Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អក្សរសាស្ត្រ​៖ ពោធិ៍សាត់ , ភ្លាត់ , រាន , សាក់បើ , អន្ទាក់​

Views: 1

ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ពោធិ៍សាត់​

(​ពោ​–)

នាមសព្ទ​

​ឈ្មោះ​ខែត្រ​មួយ​ក្នុង​កម្ពុជរដ្ឋ​, នៅ​ជា​ខាងកើត​ខែត្រ​បាត់ដំបង ។ តាម​ពាក្យបរម្បរា​ពី​ព្រេងនាយ​តំណាល​ថា មាន​ដើម​ពោធិ៍​តូច​មួយ រសាត់​ច្រាសទឹក​មកជា​អ​ស្ច្រា​រ្យ​ប្លែក​, គេ​បាន​ស្រង់​យកទៅ​ដាំ​នៅ​ទីមួយ​, ដោយហេតុនេះ ទើប​ឲ្យ​ឈ្មោះ​ភូមិប្រទេស​នុះ​ថា ពោធិ៍​រសាត់ ព្រោះ​ពាក្យ​ថា រសាត់​និង​សាត់ នេះ​ជា​ពាក្យ​តែមួយ​ប្រើ​ជួស​គ្នា​បាន ។ លុះ​ចំណេរ​កាល​យូរអង្វែង​មក ក្លាយជា ពោធិ៍សាត់​; សព្វថ្ងៃនេះ តាំង​ជាទី​រួម​ខែត្រ​ហៅថា ខែត្រ​ពោធិ៍សាត់ ។ ឈ្មោះ​ក្រូច​មួយ​ប្រភេទ​
​ក្រូចពោធិ៍សាត់ ព្រោះ​ក្រូច​ប្រភេទ​នេះ កើត​មាននៅ​ខែត្រ​ពោធិ៍សាត់​ជាដំបូង​បង្អស់ ។ ( គួរ​កុំ​ហៅថា​ខែត្រ​ពោធិសត្វ​, ក្រូច​ពោធិសត្វ ព្រោះ ពោធិ៍សាត់ និង ពោធិសត្វ ទាំងពីរ​នេះ​មាន​អត្ថន័យ​ផ្សេងគ្នា​ឆ្ងាយ​ណាស់ ) ។​

​ភ្លាត់​

​កិរិយាសព្ទ​

​ជ្រុល​, ជ្រលួស​, លង់​ស៊ុន​, ទាស​, ទាស់ខុស​ទំនង​, ឃ្លាត​, ស៊ុន​ហួស​
​ភ្លាត់គំនិត​, ភ្លាត់ជើង​, ភ្លាត់ដៃ​, ភ្លាត់មាត់ ។​
​ភ្លាត់ចំណាប់ ភ្លាត់​ដោយ​ចាប់​មិន​ស៊ប់​, មិន​មាំ ។ ភ្លាត់ឆ្អឹង ឃ្លាត​ឆ្អឹង​ខុសពី​ប្រក្រតី​ដោយ​ដួល​ឬ​ទង្គិច​ជាដើម ។ ភ្លាត់ភ្លាំង ឬ ភ្លាំងភ្លាត់ ភ្លាត់​ដោយ​ភ្លេចភ្លាំង ។ ភ្លាត់ស្នៀត លង់​ស្នៀត​, លង់​ល្បិច ។ ល ។​

​រាន​

​នាមសព្ទ​

​គ្រែ​វាល​ឬ​មាន​ដំបូល មាន​សសរ​ដាំ​ក្នុង​ដី​សម្រាប់​អង្គុយ​លំហើយ ឬ​សម្រាប់​ដាក់​អីវ៉ាន់​លក់​ជាដើម ។ រានភ្លើង រាន​វាល​ខ្ពស់​ដាក់​ពំនូកដី​ពីលើ សម្រាប់​បង្កាត់ភ្លើង​ឲ្យ​ឆេះ​សន្ធោ​យក​ពន្លឺ​ក្នុង​វេលាយប់ ។ រានមាន់ រាន​ធ្វើ​ឲ្យ​មាន់នៅ ។ រានហាល រាន​វាល​ជាប់​នឹង​ផ្ទះ​សម្រាប់​ហាល​អ្វីៗ ។ លក់​រាន ដាក់​អីវ៉ាន់​លើរាន​លក់ ។ ល ។​

​កិរិយាសព្ទ​

​កាប់​គាស់​រម្លើង​ទី​ដី​, ព្រៃ ឲ្យ​កើត​បានជា​ស្រែ​, ចម្ការ​, ភូមិលំនៅ​
​រានស្រែ​, រានចម្ការ​, រានភូមិ ។​
​ជម្នះ​ចូល​ឲ្យ​បាន​ជឿន​ទៅមុខ​
​រានទី ( ជម្នះ​ចូល​យក​ទី ) ។​
​រវះរវាម​; មិន​រើសអើង​
​មនុស្ស​រានចំណី​, គោ​រាន​ស្មៅ ។​
​រានទន្ទ្រាន ទន្ទ្រាន​ចូល​ឥត​ញ​ញើ​ត‍​‍​ ។​

​សាក់បើ​

​គុណសព្ទ​

​មធ្យម​, យ៉ាង​កណ្ដាល​, យ៉ាង​ល្មម​, សមគួរ​
​របស់​សាក់បើ​, ចំណេះ​សាក់បើ​ដែរ​ទេ ។​
​ស្មើគ្នា​, ប្រហែល​គ្នា​
​សាក់បើ​នឹង​វា ប្រហែល​នឹង​វា ( ម​. ប្រ​. ) ។ និ​. គួរ​បើ​, សមបើ : សាក់បើ​ដែរ​, គួរ​បើ​ដែរ ។ សាក់បើ​អ្វី គួរ​អ្វី ។ ពុំ​សាក់បើ ពុំសមបើ : ពុំ​សាក់បើ ស្ដីថា​ឲ្យ​គ្នា​សោះ !

​អន្ទាក់​

​នាមសព្ទ​

​ប្រដាប់​ធ្វើ​ដោយ​ខ្សែ​ឬ​ដោយ​ចម្រៀកផ្ដៅ​ជាដើម មាន​ក្រវិល​រូត​បាន សម្រាប់​ទាក់​, សម្រាប់​ដាក់​ឲ្យ​ជាប់​សត្វទ្វេបាទ​ចតុប្បាទ​ជាដើម : សត្វ​ជាប់អន្ទាក់ ។ អន្ទាក់ណែងណង អន្ទាក់​មាន​ចង​ណែងណង​ផង ។ អន្ទាក់រូត អន្ទាក់​ឥត​ដង រូត​ជាប់ ក្នុង​កាលដែល​សត្វ​ចូលក្នុងរង្វង់​ប៉ះ​ឲ្យ​រូត ។ អន្ទាក់វាត់ អន្ទាក់​មាន​ដង​វែង​មាន​គន្លឹះ កាលណា​ប៉ះ​ត្រូវ​ទំនង​ថ្លោះ​វាត់​ឡើង​រូត​ជាប់​សត្វ ។ ព​. ប្រ​. អន្ទាក់កាម កាមគុណ​ដែល​ទុកដូចជា​អន្ទាក់​ទាក់​សត្វលោក ។ អន្ទាក់ដៃ ហត្ថបាស ។ អន្ទាក់មារ កិលេស​ដែលជា​គ្រឿង​ទាញ​ទាក់​សត្វលោក ។ ជាប់អន្ទាក់ ជាប់កុន​, ជាប់​ចំណោម ។ នៅក្នុង​អន្ទាក់ នៅក្នុង​ទំនាយ​ថា​មិន​បាត់​, ថា​មិន​ស្លាប់ . . .; នៅក្រៅ​អន្ទាក់ ទំនាយ​យាម​ថា​បាត់​, ថា​ស្លាប់ ( ពាក្យ​ប្រើ​ក្នុង​ក្បួន​ចាប់​យាម ) ។ ល ។​

Post navigation