Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អក្សរសាស្ត្រ​៖ លង្វែក , វស្សា , សង្កេត , ហួងហែង , ឧបការី​

Views: 1

ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​លង្វែក​

នាមសព្ទ​

​កាល​ឬ​សម័យ​ជា​ចន្លោះ​, ជា​រវាង​
​លង្វែក​សាសនា ។​
​ទី​ឬ​ច្រក​ជា​ចន្លោះ​, ជា​រវាង​
​ដើរ​តាម​លង្វែក​ផ្ទះ ។​

​នាមសព្ទ​

​ឈ្មោះ​ខែត្រ​មួយ​ក្នុង​កម្ពុជរដ្ឋ​ពី​សម័យបុរាណ​, តម​ក តាំង​ជា​ស្រុក ហៅថា ស្រុក​លង្វែក នៅក្នុង​ខែត្រ​កំពង់ឆ្នាំង​, លុះ​ចំណេរ​តម​ក​ក្រោយ​ទៀត ដាក់​ទៅជា ស្រុក​កំពង់ត្រឡាច វិញ​នៅក្នុង​ខែត្រ​ដដែល ដរាប​ដល់​សព្វថ្ងៃ ។ ឈ្មោះ​បន្ទាយ​មួយ​ជា​រាជធានី​ចាស់​របស់​កម្ពុជរដ្ឋ​, ឋិត​នៅ​ខាង​ទិសឦសាន​នៃ​បន្ទាយ​ឧដុង្គ​មានជ័យ​
​បន្ទាយលង្វែក​; សព្វថ្ងៃនេះ ត្រង់​បន្ទាយ​ចាស់​នោះ រាជរដ្ឋាភិបាល​បាន​តាំង​ជា​បន្ទាយ​ខេមរភូមិន្ទ មិន​ឲ្យ​បាត់​ដំណែល​ចាស់ ។​

​វស្សា​

(​វ័ស​-​សា​)

នាមសព្ទ​

(​បា​. វ​ស្ស​; សំ​. វ​ឞ៌​, វ​រ្សា​) ឆ្នាំ​; ភ្លៀង​; រដូវភ្លៀង ។ កាន់​វស្សា ឬ ចាំ​វស្សា នៅ​រក្សា​អរុណ​ក្នុង​រដូវភ្លៀង ក្នុង​ទី​មានកំណត់​របស់​បព្វជិត​ពុទ្ធសាសនិក ។ ខែវស្សា ខែ​មាន​ភ្លៀង (​ព​. ផ្ទ​. ខែប្រាំង​) ។ ចូល​វស្សា ប្ដេជ្ញា​ថា នៅក្នុង​រដូវភ្លៀង​ក្នុង​ទី​មានកំណត់​របស់​ភិក្ខុ​សាមណេរ ។ ចេញ​វស្សា នៅចាំ​វស្សា​គ្រប់គ្រាន់​តាម​កាលកំណត់​ហើយ ។ ចំណេញ​វស្សា សម័យ​ដែល​ពួក​បព្វជិត​ពុទ្ធសាសនិក​ចេញ​វស្សា​ហើយ គឺ​កាល​ជា​ខាងចុង​នៃ​វស្សានរដូវ ។ ដាច់​វស្សា នៅ​ឲ្យ​កន្លង​អរុណ​ក្នុង​ទី​ក្រៅ​អាវាស​ដែល​កំណត់​ចាំ​វស្សា របស់​ភិក្ខុ​សាមណេរ ។ ទៀនវស្សា ទៀន​ធំ​ដែល​ទាយក​ប្រគេន​ភិក្ខុសង្ឃ​ឲ្យ​អុជ​ក្នុង​រដូវភ្លៀង​. . .​។ មួយ​វស្សា មួយ​រដូវភ្លៀង​
​បួស​បាន​មួយ​វស្សា ។ សំពត់​ចំណាំ​វស្សា សំពត់​ដែល​ទាយក​ប្រគេន​ភិក្ខុ​សាមណេរ​អ្នក​នៅចាំ​វស្សា​រួចហើយ ។​ល​។​

​សង្កេត​

នាមសព្ទ​

(​សំ​. បា​.) ការកំណត់​, ការ​មត់គ្នា​, ណាត់គ្នា​, ប្ដេជ្ញា​គ្នា​; ការយល់​ព្រមជាមួយ​; សញ្ញា​; ការពិនិត្យ​ឲ្យ​ឃើញច្បាស់​
​ធ្វើតាម​សង្កេត ។ ខ្មែរ​ច្រើន​ប្រើ​ជា កិ​. សំដៅ​សេចក្ដី​ថា “​ពិនិត្យ​, ចំណាំ​, គ្នេរគ្នាន់​, រំពឹងមើល ឲ្យ​ឃើញ​ជាក់​” : ត្រូវ​សង្កេតមើល​សិន​; បាន​សង្កេតឃើញ​សព្វគ្រប់​ហើយ ។ សូត្របាលី​ពិនិត្យ​តាម​អក្ខរប្បភេទ : សូត្រធម៌​សង្កេត (​ម​. ព​. សង្កត់ កិ​. ផង​) ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. សង់​កេ​តៈ​; ដូចជា : សង្កេតកម្ម ការ​ឲ្យ​សញ្ញា ។ សង្កេតការណ៍ ហេតុដែល​គួរ​សង្កេត​, ហេតុ​នៃ​ការពិនិត្យ​មើល ។​
​សង្កេតភាព ដំណើរ​សង្កេត ។ សង្កេតលក្ខណៈ លក្ខណៈ​នៃ​ការពិនិត្យ​មើល ។ សង្កេតវិធី បែប​នៃ​ការពិនិត្យ​មើល ។​ល​។​

​ហួងហែង​

​កិរិយាសព្ទ​

(​ស​. ហ្វង អ​. ថ​. ហួ៎ង​”​រក្សា​, គ្រប់គ្រង​, ថែទាំ​; មិន​ចង់​ឲ្យ​”, ហន អ​.​ថ​. ហែ៎​ន​”​កាន់កាប់​,​បីបាច់​,​ចាំ​រក្សា​” > ហ្វង ហន អ​. ថ​. ហួ៎ងហែ៎ន​) កាន់កាប់​រក្សា​ឲ្យ​នៅក្នុង​អំណាច​ខ្លួន​,​ខារខាំង​មិនឱ្យ​បាន​ទៅ​អ្នកដទៃ​
​ហួងហែង​ទ្រព្យ​, ហួងហែង​រក្សា​ស្រែចម្ការ ។​
​ហែរ​ហៃ​ឲ្យ​ស្រេច​លើ​ខ្លួន​
​ម្ហូបចំណី​ទាំងនេះ​ជា​សាធារណៈ មិនត្រូវ​អ្នកណា​ហួងហែង​ទេ ! (​និយាយថា ហួងហែន ក៏មាន តែ​មិនសូវ​ប្រើ​) ។​

​ឧបការី​

(​អ៊ុ​ប៉ៈ​កា​រ៉ី​)

​នាមសព្ទ​

(​បា​. ; សំ​. ឧបកា​រិ​ន៑ ) អ្នក​ទំនុកបម្រុង​, អ្នកផ្គត់ផ្គង់​ឬ​ផ្ចុងផ្ដើម (​បើ​ស្ត្រី​ជា ឧបការិណី ឬ ឧបការិនី​) ព​. កា​. ថា​
​ឧបការី ឧបការិណី គួរ​ជន​កុំ​ធ្លោយ បំភ្លេច​គុណ​គេ ក្រែង​ខ្លួន​នឹង​ខ្សោយ ត្រូវធ្វើ​អំណោយ តបគុណ​គេ​វិញ ។ អ្នក​លុបគុណ​គេ កន្តើយ​ធ្វេសទ្វេ ពុំដែល​ចំណេញ ច្រើនតែ​ហិនហោច ទ្រព្យធន​ប្រាស​ចេញ ទើប​នឹក​ទន្ទេញ ដោយ​ក្ដី​ស្ដាយក្រោយ ។​

Post navigation