ ដែលបម្រើឲ្យការរៀបចំយន្តការ ច្រកចេញចូលតែមួយ ត្រូវស្នើសុំការគាំទ្របន្ថែម ពីក្រុមការងាររបស់រដ្ឋបាលក្រុង ដើម្បីក្រុមការងារមានមូលដ្ឋានក្នុងការដោះស្រាយ ឬស្នើសុំយោបល់បន្ត ទៅក្រុមការងាររដ្ឋបាលខេត្ត។ ដោយឡែក នៅក្នុងការរៀបចំ និងអនុវត្តយន្តការនេះ សូមឲ្យរដ្ឋបាលឃុំ សង្កាត់យកចិត្តទុកដាក់ លើការរៀបចំបុគ្គលិក ដែលបំពេញការងារផ្ដល់សេវា ក្នុងយន្តការនេះ ត្រូវពិនិត្យលើលក្ខណៈសម្បត្តិ ការទទួលខុសត្រូវ សីលធម៌វិជ្ជាជីវៈ បទពិសោធន៍ការងារ សមត្ថភាពជំនាញ និងការចាត់ចែងការងារ ត្រូវរៀបចំបទបញ្ជាផ្ទៃក្នុង និងបែបបទនីតិវិធី នៃការផ្ដល់សេវា ឲ្យបានច្បាស់លាស់ និងសមស្របតាមការណែនាំ និងស្ថានភាពជាក់ស្ដែង៕/V

Post navigation