Views: 4
ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ដំណើរគោចរព្រះអគ្គិជ័យកីឡា ក្នុងតំបន់អាស៊ាន នេះ ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិ CAMSOC-CAMAGOC និងប្រតិភូ សរុបចំនួន ៩ រូប បានទៅដល់ប្រទេសហ្វីលីពីនហើយ នាព្រឹកថ្ងៃទី២៥ មីនា នេះ។

លោក ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន និងលោក CARL IRVING SAMABRNO អនុប្រធានគណៈកម្មការជាតិអូឡាំពិតហ្វីលីពីន បានទទួលស្វគមន៍ដល់ប្រតិភូកម្ពុជា។ ហ្វីលីពីន ជាប្រទេសទី២ហើយដែលភ្លើងគប់ ស៊ីហ្គេម ឆ្នាំ២០២៣ បានទៅដល់ បន្ទាប់ពីប្រទេសវៀតណាម នោះ។
ចំពោះពិធីដង្ហែ ទៅកាន់បណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត ធ្វើឡើងចាប់ ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយផ្ដើមពីប្រទេស វៀតណាម រហូតដល់ប្រទេសឡាវ ចុងក្រោយគេ មុនដង្ហែចូលកម្ពុជាវិញ តាមច្រក ព្រំដែនអន្ដរជាតិ ខេត្តស្ទឹងត្រែង។
ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គិអាទិទេពកីឡា នៅតាមបណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត គឺជាពេលវេលារៀបចំពិធីដង្ហែព្រះអគ្គិកីឡា តាមបណ្ដាខេត្តជាប់ បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា វេលាម៉ោង ៨និង៣០នាទី យប់ ពោលគឺ ចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាផ្លូវការតែម្ដង ៕ V / N

