Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អក្សរសាស្ត្រ​៖ ខ្នង , គូទ , ឃ្វិច , ចម្ប៉ា , ជប​

Views: 3

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ខ្នង​

​នាមសព្ទ​

​ចំណែក​រាងកាយ​មនុស្ស និង សត្វ​ត្រង់​ប៉ែក​ខាង​ក្រោយពី​ត្រឹម​ស្មា​ទាំងពីរ​ចុះទៅ​ដល់​ចង្កេះ​
​ខ្នងមនុស្ស​, ខ្នងសត្វ ។​
​ចំណែក​ខាងលើ​ដែល​កំពុង ឬ រាប​របស់​អវយវៈ ឬ វត្ថុ​នីមួយៗ ក៏​ហៅ ខ្នង ដែរ​
​ខ្នងដៃ​, ខ្នងជើង​, ខ្នងភ្នំ​, ខ្នងឫស្សី​, ខ្នងសំបុត្រ ជាដើម ។​

​គូទ​

​នាមសព្ទ​

(​សំ​. បា​. គុទ​) អវយវៈ​ត្រង់​ចំណែក​កាយ​ខាងក្រោយ​ជិត​វច្ចទ្វារ​
​ដាក់​គូទ​អង្គុយ ។​
​ប៉ែក​អវយវៈ​នេះ​បុរាណ​ពី​ដើម​ហៅថា តពោក ឬ ត្រពោក​; សូម្បី​សព្វថ្ងៃនេះ អ្នក​បាត់ដំបង​, អ្នក​សៀមរាប​ជាដើម ក៏​នៅ​ប្រើពាក្យ​នេះដែរ​
​ដាក់​តពោក​អង្គុយ ( ម​. ព​. នោះ ) ។ ប្រើ​ដោយ​ច្រឡំ​សរសេរ គូថ​, ត្រូវ​ប្រើ គូទ វិញ​ទើប​ត្រឹមត្រូវ ។​

​ឃ្វិច​

នាមសព្ទ​

​ឈ្មោះ​ក្រូច​មួយ​ប្រភេទ សំបក​ស្ដើង​ផុយ​ងាយ​បក ផ្លែ​ប្រើ​បរិភោគ​ជា​ចំណី​លាង​មាត់​
​ក្រូចឃ្វិច ។​

​ចម្ប៉ា​

(​ចំប៉ា​)

​នាមសព្ទ​

(​បា​. ចម្បក​; សំ​. ចម្បក​, ច​ម្បា​) ឈ្មោះ​ឈើ​ពួក​មួយ​មាន​ផ្កា​ក្រអូប​ឈ្ងប់​; មាន​ពីរ​យ៉ាង គឺ ចម្ប៉ាស​, ចម្ប៉ាក្រហម ។​

នាមសព្ទ​

(​សំ​. បា​.​ច​ម្បា​) ឈ្មោះ​រាជធានី​មួយ​របស់​ដែន​អង្គៈ ក្នុង​ម​ជ្ឍិ​ម​ប្រទេស (​ឥណ្ឌា​) ពី​ក្នុង​បុរាណសម័យ​យូរហើយ ។​

នាមសព្ទ​

​ឈ្មោះ​ដែន​មួយ​នៅ​ខាង​ទិស​បូព៌ា​នៃ​កម្ពុជរដ្ឋ​, មានឈ្មោះ​ប្រាកដ​តែ​ពី​ក្នុងសម័យ​មហានគរ (​នគរធំ​), ជា​ដែន​របស់​ពួក​មនុស្សជាតិ​ចាម្ប៍ ឬ ចាម ។​ល​។ លុះ​ចំណេរ​កា​លត​មក​ពួក​មនុស្សជាតិ ត័ង​កៀ មានអំណាច​គ្រប​សង្កត់​លើ ក៏​ដេញ​កម្ចាត់​ពួក​ចាម ចេញ​អស់ ។​ល​។ ពួក​ខ្លះរ​ត់ម​កនៅ​អាស្រ័យ​ក្នុង​កម្ពុជរដ្ឋ​ជាប់​ហៅថា ចាមៗ រៀង​មកដល់​សព្វថ្ងៃនេះ ។​ល​។ ពួក ត័ង​កៀ តាំង​នាម​ដែន ចម្ប៉ា ទាំងមូល​ហៅថា អណ្ណាម ជាប់​រៀងមក ។​ល​។ គោល​ចារឹក​និង​បុរាណវត្ថុ​ជា​កេរ្តិ៍ដំណែល​របស់​ពួក​ចាម ច្រើន​មាន​ប្រាកដ​នៅ​តំបន់ ទួ​រ៉ា​ន ក្នុង​ដែន អណ្ណាម សព្វថ្ងៃនេះ ។​

​ជប​

(​ជប់​)

កិរិយាសព្ទ​

(​សំ​.​បា​.) ខ្សឹប​; ស្វាធ្យាយ​ខ្សឹបៗ​, សូត្រ​រាយ​មន្ដអាគម​ខ្សឹបៗ ឬ​សូត្រ​នឹក​តែ​ក្នុង​ចិត្ត​; ប្រឡេះ​ផ្គាំ​សូត្រ​ខ្សឹបៗ ឬ​សូត្រ​ដោយ​នឹក​តែ​ក្នុង​ចិត្ត ។​

​នាមសព្ទ​

​កិរិយា​ខ្សឹប​, ដំណើរ​សូត្រ​ខ្សឹបៗ ឬ​សូត្រ​នឹក​តែ​ក្នុង​ចិត្ត ។​មាន​សេចក្ដី​តំណាល​ក្នុង​រឿងរ៉ាវ​ពី​ព្រេងនាយ​ថា ឥសី​ជប នោះ​គឺ​ឥសី​សូត្រ​រាយមន្ដ​អាគម​ខ្សឹបៗ ឲ្យ​កើត​បានជា​អ្វីៗ តាម​បំណង ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ឯទៀត អ​. ថ​. ជ​:​ប​: ដូចជា ជបក​: ( –​ក​:; សំ​. បា​. ជបក ) អ្នក​ជប ។ បើ​ស្ត្រី​ជា ជបិកា ។ ជបករណ៍ ( –​ក​; សំ​.​បា​. ជបករណ ) ដំណើរ​ជប​, ការ​ជប ។ ជបកម្ម ( –​ក័​ម ) ដូចគ្នា​នឹង ជបករណ៍ ។ ជបការ ឬ ជបការក៍ ( –​កា​; សំ​. បា​. ជបការក ) ដូចគ្នា​នឹង ជបក​: ។ អ្នក​ដែល​ចូលចិត្ត​តែ​ខាង​និយាយ​ខ្សឹប​, មនុស្ស​ហៃ​ខ្សឹប ។ បើ​ស្ត្រី​ជា ជបការិនី ឬ ជបការិកា ។ ជបនាការ ( –​ន៉ា​កា ) អាការ​ជប​, អាការ​ដែល​ជប ។ ជបមន្ត ( –​មន់ ) មន្ត​, អាគម​សម្រាប់​សូត្រ​បានតែ​ខ្សឹបៗ ឬ​សូត្រ​នឹក​តែ​ក្នុង​ចិត្ត ។ ជបមាលា (– មាលា​) កម្រង​សម្រាប់​ប្រឡេះ​សូត្រ​ខ្សឹបៗ (​ផ្គាំ​) ។ ជបលក្ខណ៍ ឬ ជបលក្សណ៍ (–​ល័ក ; បា​. ជប + លក្ខណ​; សំ​. ជប +​លក្សណ ឬ ជប + លក្សណ៑​) នាម​កុមារ​ម្នាក់​ក្នុង​រឿង​រាមកេរ្ដិ៍​ថា​កើត​ដោយ​ឥសី​ជប . . . (​ម​. ព​. ជប និង លក្ខណ​, លក្សណ​) ។ ជបសូត្រ (–​សូត​; សំ​.; បា​. ជប​សុ​ត្ត​) ផ្គាំ ។ អំបោះ​ចំណង​ដែល​គេ​សូត្រ​ខ្ស​បៗ ផ្លុំ​ប្រសិទ្ធី​សម្រាប់​ចង​បង្ការ​ភ័យ (​ប្រើ​តាម​ជំនឿ​អ្នកត្រូវការ​) ។​

Post navigation