Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អក្សរសាស្ត្រ​៖ ចំនៀរ , បន្ទុំ , ពោនស្វា , រាស្ត្រ , សាខា​

Views: 1

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ចំនៀរ​

​នាមសព្ទ​

​ចំណិត​ឬ​កំណាត់​ដែលចៀរ​
​ចំនៀរក្រដាស ។​
​ចំណិត​, ប៉ែក​តូច​វែង​
​ចំនៀរ​ដី ។​

​បន្ទុំ​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​ទុំ​
​បន្ទុំចេក​, បេះ​ផ្លែទៀប​ពេញ​ចំណាស់​យកមក​បន្ទុំ ។​
​បន្ទុំក្រចក យក​ស្លឹក​ក្រពេន​ដែល​បុក​ឬ​ដែល​ដំ​ឲ្យ​ល្អិត មក​រុំ​ត្រង់​ក្រចកដៃ​ឲ្យ​ដិត​ឡើង​សម្បុរ​ក្រហមទុំ រាប់​ថា​ជា​លំអ​របស់​អ្នក​ដែល​ត្រូវការ ។ បន្ទុំបារមី បំពេញ​បារមី​ទាំង ១០ ឲ្យ​ពេញ​បរិបូរ​ហាក់ដូចជា​ផ្លែឈើ​ដែល​ដល់កំណត់​ទុំ ដើម្បី​ឲ្យ​សម្រេច​ពោធិញ្ញាណ ( ម​. ព​. ទសបារមី ផង ) ។​

​ពោនស្វា​

​នាមសព្ទ​

​ឈ្មោះ​ឈើ​មួយ​ប្រភេទ ស្លឹក​សណ្ឋាន​ស្រដៀង​នឹង​ស្ដៅ ប្រើ​ជា​ចំណី​គោ ។​

​រាស្ត្រ​

(​រាស​)

​នាមសព្ទ​

(​សំ​. រា​ឞ្ត្រ​; បា​. រដ្ឋ​) ដែន​, ប្រទេស​; អ្នក​នៅក្នុង​ដែន​, ប្រជាជន ។ ខ្មែរ​ប្រើពាក្យ​នេះ សំដៅ​សេចក្ដី​ថា “​ប្រជាជន​សម្រាប់​ដែន ( ក្រៅពី​ពួក​ក្សត្រិយ៍​និង​នាហ្មឺន )”
​ពួក​រាស្ត្រ​, កែន​រាស្ត្រ ។​
​រាស្ត្រទាស រាស្ត្រ​ជា​ខ្ញុំបម្រើ​គេ​ឬ​បណ្ដារាស្ត្រ​ដែល​ទុក​ថា​ជា​ខ្ញុំ​ម្ចាស់ផែនដី ។ រាស្ត្រប្រជា ឬ ប្រជារាស្ត្រ ពួក​ជន​ចំណុះ​ដែន ។ បណ្ដារាស្ត្រ រាស្ត្រ​ទាំងឡាយ​, រាស្ត្រ​គ្រប់គ្នា ។ អាណាប្រជារាស្ត្រ ប្រជារាស្ត្រ​ក្នុង​អាណាចក្រ​នីមួយ ។ អាណាប្រជានុរាស្ត្រ ( <​អាណា + ប្រជា + អនុ + រាស្ត្រ​) ប្រជារាស្ត្រ​ធំ​តូច​ក្នុង​អាណាចក្រ​នីមួយ ។ ល ។ (​ម​. ព​. រដ្ឋ និង ប្រជា ផង​) ។​

សាខា​

​នាមសព្ទ​

(​បា​.; សំ​. ឝា​ខា​) មែក : បែក​សាខា ។ សាខាកាល កាល​រាយរង​បែក​ចេញពី​កាល​ធំ ៣ គឺ បច្ចុប្បន្នកាល​, អតីតកាល​, អនាគតកាល ( ពាក្យ​សម្រាប់​ប្រើ​ក្នុង​វេយ្យាករណ៍​បាលី ត្រង់​អាខ្យាត ) ។ សាខានគរ ក្រុង​រង​ឬ​ក្រុង​រាយរង​, ក្រុង​តូច​ដែលជា​ចំណុះ​ក្រុង​ធំ ។ សាខាបសាខា ( –​ប៉ៈ​– ) មែក​តូច​និង​មែក​ធំ ។ សាខាប្រទេស ឬ –​រដ្ឋ ប្រទេស​ឬ​ដែន​ដែលជា​រណប​គេ​, ដែលជា​ចំណុះ​គេ ។ សាខាពាណិជ្ជ ឬ –​ពាណិជ្យ ពាណិជ្ជ​រង​ឬ​រាយរង​ដែល​បែកមែក​ចេញពី​ពាណិជ្ជ​ធំ ។ សាខាម្រឹគ ស្វា​; ពួក​សត្វ​ដែល​លោត​តោង​មែកឈើ​បាន​
​ស្វា​, ទោច​, កំប្រុក​…​ជា​សាខាម្រឹគ ។ សាខាសមាគម សមាគម​រង ។ ល ។​

Post navigation

Related Post