Views: 1
ដោយៈ ចាន់តូ / ភ្នំពេញៈ ផ្ទះល្វែងក្រោមថ្ម លើឈើ មួយគ្រួសារ ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ដោយសារដុតភ្លើងទៀន ធូប សែននំផ្លែឈើ ក្នុងថ្ងៃសីល បង្កជាអគ្គិភ័យ នៅវេលាម៉ោង ១២និង៤០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៏ ទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងភូមិតិក្ខប្បបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ ដែលស្លាប់មានឈ្មោះ ឡាច សាម៉ុន ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរឥវ៉ាន់ចាប់ហួយ និងជាអតីតមន្រ្តីយោធាចូលនិវត្តន៍។
មូលហេតុ ដោយសារដុតភ្លើងទៀនធូប ក្នុងថ្ងៃសីល មិនបានពន្លត់ ក៏នាំគ្នាដេកលក់អស់បង្កជាអគ្គីភ័យឆាបឆេះឡើងយ៉ាងដូច្នេះ។
យោងតាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរខាង បានប្រាប់ឲ្យដឹងថា ដំបូងឡើយពួកគាត់ឮសូរផ្ទុះភូសៗ ហើយនាំគ្នាងើបមើលពេលចេញមកក្រោយ ក៏ស្រាប់តែឃើញអណ្ដាតភ្លើង ឆេះផ្ទះខាងលើយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ច ឲ្យចេញរថយន្តពន្លត់អគ្គិភ័យ និងគោះទ្វារហៅម្ចាស់ផ្ទះ ឲ្យចេញមកក្រៅ ខណៈពេលដែលនាំគ្នាចេញមកខាងក្រៅ ជនរងគ្រោះដែលស្លាប់ ដេកនៅខាងលើម្នាក់ឯង មិនបានចេញមកក្រៅនោះទេ ពីព្រោះភ្លើងឆេះខាងលើមុន រហូតដល់ត្រូវភ្លើងឆេះស្លាប់ មួយសន្ទុះក្រោយមក ក៏ឃើញរថយន្តពន្លត់អគ្គិភ័យ មកជាបន្តបន្ទាប់ មកដល់កន្លែងកើតហេតុ ក្នុងនោះក៏មានរថយន្តពន្លត់អគ្គិភ័យ អង្គភាព ៧១១ នៃកងពលតូចលេខ៧០ ក៏មកដល់កន្លែងកើតហេតុនេះ មានចំនួនឡានទឹក ២គ្រឿងឡានសារ៉ែនមួយគ្រឿង ព្រមទាំងឡានពេទ្យមួយគ្រឿងផងដែរ និងបានបាញ់ទឹក ទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះពលរដ្ឋជិតខាង បានឡើយ។
សម្ភារៈដែលនៅក្នុងផ្ទះដែលរងគ្រោះអគ្ភ័យខូចខាតស្ទើរតែទាំងស្រុង។ ក្នុងគ្រោះអគ្គិភ័យខាងលើនេះ ប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៩ គ្រឿង។ រថយន្តស្នងការនគរបាលរាជធានីភ្នំពេញ ៧ គ្រឿង។ រថយន្តអង្គភាព ៧១១ កងពលតូចលេខ៧០ ចំនួន ២គ្រឿង។ករណីអគ្គិភ័យខាងលើនេះ បានរលត់ នៅវេលាម៉ោង១និង៤០ នាទីយប់ នៅថ្ងៃខែឆ្នាំដដែល ៕ V / N


