Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អក្សរសាស្ត្រ​៖ មួយក្លាយជាដប់ , រាជ្យាង្គ , វិស្សកម្ម , សាកុណិក , អន្តេវាសិក​

Views: 1

ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​មួយក្លាយជាដប់​

​ព​. ទ​. បុ​. ពាក្យទំនឹម​ទំនៀម​ជាបរ​ម្ប​រា​តៗ​មក​, មាន​អត្ថន័យ​ជា​សេចក្ដី​តំណាល​ថា មាន​បុរស​ម្នាក់ បាន​ដុំ​មាស​មក​កប់​ទុក​នៅ​ទី​ស្ងាត់​មួយកន្លែង​, ចង់ដឹង​ចរិយា​របស់ ប្រពន្ធ​, ក៏​និយាយប្រាប់​ប្រពន្ធ​ថា​
” អញ​ចូលទៅ​ជុះ​ក្នុងព្រៃ​ក្បែរផ្លូវ ស្រាប់​តែមាន​ក្អែក មួយ ចេញមក​មុន​អាចម៍ ហើរ​ប្រិច​បាត់ទៅ ”
—​ប្រពន្ធ​មាត់ឥតគម្រប ក៏​និយាយ តំណាល​ប្រាប់​គេ​តាម​សម្ដី​ប្ដី​ប្រាប់​, អ្នក​ឯទៀតៗ ក៏​ចេះតែ​និយាយប្រាប់​គ្នាតៗ ទៅទៀត​, ពី​ក្អែ​កមួយ​ទៅជា​ក្អែក​ពីរ​ក្អែក​បី រហូតដល់​ក្អែ​កដប់ … ចំណេរ​កា​លតៗ​មក ក៏​ជាប់​មាន​ពាក្យ​ដែល​ពន្លូត​បំផ្លើស​ថា មួយក្លាយជាដប់ ឬ ក្អែក​មួយ​ជា​ក្អែ​កដប់​; គេ​និយាយថា កុំ​ជឿ​អី​មួយក្លាយជាដប់​ទេ ឬថា ក្អែក​មួយ​ជា​ក្អែក​ដប់​ទេ​, មានន័យថា សម្ដី​ឬ​ដំណឹង​អ្វីដែល​ឮ​ត​ពីមួយ​មក​មួយ ពុំទាន់​ប្រាកដ​ទេ កុំអាល​ប្រញាប់​ជឿ​ភ្លាមៗ ត្រូវ​ពិនិត្យមើល​ឲ្យ​ហ្មត់ចត់​សិន . . . (​មាន​ព្រះ​បរម​ពុទ្ធោវាទ​ដូច​ក្នុង កា​លាម​សូត្រ ជាដើម​ក៏​ថ្លែង​ពី​រឿង​បែបនេះ​ច្រើន​) ។​

​រាជ្យាង្គ​

​នាមសព្ទ​

(​សំ​. < រាជ្យ + អង្គ​) អង្គ​នៃ​រាជ្យ​, អង្គ​របស់​រាជការ​; តាម​បែបបទ​បុរាណ​ថា​មាន ៩ យ៉ាង គឺ ១- មាន​ព្រះរាជា​ជា​ប្រធាន​របស់​ប្រទេស​; ២-​មាន​មហាមាត្យ​អ្នក​ឈ្លាសវៃ ជា​ប្រធាន​សម្រេច​កិច្ច​រាជការ​; ៣- មាន​ប្រទេស​ដទៃ​ជា​មិត្ត​ស្និទ្ធជិត​; ៤- មានទ្រព្យ បរិបូណ៌​ល្មម​ដល់​ការគ្រប់គ្រង​ប្រទេស​; ៥- មាន​អ្នកប្រាជ្ញ​ច្រើន​; ៦- មាន​បន្ទាយ មាំមួន​; ៧- មាន​សេនា​ទាហាន​សម្រាប់​ការពារ​រក្សា​ប្រទេស​; ៨- មាន​ប្រជាពលរដ្ឋ ស្លូតត្រង់​; ៩- មាន​រាជបុរោហិត និង​អ្នកប្រវត្តិសាស្ត្រ ដែលមាន​ចំណេះវិជ្ជា ស្ទាត់​ប្រាកដ ។​

​វិស្សកម្ម​

(​វិះ​-​សៈ​ក័​ម​)

នាមសព្ទ​

(​បា​.; សំ​. វិ​ឝ្វ​ក​ម៌​ន៑ < បា​. វិ​ស្ស​, សំ​. វិ​ឝ្វ ” ទាំងអស់​, ទាំងមូល​, សព្វគ្រប់​, គ្រប់មុខ​, គ្រប់យ៉ាង​; ទួទៅ ” + បា​. កម្ម​, សំ​. ក​ម៌​ន៑ ” អំពើ​, កិច្ចការ ” ) អ្នកធ្វើ​កិច្ចការ​បាន​គ្រប់យ៉ាង ។ នាម​ទេវបុត្រ​អ្នកមាន​ចំណេះ​ខាង​ការ​ជាង ជា​អ្នកសម្រេច​កិច្ចការ​គ្រប់យ៉ាង ថ្វាយ​ព្រះឥន្ទ្រ​
​ព្រះ​វិស្សកម្ម ឬ ព្រះ​វិស្សកម្ម​ទេវបុត្រ ។ ប្រើ​ក្លាយជា វិស្សុកម្ម ក៏មាន​, គួរ​លែង​ប្រើ ( ម​. ព​. វិស្វករ និង ពិស្ណុការ ផង ) ។​

សាកុណិក​

​នាមសព្ទ​

(​បា​.; សំ​. ឝា​កុ​ណិ​ក​) ព្រានបក្សី​, ព្រានសត្វស្លាប (​ប្រមាញ់​បក្សី​)
​ពួក​សាកុណិក ទោះ​ចូល​ព្រៃ​ញឹក រក​ទឹក​ផឹក​បាន ព្រោះ​គេ​ចំណាំ សូរ​មាត់​សត្វ​ស៊ាន គេ​ដឹងថា​មាន ទឹកជ្រោះ​ជាដើម ។ (​ស្ដ្រី​ជា សាកុណិកា​) ។​

​អន្តេវាសិក​

​នាមសព្ទ​

(​បា​.; សំ​. អន្តវាសិន៑ ឬ អន្តេវាសិន៑ “​អ្នក​ច្រើនតែ​នៅក្នុង​សម្នាក់​ឬ​ក្នុង​ទីជិត​គ្រូ​” ) សិស្ស​, កូនសិស្ស ( ប្រើ​ជា អន្តវាសិន ឬ អន្តេវាសិន ក៏បាន​; សិស្ស​ស្ត្រី​ជា អន្តវាសិនី ឬ អន្តេវាសិនី ) ។ អន្តេវាសិក ( ដោយ​សង្ខេប ) មាន ៥ ប្រភេទ​គឺ​
១- បព្វជ្ជន្តេវាសិក សិស្សបំបួស ( ឲ្យ​បានជា​សាមណេរ );
២- ឧបសម្បទន្តេវាសិក សិស្សសូត្រ ( ឲ្យ​បានជា​ភិក្ខុ );
៣- ឧទ្ទេស​ន្តេ​វា​សិ​ក សិស្ស​រៀន​បាលី​; ៤- និស្សយន្តេវាសិក សិស្ស​និស្ស័យ ( សិស្ស​សូម​និស្ស័យ​នៅ​អាស្រ័យ​ផង );
៥- ធម្មន្តេវាសិក សិស្ស​រៀន​ធម៌អាថ៌​ឬ​រៀនចំណេះ​វិជ្ជា​សិល្បសាស្ត្រ​ផ្សេងៗ ( ហៅ វិ​ជ្ជ​ន្តេ​វា​សិ​ក​, សិប្ប​ន្តេ​វា​សិ​ក ជាដើម តាម​រូប​សព្ទ​ចំណេះ​ដែល​រៀន​ក៏បាន ) ។ ម​. ព​. អន្តេ​, សិស្ស និង អាចារ្យ ផង ។​

Post navigation