Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អក្សរសាស្ត្រ​៖ កើត , ដើម , ភវតណ្ហា , ហូល , អគ្គ​

Views: 2

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

កើត​

​កិរិយាសព្ទ​

​តាំង​មាន​ឡើង​; ប្រកប​
​កើតរោគ​, កើតសង្គ្រាម​, កើត​មកជា​មនុស្ស​; ធ្វើកើត​, ធ្វើ​មិនកើត​, កើតការ ។​

​នាមសព្ទ​

​ឈ្មោះ​ទិស​ខាង​ព្រះអាទិត្យ​រះ គឺ​ទិសបូព៌​
​ទិសខាងកើត​, ឈរ​បែរមុខ​ទៅ​ឯកើត ។ ឈ្មោះ​ចំណែក​ថ្ងៃ​ខាង​ខ្នើត គឺ​តាំងពី​ថ្ងៃទី ១ ទៅដល់​ថ្ងៃទី ១៥ : ថ្ងៃ ១ ᧡ ៣ (= ថ្ងៃអាទិត្យ ១ កើត​ខែមាឃ​) ។​

​ដើម​

​នាមសព្ទ​

​គល់​, ភាគ​ជាដំបូង​, ជាមុន : ដើមដៃ​, ដើមទ្រូង​, ដើមផ្លូវ ។ សំណុំ​ខ្លួន​, តួខ្លួន : ដើមឈើ​, ដើម​ពោត​; ឈើ​១​ដើម​, ឫស្សី​១​ដើម​, ដែក​១​ដើម ។ ដើមការ អ្នក​ផ្ដើម​ធ្វើការ​, ម្ចាស់ការ ( ប្រើ​ចំពោះតែ​ការ​កុសល​ឬ​មង្គលការ​ផ្សេងៗ ) ។ ដើមគំនិត អ្នក​ផ្ដើម​គិត​ជា​មុនគេ ។ ដើមចម ដើមហេតុ​ដែល​ជាធំ​ក្នុង​ដំណើរ​, ក្នុង​រឿង​អ្វីមួយ ។ ដើមចោទ អ្នក​ផ្ដើម​ចោទ​មុន , រូប​ចោទក៍ ។ ដើមដង សំណុំ​, លំនាំ​, ទំហំ នៃ​ដើម​ដំណាំ​ផ្សេងៗ : ពោត​ឆ្នាំនេះ​មាន​ដើមដង​ល្អ​គ្រាន់បើ​ជាង​ពី​ក្នុង​ឆ្នាំមុន ។ ដើមដំបូង គ្រា​មុន​បង្អស់ ។ ដើមទង ទងគន្លង​, ទំនង​ជាមុន​បង្អស់ ។ ដើមទុន ប្រាក់​ដើម សម្រាប់​ប្រកបការងារ​យកចំណេញ ។ ដើមទ្រព្យ ទ្រព្យ​ដែល​មិន​ចាយវាយ​ទុក​ឲ្យ​នៅ​ជា​ប្រធាន​, ជា​មេ​នៃ​ទ្រព្យ​ក្នុងផ្ទះ ។ ដើមបណ្ដឹង អ្នកប្ដឹង​មុន ។ ដើមបុណ្យ អ្នក​ផ្ដើម​ធ្វើបុណ្យ ( ម្ចាស់​បុណ្យ ) ។ ដើមហេតុ ហេតុ​ដំបូង ។ ដើមឡើយ និ​. កាល​មុន​, គ្រា​ដំបូង ។ ដើមអាទិ​, ដើមធាន ឬ ដើមអាទិ​ដើមធាន ( អ​. ថ​. ––​អាត ) អ្នក​នាំ​ផ្ដើម​មុនគេ​; ហេតុ​, ដំណើរ​, សេចក្ដី​ដែល​ផ្ដើម​មុន​បង្អស់​។​ល​។​

​ភវតណ្ហា​

(​ភៈវៈតន់ហា​)

​នាមសព្ទ​

(​បា​.; សំ​. ភ​វ + ត្ឫ​ឞ្ណា​) ចំណង់ , តម្រេក​, សម្រេក ក្នុង​ភព គឺ​សេចក្ដី​ចង់​កើត​ចង់​មាន​ក្នុង​ភព ( ម​. ព​. ភព និង តណ្ហា ផង ) ។​

ហូល​

នាមសព្ទ​

​ឈ្មោះ​សំពត់សូត្រ​របស់​ខ្មែរ ត្បាញ​ដោយ​សូត្រ​ចង​គាធ​លើក​ជា​គោម​ជា​ក្រឡា​ក្បាច់រចនា​វិចិត្រ​ផ្សេងៗ​តាម​ចំណេះ​និង​សេចក្តី​ពេញចិត្ត​នៃ​អ្នក​ត្បាញ​, ជាការ​យ៉ាង​ល្អិត​ធ្វើ​ដោយ​ផ្ចិតផ្ចង់​មមឹះមមៀវ របស់​ស្ត្រី​ខ្មែរ​
​ហូលប្រុស​, ហូលស្រី ។ ហូលជរ ហូល​ដែល​ត្បាញ​លើក​ជា​ក្បាច់​ជរ​ត្រង់​ជាយ​។ ព​. កា​. ថាៈ មេបា​ស្លៀក​ហូលជរ សម្ដី​ខ្ទរ​ប្រកាន់​ច្បាប់ ឲ្យ​ត្រូវ​តាម​ទម្លាប់ សណ្ដាប់ធ្នាប់​ទម្រង់ការ ។ ពី​បូរាណ​ព្រេងព្រឹទ្ធ ត្រូវតែ​គិត​តាម​វោហារ ចាស់ទុំ​ជា​អាចារ្យ ទើប​កិច្ចការ​បាន​ចម្រើន ។​

​អគ្គ​

(​អ័ក​-​គៈ​)

​នាមសព្ទ​

(​បា​. ឬ សំ​.) កំពូល​; ចុង​, ចុង​ដែល​ខ្ពស់​; ចំណែក​ឬ​ប៉ែក​ខាងដើម​ឬ​ខាងមុខ​បំផុត ។ គុ​. ខ្ពស់​, ខ្ពង់ខ្ពស់​, ខ្ពស់បំផុត​; លើស​, លើសលន់​, លើសលុប​, ឧ​ត្ត​ម​, ប្រសើរ​, ប្រសើរ​បំផុត​, ផុត​ថ្នាក់​, ផុត​លេខ​; ឯក​, ជា​ឯក​, យ៉ាង​ឯក​; ធំ​, ធំចម្បង​, ធំ​បណ្ដាច់​, មុន​, មុន​បំផុត​; មានតម្លៃ​; ថ្មោង ។ អគ្គជៈ ឬ អគ្រជៈ បង​បង្អស់ (​បើ​ស្ត្រី​ជា អគ្គជា ឬ អគ្រជា​) ។ អគ្គជាយា ឬ អគ្រ​— ( រ​. ស​. ) ភរិយា​ធំចម្បង ( អគ្គមហេសី ឬ រាជមហេសី ) ។ អគ្គដ្ឋាន ឬ អគ្រស្ថាន ទី​ខ្ពស់​; តំណែង​ឬ​ឋានន្តរ​ខ្ពស់បំផុត ។ អគ្គទក្ខិណេយ្យបុគ្គល ទក្ខិណេយ្យបុគ្គល​ខ្ពង់ខ្ពស់ ( ព្រះពុទ្ធ​, ព្រះ​បច្ចេកពុទ្ធ​, ព្រះអរហន្ត ) ។ អគ្គទាន ឬ អគ្រ​— ទាន​ដ៏​ប្រសើរ​។​អគ្គទេវី អគ្គមហេសី ។ អគ្គទេសាភិបាល ឋានន្តរ​មន្ត្រីជាន់ខ្ពស់​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​មហាអំណាច​ណាមួយ ចាត់តាំង​ឲ្យ​ទៅ​ត្រួតត្រា​ស្រុក​ចំណុះ ដូច​យ៉ាង​មន្ត្រី​បារាំង​ដែល​ត្រួតត្រា​ឥណ្ឌូចិន ក្នុង​សម័យមុន​ឯករាជ្យ​ជាដើម ( បារ​. Gouverneur Général ) ។ អគ្គនាយក នាយក​ធំ​, ចាងហ្វាង​ធំ ។ អគ្គបណ្ឌិត ឬ អគ្រ​— បណ្ឌិត​ខ្ពង់ខ្ពស់​, អ្នកប្រាជ្ញ​ថ្នាក់ខ្ពស់ ។ អគ្គបុគ្គល បុគ្គល​ថ្នាក់ខ្ពស់ ។​អគ្គបុរស បុរស​ឧ​ត្ត​ម ។ អគ្គពាហា ដើមដៃ ។ អគ្គភាព ភាព​ឬ​ភាវៈ​ជាធំ​ចម្បង ។ អគ្គភូមិ ឬ អគ្រ​— ថ្នាក់ខ្ពស់​, ជាន់ខ្ពស់ ។​អគ្គភោជន ឬ អគ្រ​— ភោជន​មានតម្លៃ​; ភោជន​ថ្មោង ។ អគ្គមន្ត្រី ឬ អគ្រ​— មន្ត្រី​ផុត​លេខ ។ អគ្គមហាបណ្ឌិត មហាបណ្ឌិត​ថ្នាក់ខ្ពស់ ។​អគ្គមហាមាត្យ​, អគ្គមហាសេនា ឬ អគ្គមហាសេនាបតី​, អគ្គមហាសេនាធិបតី ( —​ប៉ៈ​ដី ) អធិបតីនៃសេនាបតី ។ អគ្គមហេសី ឬ អគ្រ​— មហេសី​ធំចម្បង​។ អគ្គយាន ឬ អគ្រ​— យាន​ប្រសើរ​បំផុត ។ អគ្គយោធី ឬ អគ្រយោធិន សេនាប្រមុខ​, ស្ដេច​សឹក ។ អគ្គរាជ ព្រះរាជា​ជាធំ​ចម្បង​, អធិរាជ ។ អគ្គរាជទូត រាជទូត​ធំ​, រាជទូត​ចម្បង ។ អគ្គលេខាធិការ លេខាធិការ​ធំ ។ អគ្គវាចា ឬ អគ្រសព្ទ ពាក្យ​ខ្ពស់ ។ អគ្គសាវ័ក ឬ អគ្រសាវ័ក ( —​វ៉ា​ក់ ) សាវ័ក​ធំ​; បើ​ស្ត្រី​ជា អគ្គសាវិកា ឬ អគ្រស្រាវិកា ( ម​. ព​. សាវក ឬ សាវ័ក ផង ) ។ អគ្គសេនាបតី ( —​ប៉ៈ​ដី ) សេនាបតី​ធំ​បណ្ដាច់ ។ អគ្គាធិការ អធិការ​ធំ ។ អគ្គានុរក្ស អនុរក្ស​ធំ​, អ្នក​ត្រួត​មើល​ការខុសត្រូវ​ទួទៅ​, អ្នកឃ្លាំមើល​ពុត​ឬ​កិរិយាមារយាទ​អ្នកធ្វើការ​ផ្សេងៗ​កុំ​ឲ្យ​ធ្វេសប្រហែស​ក្នុង​មុខការ ។ អគ្គាសនៈ ( បា​. < អគ្គ + អាសន ) អាសនៈ​ខ្ពស់​ឬ​ប្រសើរ ។ ល ។ ឯកអគ្គ ឬ —​អគ្រ ( អែក​-​អាក់ ) គុ​. ដែលមាន​តែមួយ​ឬ​មានតែ​ម្នាក់​ប្រសើរ​ជាងគេ ( ម​. ព​. ឯក ទៀតផង ) ។ ល ។​

Post navigation