Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​អក្សរសាស្ត្រ​៖ វប្ប , សកវាទ៍ , ហារ , អក្សរ , ឧទយ​

Views: 1

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​វប្ប​

(​វ័​ប​-​ប៉ៈ​)

​នាមសព្ទ​

(​បា​. ឬ សំ​.) ការ​សាប​, ព្រោះ​, សាបព្រោះ​, បណ្ដុះ​ពូជ​; ច្រាំង​, ត្រើយ ។ ល ។ ប្រើ​ផ្សំ​នឹង​សព្ទ​ដទៃ​
​វប្បកម្ម ឬ វប្បកិច្ច​, វប្រក្រឹត្យ ការ​ឬ​របរ​សាបព្រោះ ។ វប្បករ​, វប្បការ ឬ –​ការី អ្នកធ្វើការ​សាបព្រោះ (​បើ​ស្ត្រី​ជា វប្បការិកា ឬ –​ការិនី​) ។ វប្បកាល ឬ –​សម័យ កាល​ឬ​សម័យ​ដែល​ត្រូវ​សាបព្រោះ ។ វប្បក្ខេត្ត ឬ វប្រក្សេត្រ (―​ខែ​ត ឬ ―​ក្សែ​ត​) ថ្នាល​; ស្រែពង្រោះ ។ វប្បដ្ឋាន ឬ វប្រស្ថាន ទី​សម្រាប់​សាបព្រោះ ( ដូចគ្នា​នឹង វប្បក្ខេត្ត ដែរ ) ។ វប្បធម៌ ( វ៉ាប់​-​ប៉ៈ​– ) ការ​ផ្សាំ​បណ្ដុះ​ចំណេះវិជ្ជា​និង​ប្រាជ្ញា​ស្មារតី​ឲ្យ​បាន​លូតលាស់​ចម្រើន ដោយ​វិទ្យាសាស្ត្រ ឬ​ដោយ​សិល្បៈ​ផ្សេងៗ​ជាដើម ។ វប្បមង្គល ឬ វប្រ​– មង្គល​សាបព្រោះ​; មង្គល​ច្រត់ព្រះនង្គ័ល ។ វប្បរដូវ ឬ វប្រ​–​រដូវ​សាបព្រោះ ។ ល ។ ( ព​. កា​. ) : ហៃ​មាស​កូន​ឪ វប្បរដូវ ចូលដល់​មកហើយ ចូរ​ខំ​ខ្នះខ្នែង កុំ​ធ្វើ​កន្តើយ រដូវ​ហ្នឹងហើយ បង្កើត​ធនធាន ។ . . .

​សកវាទ៍​

(​សៈកៈ​វ៉ា​)

​នាមសព្ទ​

(​បា​. សក​វាទ “​វាទៈ របស់ខ្លួន​, ពំនោល​ខាង​ខ្លួន​”; សំ​. ស្វ​ក + វាទ​) សម្ដី​ខាង​ចំណែក​ខ្លួន (​ម​. ព​. សកវាទី ផង​) ។ ខ្មែរ​ប្រើពាក្យ សកវាទ៍ នេះ​ជា​ឈ្មោះ​បទ​ចម្រៀង​ឆ្លើយឆ្លង​មាន​ចេញ​ពាក្យ​ផ្ដើម​ថា សៈ កៈ វ៉ា ជា​ដរាប​, សម្រាប់​ច្រៀង​ក្នុង​ព្រះ​រាជពិធី​ចុះ​ផែ​នៅ​ថ្ងៃ ១៤, ១៥ កើត​និង​ថ្ងៃ ១ រោច ខែ​ក​ត្ដិក ក្នុង​វេលាយប់​
​ច្រៀង​សកវាទ៍​, បទ​សកវាទ៍ (​សរសេរ​ជា សកវាទិ៍ ក៏បាន​, អ​. ថ​. សៈកៈ​វ៉ា ដែរ​) ។​

​ហារ​

នាមសព្ទ​

(​សំ​. បា​.) ការនាំយក​អ្វីៗ​ទៅ​; អ្វីៗ​ដែល​ល្មម​នាំយក​ទៅបាន​។ ខ្សែ​ជា​គ្រឿង​ប្រដា​ប់ក​; កង​-​ក ។​

​កិរិយាសព្ទ​

​ចែក​, បែង​ជា​ចំណែក​, រក​ឲ្យ​ឃើញ​ជា​ចំណែក (​ពាក្យ​ប្រើ​ក្នុង​ក្បួននព្វន្ត​)
​ហារលេខ ។ លេខ​ហារ លេខចែក​។ មុក្ដាហារ ឬ​មុ​ត្ដា​ហារ (​ម​. ព​.​មុក្ដា ឬ​មុត្តា​) ។​

អក្សរ​

(​អ័ក ឬ អក់​-​ស​)

​នាមសព្ទ​

(​សំ​.; បា​. អក្ខរ​) អក្ខរៈ ។ អក្សរខម អក្សរ​ខ្មែរ (​ហៅ​តាម​សៀម​ដែល​យក​អក្សរ​ខ្មែរ ទៅប្រើ​, លុះ​ចំណេរ​កា​លត​មក ខ្មែរ​ហៅ​អក្សរ​មូល​ដែលមាន​សណ្ឋាន​តួ​រាង​ខ្លាំងៗ​បន្តិច បែប​ភាពខុសគ្នា​អំពី​អក្សរ​មូល​ធម្មតា​ខ្លះ​ថា អក្សរខម ឬ តួ​ខម​, បើ​ចារ​ឬ​សរសេរ តួ​រាង​បែប​នោះ ប៉ុន្តែ​តូចៗ ហៅថា កូន​ខម​) ។ អក្សរខ្វៀក អក្សរ​ខ្មែរ​មាន​សណ្ឋាន​តួ​រាង​ជា​ចំហៀងៗ​មិន​ពេញ​តួ សម្រាប់​សរសេរ​ខ្វៀកៗ​រំហ័ស​ការ ។ អក្សរគ្រវាត់ ឬ —​ក្រវាត់ អក្សរ​ដែលមាន​ជើង រ គ្រវាត់​ឬ​ក្រវាត់​ព័ទ្ធ​ពី​ក្រៅ គឺ​អក្សរ​ដែល​ផ្សំ​ជាមួយនឹង​ជើង រ ឬ​ផ្ញើជើង រ ដូចជា ក្រ​, គ្រ​, ច្រ​, ជ្រ ជាដើម ។ អក្សរជ្រៀង អក្សរ​ខ្មែរ​មាន​សណ្ឋាន​តួ​រាង​ទ្រេតៗ​។ អក្សរបំបែក ព្យញ្ជនៈ​ដែល​ផ្សំ​ជាមួយនឹង​ស្រៈ​តាម​លំដាប់​, ដូចជា ក កា កិ កី កឹ កឺ ។ ល ។ កុំ កំ កាំ កះ ។ អក្សរប្រកប អក្សរ​ដែល​សរសេរ​ពី​ខាងចុង​ពាក្យ ឥត​ចេញ​សំឡេង​, ខ្មែរ​ដូចជា កក , កង , ចក , ចង ជាដើម​; បា​. ឬ សំ​. ដូចជា ហរ៑ , អន៑ , ករ៑ , ក​ម៌​ន៑ , វិ​ទ៑ , វិទ្យុ​ត៑ ជាដើម ។ អក្សរប្រយោគ អក្សរផ្ញើជើង ឬ​អក្សរគ្រវាត់ ( ហៅ អក្ខរប្បយោគ ក៏បាន ) ។ អក្សរផ្ញើជើង អក្សរ​ដែល​ផ្សំ​ជាមួយនឹង​អក្សរ​ឯទៀត ( អក្សរប្រយោគ ), ដូចជា ក្ង , ក្ន , ខ្ច , ខ្ទ ជាដើម ។ អក្សរពុម្ព អក្សរ​ដែល​សិត​ជា​តួ​រាង​សម្រាប់​បោះពុម្ព​ឬ​ស្នាម​អក្សរ​ដែល​បោះពុម្ព​ហើយ ។ អក្សរលក្ខណ៍ ឬ —​លក្សណ៍ សំបុត្រ​សម្គាល់ ។ អក្សរសព្ទ អក្សរ​ល្អិតៗ ដែល​សរសេរ​ដាក់​សព្ទ​ប្រែ​នៅ​ប៉ែក​ខាងលើ​ក្បែរ​ភាសា​ដទៃ ។ អក្សរសាស្ត្រ វិជ្ជា​អក្សរ​; ក្បួន​ប្រាប់​វិធី​អក្សរ​, ការសរសេរ​ត្រឹមត្រូវ​ក្នុង​ភាសា​ណាមួយ​; មុខការ​ខាង​និពន្ធ , . . . ។ អក្សរសាសន៍ សំបុត្រ​ឲ្យ​ដំណឹង​; សំបុត្រ​សំណួរ ។ ល ។​
(​មើល​ក្នុង​ពាក្យ អប្សរ​)​។​

​ឧទយ​

(​អ៊ុ​ទៈយៈ​)

នាមសព្ទ​

(​សំ​. បា​. ឧទយ​) ការលេចឡើង​, ការ​រះ (​នៃ​ព្រះអាទិត្យ​ជាដើម​)
​ឧទ័យ​នៃ​ព្រះអាទិត្យ​, ឧទ័យ​នៃ​ព្រះចន្ទ្រ ។​
​សេចក្ដីចម្រើន​; ចំណេញ​។ ខ្មែរ​ប្រើ​ជា កិ​. ក៏មាន ” រះ ”
​ព្រះអាទិត្យ​ឧទ័យ ព្រះអាទិត្យ​រះ ( ព​.​ផ្ទ​. អស្ដង្គត ) ។​
​ឧទយកាល ឬ –​វេលា​, –​សម័យ ពេល​ថ្ងៃ​រះ ( អរុណោទ័យ ឬ​សុរិយោទ័យ ) ។ ឧទយប្បទេស ឬ –​ប្រទេស ប្រទេស​ថ្ងៃ​រះ គឺ​ប្រទេស​ដែល​នៅ​ខាងកើត​គេ​បំផុត ។ ឧទយភាព ភាព​នៃ​ថ្ងៃ​រះ​; ដំណើរ​ចំណេញ​; ភាព​នៃ​សេចក្ដីចម្រើន ។ ឧទយលាភ ការ​បាន​ចំណេញ​; ការ​បាន​សេចក្ដីចម្រើន ។ ល​។ ខ្មែរ​ប្រើពាក្យ ឧទយ ឬ ឧទ័យ នេះ​ជា​ឋានន្តរ​នៃ​មន្ត្រី​ក៏មាន​, ដូចជា ឧទ័យធិរាជ ( < ឧទយ + អធិរាជ​, គួរ​ជា ឧទ​យា​ធិ​រាជ ), ឧទ័យវង្សា​, វង្សា​ឧទ័យ​, ធម៌​ឧទ័យ​, ជំនិត​ឧទ័យ​, ភក្ដី​ឧទ័យ ជាដើម ។ ប្រើ​រៀង​ពី​ខាងចុង​សព្ទ​ដទៃ​ក៏បាន​, ដូចជា សុរិយោទ័យ​, អរុណោទ័យ​, សុខោទ័យ ជាដើម (​ម​. ព​. ទាំងនេះ​) ។​

Post navigation