Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលស្រុកទឹកឈូ៖ រួមគ្នាអភិរក្សកីឡាគុនល្បុក្កតោ ដើម្បីរក្សាកេរដំណែលដូនតា

Views: 4

ដោយៈ បូកគោ / កំពត: អភិបាលស្រុកទឹកឈូ បានអំពាវដល់ប្រជាពលរដ្ឋ ពិសេស ក្រុមយុវជនចូលរួមអភិរក្ស និងហ្វឹកហាត់កីឡាគុនល្បុក្កតោ ដើម្បីរក្សាកេរដំណែល វប្បធម៌ខ្មែរ ឲ្យនៅគង់វង្ស។ ការអំពាវនាវនេះ របស់លោកអភិបាលស្រុកទឹកឈូ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នៅពេលលោកបានជួបសំណេះ សំណាលជាមួយសិស្សហាត់កីឡាគុនល្បុក្កតោ មកពីក្លិបចំនួនបី នៃស្រុកនេះ។

ថ្លែងក្នុងពិធីខាងលើ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានមានប្រសាសន៍ ថាៈ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ ក្នុងការស្នើដាក់បញ្ចូលកីឡា គុនល្បុក្កតោ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ក្នុងបំណងគាំទ្រកីឡាគុនល្បុក្កតោ ឲ្យបានកាន់តែរស់រវើកឡើង សូមប្រជាពលរដ្ឋ ពិសេសយុវជនទាំងអស់រួមគ្នាអភិរក្ស និងលើកស្ទួយកីឡានេះដើម្បីឲ្យកាន់តែរីកចម្រើន និងល្បីរន្ទឺលើឆាកអន្តរជាតិ។

លោក សេន សំអាត គ្រូបង្វឹកប្រចាំសាលាគុនល្បុក្កតោ មានរិទ្ធកីឡា បានរៀបរាប់ថាៈ កាលពីឆ្នាំ២០១៣ ពេលចាប់ផ្តើមបើកសាលាគុនដំបូង លោកមានសិស្សតែ ១០ នាក់ប៉ុណ្ណោះ។ មកដល់បច្ចុប្បន្ន សាលាគុនល្បុក្កតោ ក្នុងស្រុកទឹកឈូ បានពង្រីករហូត ដល់បីកន្លែង និងមានសិស្សជាង ៧០ នាក់ កំពុងហ្វឹកហាត់។ ជាមួយនោះ សិស្សរបស់ លោក ក៏បានទទួលមេដាយជ័យលាភី ក្នុងការប្រកួតថ្នាក់ជាតិ ជាង ២០ មកហើយ។

ចំណែកក្រុមយុវជន ដែលកំពុងហាត់វិជ្ជាគុននេះ បានអំពាវនាវថាៈ ក្នុងនាមជាអ្នក ស្រឡាញ់ចូលចិត្ត កីឡាគុនល្បុក្កតោ ពួកខ្លួនសូមអំពាវនាវ ដល់យុវជនស្រុកទឹកឈូ ក៏ដូចជានៅស្រុកដទៃ អញ្ជើញមកហាត់រៀន ដើម្បីថែរក្សាកេរដំណែលដូនតា ឲ្យនៅគង់វង្ស។ កីឡាប្រភេទនេះ បាននាំមកនូវភាពរីករាយ សុខភាព និងមិត្តភាព ទៀតផង។

លោកតា អុិត ប៉ន អាយុ ៧១ឆ្នាំ អតីតគ្រូបង្ហាត់គុនល្បុក្កតោ បានបញ្ជាក់ថាៈ លោកមាន អារម្មណ៍រំភើបណាស់ ពេលឃើញយុវជន ពិសេសថ្នាក់ដឹកនាំ បានយកចិត្តទុកដាក់ និងលើកកម្ពស់កីឡាគុនល្បុក្កតោនេះ៕/V

Post navigation