Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលរាជធានី បើកការដ្ឋានស្ថាបនាស្ពានបេតុង ២កន្លែង លើមហាវិថី អ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង នៅក្នុងតំបន់អភិវឌ្ឍន៍ ភាគខាងត្បូងរាជធានីភ្នំពេញ

Views: 1

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ស្ពានបេតុង ២ កន្លែង ស្ថិតនៅលើមហាវិថីអ្នកឧកញ៉ា មហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង ក្នុងតំបន់អភិវឌ្ឍន៍ ភាគខាងត្បូង រាជធានី ភ្នំពេញ នាភូមិសាស្ត្រខណ្ឌមានជ័យ ត្រូវបានបើកការដ្ឋានស្ថាបនា ដើម្បីសម្រួល ចរាចរណ៍ និងដើម្បីជាការលើកកម្ពស់សោភ័ណភាព រាជធានីភ្នំពេញ ឱ្យកាន់តែ ស្រស់ស្អាត សមជាទីក្រុងស៊ីវីល័យ ។

ពិធីបើកការដ្ឋាន បានធ្វើឡើង នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នេះ ក្រោមវត្ត មានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីលោក ឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង នៅលើមហាវិថីអ្នកឧកញ៉ា មហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង ក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

លោក ឃួង ស្រេង បានលើកឡើងថា៖ ពិធីបើកការដ្ឋាននេះ នឹងក្លាយជាសមិទ្ធផល ថ្មីមួយទៀត កើតចេញពីមនុញ្ញផលនៃ “សន្តិភាព និងការអភិវឌ្ឍជាតិ មាតុភូមិ ក្រោមនយោបាយ ឈ្នះ-ឈ្នះ” របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈ ការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល និងកិច្ចសហការល្អ រវាងអាជ្ញាធរមូលដ្ឋាន ជាមួយនឹងវិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន។

លោក ឃួង ស្រេង បានមានប្រសាសន៍ទៀតថា៖ ក្រោយឆ្នាំ១៩៧៩ តំបន់បឹងទំពន់ -ជើងឯក គឺជាតំបន់វាលទំនាប និងលិចទឹក នៅរដូវវស្សា ស្ថិតនៅភាគខាងត្បូង រាជធានីភ្នំពេញ ត្រូវបានប្រើប្រាស់ ជាអាងស្តុកទឹកសំអុយ និងជាស្រែប្រាំង ដាំបន្លែបង្ការបន្តិចបន្តួច សម្រាប់អាស្រ័យផលរបស់ប្រជាពលរដ្ឋ រស់នៅជុំវិញ តំបន់នេះតែប៉ុណ្ណោះ។ នៅឆ្នាំ២០០៦ រាជរដ្ឋាភិបាល បានសម្រេចកែលម្អតំបន់នេះ ជាទីក្រុងរណបថ្មី សំដៅបង្កើននូវសក្តានុពលសេដ្ឋកិច្ច សង្គមកិច្ច ឱ្យបានខ្លាំងក្លា ថែមទៀត ឆ្លើយតបទៅនឹងតម្រូវការ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស របស់រាជធានី ភ្នំពេញ។

ផ្អែកតាមប្លង់មេនៃគម្រោង តំបន់នេះ ត្រូវស្ថាបនាមហាវិថីចំនួន ៣ខ្សែ រូមមាន (ខ្សែទី១) មហាវិថីសម្តេច តេជោ ហ៊ុន សែន (ខ្សែទី២) មហាវិថីអ្នកឧកញ៉ាមហា ភក្ដីសប្បុរិសភោគា ធិបតី ហ៊ុន នាង និង (ខ្សែទី៣) មហាវិថីកាត់ទទឹងទី២ ព្រមទាំងត្រូវ ស្ថាបនាផ្លូវមេចំនួន ៦១ ខ្សែ និងបំពាក់ភ្ជាប់នូវបណ្តាញទឹកស្អាត បណ្តាញអគ្គិសនី ខ្សែកាបអុបទិក ប្រព័ន្ធលូបង្ហូរទឹកភ្លៀង ទឹកសំអុយ រក្សាទុកអាង ស្តុកទឹក អាងប្រព្រឹត្តកម្មទឹកកខ្វក់ លើកកម្ពស់ដីរូបសាស្ត្រកំណត់តំបន់បៃតង រៀបចំប្រព័ន្ធចរាចរណ៍ដឹកជញ្ជូន និងសំណង់ សិល្បការជាច្រើនទៀត។

លោក ឃួង ស្រេង បានបន្តថា៖ គម្រោងអភិវឌ្ឍន៍ទីក្រុងរណបបឹងទំពន់-ជើងឯក ត្រូវបានផុសចេញជារូបរាងឡើង ជាបណ្តើរៗ មានទាំងគម្រោងអគារពាណិជ្ជកម្ម -ខុនដូប្រណីត, អគារតាំងបង្ហាញរថយន្តប្រណិត, សាលាអន្តរជាតិ ISPP, បុរី Town, បុរីជីបម៉ុង, បុរីប៉េងហូត, គម្រោងផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល, ផ្សារទំនើប PH Diamond Place និងគម្រោងផ្សារទំនើបអីុអនទី៣ ព្រមទាំង គម្រោងអភិវឌ្ឍន៍ជាច្រើនទៀត។

លោក​ឃួង ស្រេង បានបញ្ជាក់ថា៖ ការបើកការដ្ឋានស្ថាបនាស្ពានបេតុង ២ កន្លែង នៅលើមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរិសភោគាធិបតី ហ៊ុន នាង គឺជាផ្នែកមួយ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ ទីក្រុងរណបបឹងទំពន់- ជើងឯក ដែលជាការចូលរួម ចំណែករបស់វិស័យឯកជន ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ។ ក្រោយពេលស្ពានទាំងពីរនេះ ត្រូវបានស្ថាបនារួចរាល់ នឹងទទួលបានអត្ថប្រយោជន៍ ជាច្រើន នោះគឺការតភ្ជាប់តួមហាវិថីអ្នកឧកញ៉ា មហារក្តីសប្បរិសភោគាធិបតី ហ៊ុន នាង ទាំងមូល ដែលជាផ្លូវយុទ្ធសាស្ត តភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ផ្លូវលេខ ៣៧១ សម្រាប់សម្រួលដល់ការធ្វើដំណើរ ចំពោះប្រជាពលរដ្ឋ ក្នុងតំបន់នេះ និងជាយុទ្ធសាស្ត្រ នៃការអភិវឌ្ឍទីក្រុង ដើម្បីជួយសម្រាលការកក ស្ទះចរាចរណ៍ លើមហាវិថីសម្ដេចតេជោ ហ៊ុន សែន, វិថីកងយោធពលខេមរភូមិន្ទ និងកំណាត់ផ្លូវលេខ ៣៧១ ដែលនឹងធ្វើឱ្យទីក្រុងរបស់យើង កាន់តែមានលក្ខណៈ សម្បត្តិប្រកួតប្រជែងខ្ពស់ ជាពិសេសកាត់បន្ថយ ថ្លៃដើម នៃការចំណាយលើការដឹក ជញ្ជូនផលិតផល និងសេវាកម្មនានា កាន់តែប្រសើរឡើង។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន មន្ទីរ-អង្គភាព ជំនាញពាក់ព័ន្ធ ក្រុមហ៊ុនសាងសង់ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការរួម គ្នាដោះស្រាយផលប៉ះពាល់ និងខិតខំអនុវត្តគម្រោង ឱ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌ បច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង ប្រកបដោយគុណភាព និងសោភ័ណភាពល្អស្អាត។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានលើកឡើងដែរថា៖ ស្ថានបេតុង ស្ថិតនៅលើមហាវិថីអ្នកឧកញ៉ាមហាភក្ដី សប្បុរិសភោគាធិបតី ហ៊ុន នាងនេះ មាន២ កន្លែង ក្នុងនោះស្ពានទី១ មានប្រវែង ២០ ម៉ែត្រ គុណនឹង ២៨,៥ ម៉ែត្រ និងស្ពានទី២ មានប្រវែង ១៦០ ម៉ែត្រ គុណនឹង ២៨,៥ម៉ែត្រ ដោយប្រើប្រាស់ពេលវេលា នៃការស្ថាបនាចំនួន ២៤ ខែ និងចំណាយ ថវិកាចំនួន ៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបំរើផលប្រយោជន៍សាធារណៈ និងដើម្បីជាការលើកកម្ពស់សោភ័ណភាព រាជធានីភ្នំពេញ កាន់តែមានភាពស្រស់ បំព្រងផងដែរ៕ V / N

Post navigation