Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អេ​ឡុន ម៉ាស ដាក់​តម្លៃ​ក្រុមហ៊ុន Twitter ត្រឹមតែ ២០ ពាន់​លាន​ដុល្លារ​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស(ដេល្លី​​ម៉េល​) ៖ លោក អេ​ឡុន ម៉ាស បាន​ដាក់​តម្លៃ​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន Twitter​នៅត្រឹម ២០ ពាន់​លាន​ដុល្លារ គឺ​តិចជាង​ពាក់កណ្តាល​នៃ​តម្លៃ ៤៤ ពាន់​លាន​ដុល្លារ ដែល​គាត់​បាន​ចំណាយ​សម្រាប់​វេទិកា​បណ្តាញ​សង្គម​នេះ​កាល​ពី​ប្រាំ​ខែ​មុន នេះ​បើ​យោង​តាម​អ៊ីមែល​ផ្ទៃក្នុង​ដែល​បាន​ឃើញ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាម៉េរិក​។​

​អ៊ីមែល​ទៅកាន់​និយោជិត​គឺ​ដោះស្រាយ​ជាមួយ​កម្មវិធី​សំណង​ភាគហ៊ុន​ថ្មី​នៅក្នុង​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូនេះ​និង​ការផ្តល់​ប្រាក់​ចំណេញ​ដល់​បុគ្គលិក​នៃ​ភាគហ៊ុន​នៅក្នុង​​ក្រុមហ៊ុន X Holdings ដែលជា​ក្រុមហ៊ុន​ទ្រនាប់​របស់ Twitter ចាប់តាំងពី​លោក​ម៉ាស​បាន​ទិញ​វា​កាលពី​ចុង​ខែ​តុលា​។​

​ផែនការ​សំណង​នេះ​បាន​ដាក់​តម្លៃ​វេទិកា​នេះ​ចំនួន ២០ ពាន់​លាន​ដុល្លារ​អាម៉េរិក ច្រើនជាង Snap បន្តិចបន្តួច (១៨,២ ពាន់​លាន​ដុល្លារ​) ដែលជា​ក្រុមហ៊ុន​មេ​របស់ Snapchat​ឬ​ច្រើន​ជាង​​ក្រុមហ៊ុន​បណ្តាញ​សង្គម​និង​វេបសាយ​ច្នៃប្រឌិត Pinterest តិចតួច (១៨,៧ ពាន់​លាន​ដុល្លារ​) ដែល​ក្រុមហ៊ុន​ទាំងពីរ​នេះ​ត្រូវបាន​ជួញដូរ​ជា​សាធារណៈ មិន​ដូច Twitter​នោះទេ​។​

​នៅក្នុង​អ៊ីមែល​ផ្ទៃក្នុង លោក​ម៉ា​ស​បាន​ពណ៌នា​អំពី​ការធ្លាក់ចុះ​ដ៏​ឃោរឃៅ​នៅក្នុង​តម្លៃ​របស់ Twitter ។ គាត់​និយាយថា​វេទិកា​នេះ​បាន​ប្រឈមមុខ​នឹង​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់ធ្ងរ​រហូត​​ដល់​ចំណុច​មួយ​វា​ប៊ិះ​តែ​នឹង​ក្ស័យធន​។​

​លោក​បាន​និយាយ​នៅក្នុង​សារ​មួយ ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃ​សៅរ៍​នៅ​លើ​វេទិកា​នេះ​ថា “Twitter មាន​និន្នាការ​ខាតបង់ ៣ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​”​។​

​លោក​បាន​លើកឡើង​ពី​ការធ្លាក់​ចុះ​ប្រាក់ចំណូល ១,៥ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ និង​បន្ទុក​នៃ​សេវា​បំណុល​ក្នុង​ចំនួន​ដូច​គ្នា ជាហេតុ​នាំ​ឱ្យ​ក្រុមហ៊ុន​នៅ​សល់​លុយ​ត្រឹម​៤​ខែ​ប៉ុណ្ណោះ​។

​លោក​ម៉ាស ដែល​ជា​ម្ចាស់​ភាគហ៊ុន​ធំ​របស់ Twitter បាន​បន្ថែម​យ៉ាង​សាមញ្ញ​ថា “​ស្ថានភាព​ពិតជា​ធ្ងន់ធ្ងរ​ខ្លាំង​ទាល់តែ​មែនទែន​”​។​

​ប៉ុន្តែ​បន្ទាប់​មក​គាត់​បាន​និយាយថា ជាមួយ​អ្នក​ផ្សាយពាណិជ្ជកម្ម ដែល​ភាគច្រើន​បាន​រត់​ចោល​វេទិកា​នេះ​បន្ទាប់ពី​មហាសេដ្ឋី​រូបនេះ​បាន​ទិញ​វា ឥឡូវ​ចាប់ផ្តើម​ត្រឡប់មកវិញ​”​វា​ហាក់ដូចជា​យើង​នឹង​​បំបែក​ការលំបាក​នេះ​បាន​” នៅក្នុង​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ​៕

លោក​ម៉ាស​ជឿថា​ការវិល​មក​វិញ​របស់​អ្នក​ផ្សាយពាណិជ្ជកម្ម​នឹង​ជួយ​ទប់​ក្រុមហ៊ុន​មិនឱ្យ​ខាត​១,៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​

Post navigation