Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អក្សរសាស្ត្រ​៖ ចំពូក , បន្សើច , ពំនួត , រាហុល , សាធនៈ​

Views: 1

ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ចំពូក​

​នាមសព្ទ​

​ចំណែក​, ផ្នែក , វគ្គ​
​ត្រង់​ចំពូក​ទី ១ មាន​ប្រការ ៥ , ចំពូក​ទី ២ មាន​ប្រការ ៧ ។​

បន្សើច​

​កិរិយាសព្ទ​

​គាប​ផ្លែ​កប្បាស​ដែល​មិនទាន់​ពេញ​ចំណាស់​ឲ្យ​បែក​ហា ហើយ​យកទៅដាក់​ហាលថ្ងៃ​ឲ្យ​រីក​ស្រម៉​ត្រសុស​ឡើង​, ហាក់ដូចជា​ធ្វើ​ស្រម៉កប្បាស​នោះ​ឲ្យ​សើច​
​បន្សើចកប្បាស ។​

​ពំនួត​

​នាមសព្ទ​

​ប្រដាប់​ធ្វើ​ដោយ​បន្ទះ​ឫស្សី​ឬ​ឈើ​ដែល​ស្ងួត​ស្រឹង មាន​មេ​, កូន​, អាចម៍កន្លង់ សម្រាប់​ពួត​យក​ភ្លើង​; បន្ទះ​ខាងក្រោម​បិត​ជម​ជ្រុង​ខាងលើ​ជា​ទ្រនុង​ហៅថា មេ​ពំនួត​, បន្ទះ​ខាងលើ​ឆ្កៀល​ជា​ក្រហូង​ពី​ខាងក្នុង​ដើម្បី​ដាក់​អាចម៍កន្លង់ មាន​ហែប​ពី​ខាងក្រោម ហៅថា កូន​ពំនួត​, មាន​បន្ទះ​មួយទៀត​ដាក់​អប​ផ្ទប់​ពីលើ សម្រាប់​កាន់​ផ្គួប​គ្នា​សង្កត់​ពួត​
​ពំនួតភ្លើង ។​
​ព​. ទ​. បុ​. សូវ​ឲ្យ​ភ្លើង កុំ​ឲ្យ​ពំនួត​, សូវ​ឲ្យ​សាច់​ត្រកួត កុំ​ប្រាប់​ព្រៃ មាន​អត្ថន័យ​ថា បើ​មិន​ទុកចិត្ត​ទេ​សូវ​យក​ខ្លួន​ទៅ​ជួយ​ធើ្វ​កិច្ចការ​ពេញកម្លាំង តែ​កុំ​ប្រាប់​ចំណេះ​និង​ល្បិច​ដែល​ក្រ​ដែល​កំបាំង ( ហៅថា ព្រនួត ក៏មាន តាម​ទម្លាប់​ដោយ​ស្រុក​; ប៉ុន្តែ​គួរ​យល់​ប្រភព​ពាក្យ​ថា ពំនួត មកពី ពួត​, បើ ព្រនួត មានតែ​មកពី ព្រួត​, ឃើញថា​ពុំ​ត្រូវ​ទេ ត្រូវតែ​ប្រើ ពំនួត វិញ​; បើ​ធៀប​ឲ្យ​ឃើញច្បាស់​, ដូចជា កំណាត់ មកពី កាត់​, ទំនប់ មកពី ទប់​, បែរជា​ភ្លាត់​ប្រើ​ជា ក្រណាត់​, ទ្រ​នប់ ទៅវិញ​ដូច្នោះ​ដែរ​, ខុសពី​ប្រភពរ​បស់ពាក្យ ) ។​

​រាហុល​

(—​ហ៊ុល​)

​នាមសព្ទ​

(​សំ​. បា​. < រាហុ “​រាហូ​” + លា “​ចាប់​” > ល = រាហូ​ចាប់​) ព្រះនាម​របស់​ព្រះរាជ​ឱរស​នៃ​ព្រះ​សក្យមុនី​គោតម (​កាលដែល​ព្រះមហា​សត្ត​សិទ្ធត្ថៈ ទ្រង់​បាន​ជ្រាប​ដំណឹង​ថា ” ព្រ​រាជបុត្រ​ប្រសូត​ហើយ “, ទ្រង់​លាន់​ព្រះ​ឱស្ឋ​ថា “​រាហូ​ចាប់​អញ​ហើយ​តើ​! ចំណង​កើត​ហើយ​តើ !” គឺ​ទ្រង់​ប្រៀប​ថា​ព្រះរាជបុត្រ​ទុក ដូចជា រាហូ​និង​ចំណង​ចាប់ចង​ព្រះអង្គ​; ដោយហេតុនេះ បានជា ព្រះបាទ​សិរី​សុទ្ធោទនៈ​ព្រះអង្គ​បាន​ជ្រាប​ការណ៍​នេះហើយ ទើប​ទ្រង់​ព្រះរាជទាន នាម​ព្រះរាជ​នត្តា​របស់​ព្រះអង្គ​ថា រាហុល ) ។​

​សាធនៈ​

(​សា​ធៈនៈ​)

​នាមសព្ទ​

(​សំ​. បា​. សាធន (​ព​. វ​.) “​ការសម្រេច​; គ្រឿង​ផ្គត់ផ្គង់​ប្រមូល​ឲ្យ​កើត​បានជា​នាមសព្ទ​នីមួយ​” )​ពាក្យ​ដែល​សម្រេច​មក​អំពី កិរិយាសព្ទ ឬ អំពី គុណសព្ទ ដោយមាន​វិគ្រោះ​ជាទី​តាំង ចេញ​មកជា នាម​នាម​, ខាង​បាលី ដូចជា ទ្វី​ហា​ទី​ហិ​- ជ​នេ​ហិ​- ស​ហក​ម្មំ​- កា​តុំ​- សី​លម​ស្សា​តិ > សហការី “​ជន​អ្នកមាន​កិរិយា​ធ្វើ​នូវ​កិច្ចការ​ជាមួយនឹង​ជន​ទាំងឡាយ តាំងពី​ពីរ​នាក់​ឡើង​ទៅជា​ប្រក្រតី ហៅថា សហការី​”, បើ​ស្ត្រី​ហៅថា សហការិណី ឬ សហការិនី​, ប្រែ​សម្រួល​សេចក្ដី​ថា “​អ្នកធ្វើការ​ជាមួយគ្នា​”; ទា​នំ​-​ទេ​តី​តិ > ទាយក “​អ្នក​ឲ្យ​ទាន អ្នក​ឲ្យ​នូវ​អំណោយ​”, បើ​ស្ត្រី​ជា ទាយិកា ។ សហការី ឬ សហការិណី​; ទាយក​, ទាយិកា នេះ​ជា សាធនៈ ឬ​ជា កិតនាម ព្រោះ​មាន​វិគ្រោះ​ជាទី​តាំង ប្រមូល​បង្កើតបានជា នាម​នាម ខាង​ភាសាបាលី ។ ឯខាង​ភាសា​ខ្មែរ ក៏មាន​ពាក្យ​ជា សាធនៈ នេះ​ច្រើនណាស់​, ពោល​ដោយ​សង្ខេប​, កិរិយាសព្ទ ដែល​ចេញ​មកជា នាម​នាម ដូចជា កំណាត់ < អ្វីដែល​គេ​កាត់ ( កាត់ > កំណាត់ ); បំណង < គំនិត​ដែល​គេ​នឹក​ប៉ង ( ប៉ង > បំណង ); ចង់ > ចំណង់​; ចេះ > ចំណេះ​; អរ > អំណរ ។ ល ។ គុណនាម ចេញ​មកជា នាម​នាម ដូចជា ខ្ពស់ > កម្ពស់​; តូច > តំណូច​; ធំ > ទំហំ​; ទាប > ទំនាប ។ ល ។ នាម​នាម មាន​ប៉ុណ្ណេះ​ជាដើម​នេះ​ហៅថា សាធនៈ ឬ ហៅថា កិតនាម ក៏បាន ។ ត្រូវ​ប្រើ​ថា ខ្ញុំ​មានបំណង​, ខ្ញុំ​មាន​អំណរ​….​កុំ​ប្រើ​ថា ខ្ញុំ​មាន​សេចក្ដី​បំណង​, ខ្ញុំ​មាន​សេចក្ដី​អំណរ ដូច្នេះ​ឡើយ ព្រោះ បំណង​, អំណរ ជា សាធន ឬ​ជា កិតនាម ស្រេច​ទៅហើយ ។​ល​។​

Post navigation