Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អគ្គនាយកក្រុមហ៊ុន មីហ្ស៊ីដា គ្រុប ចង់វិនិយោគកែច្នៃ ដុតសម្រាមទៅជាអគ្គិសនី បន្ថែមពីលើការងារ ដែលក្រុមហ៊ុន បាននិងកំពុងអនុវត្ត

Views: 5

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុន មីហ្ស៊ីដា គ្រុប ចង់វិនិយោគកែច្នៃ ដុតសម្រាមទៅជាអគ្គិសនី បន្ថែមពីលើការងារ ដែលក្រុមហ៊ុន បាននិងកំពុងអនុវត្ត នោះគឺការដឹកជញ្ជូនប្រមូលសំរាម ទៅចាក់រនៅទីលានចាក់សំរាម បានល្អប្រសើរ។

ការស្នើចង់វិនិយោគសំណល់រឹង ទៅជាអគ្គិសនី ខាងលើនេះ បានធ្វើឡើង ក្នុង ឱកាសដែលលោក Shan Jian Ming អគ្គនាយកក្រុមហ៊ុន មីហ្ស៊ីដា គ្រុប ក្នុងជំនួបសម្តែងការគួរសម ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ នៅសាលារាជធានីភ្នំពេញ។

លោក Shan Jian Ming បានមានប្រសាសន៍ថា៖ ក្នុងជំនួបនេះ ក្រុមហ៊ុន មានគោលបំណងពិភាក្សា អំពីលទ្ធភាពនៃការធ្វើវិនិយោគ លើគម្រោងផ្សេងៗ និងការរួមចំណែកលើការអភិវឌ្ឍ រាជធានីភ្នំពេញឱ្យ កាន់តែស្រស់ស្អាត មានសោភ័ណភាព និងស័ក្ដិសមជាទីក្រុងទំនើប។ ក្នុងនោះទី១ ក្រុមហ៊ុនចង់ ទទួលមតិយោបល់ ណែនាំពីចំណុចខ្វះខាតមួយចំនួន ដែលក្រុមហ៊ុន កំពុងអនុវត្ត លើកិច្ចការងារប្រមូល ដឹកជញ្ជូនសំរាម នៅក្នុងរាជធានីភ្នំពេញ ។ ទី២ ក្រុមហ៊ុន មានគម្រោងចង់កែច្នៃ ដុតសំរាមទៅជាអគ្គិសនី។

លោកបានបញ្ជាក់ថាៈ ឆ្លងកាត់ការប្រមូលដឹកជញ្ជូនសំរាម ក្រុមហ៊ុនមានទំនុកចិត្ត ទៅលើរាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញ យ៉ាងខ្លាំង។ ដូច្នេះក្រុមហ៊ុន មានបំណងចង់វិនិយោគ លើគំរោងដុតសំរាម ទៅអគ្គិសនី នៅរាជធានីភ្នំពេញ បន្ថែមទៀត ។ ដោយសារតែនៅប្រទេសចិន ក្រុមហ៊ុនមីហ្ស៊ីដា គ្រុប មានរោងចក្រ ដុតសំរាម ទៅជាអគ្គិសនី ចំនួន ៣៣ រោងចក្រ។ លោកជឿជាក់ថា គម្រោងនេះ នឹងទទួលបានការគាំទ្រពីសាលារាជធានីភ្នំពេញ ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា។

លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ ការធ្វើកំណែទម្រង់នៃការគ្រប់គ្រង សំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ពិតជាទទួលបានលទ្ធផល គួរជាទីមោទនៈ ក្នុងនោះការដេញថ្លៃជ្រើសរើសក្រុមហ៊ុនថ្មី ដើម្បីផ្តល់សេវាប្រមូល សម្អាត និង ដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក៏បានធ្វើរួចរាល់ផងដែរ ដែល កន្លងមក ក្រុមហ៊ុនចំនួន៣ ត្រូវបានជ្រើសរើស ហើយបានចាប់ផ្តើមប្រតិបត្តិការ ការងាររបស់ខ្លួន កាន់តែល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន។ ជាលទ្ធផល មានការសាទរ និង វាយតម្លៃខ្ពស់ ពីបងប្អូនប្រជាពលរដ្ឋ ដោយបានផ្លាស់ប្តូរគុណភាពសេវា គួរឱ្យកត់សម្គាល់ មិនមានគំនរសំរាម សេសសល់ដូចមុន ការប្រមូលបានទៀងទាត់ ជាងមុន ស្អាតជាងមុន មធ្យោបាយ និងសម្ភារ បរិក្ខារប្រើប្រាស់ថ្មីជាងមុន បុគ្គលិក កម្មករច្រើន និងមានការអប់រំជាងមុន ដែលប្រការនេះ ធ្វើឱ្យមានការសាទរ ពីគ្រប់មជ្ឈដ្ឋាន នៅរាជធានីភ្នំពេញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមហ៊ុនក៏នៅ មានចំណុចខ្វះខាតមួយចំនួន ដែលត្រូវបំពេញបន្ថែមផងដែរ ដើម្បីធ្វើយ៉ាងណា ឱ្យរាជធានីភ្នំពេញ មានសោភ័ណភាព បរិស្ថានល្អ ប្រសើរជាងមុន ។

លោក ឃួង ស្រេង ក៏បានណែនាំឲ្យក្រុមហ៊ុន Mizuda Group Co., Ltd បន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដណ្តើមស្នាដៃ បន្តការវិនិយោគប្រមូល សំរាមនេះ នៅតាមបណ្ដាខេត្តផ្សេងៗទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ចំពោះក្រុមហ៊ុន ចង់វិនិយោគដុតសំរាម ទៅជាអគ្គិសនីនោះ លោក ឃួង ស្រេង បញ្ជាក់ថា ការងារនេះ ជាការងារដែលសម្រេចដោយរាជរដ្ឋាភិបាល កម្ពុជា ។ តែបើរាជរដ្ឋាភិបាលកម្ពុជា ផ្តល់លទ្ធភាពឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកចាត់ចែង នោះរដ្ឋបាលរាជធានីភ្នំពេញ និងផ្តល់ជូនក្រុមហ៊ុន មីសូដា មុនគេ៕/V/R

Post navigation