Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អង្គការ WCS និង រដ្ឋបាលជលផល លែងអណ្ដើកហ្លួង ២០ ក្បាល ចូលក្នុងទីជម្រកធម្មជាតិ

Views: 2

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣ នេះ អង្គការសមាគម អភិរក្សសត្វព្រៃកម្ពុជា សហការជាមួយ Mandai Nature និងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលែងអណ្ដើកហ្លួង ឬអណ្ដើកសរសៃ ចំនួន ២០ ក្បាល ចូលក្នុងទីជម្រកធម្មជាតិ តាមប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្ដើកហ្លួង នៃអង្គការ WCS បានបញ្ជាក់ឱ្យដឹងថាៈ «អណ្ដើកហ្លួងទាំង ២០ក្បាល (ឬហៅតាមឈ្មោះវិទ្យាសាស្រ្ត ថា the Southern River Terrapins (Batagur affinis) ដែលបានលែងថ្ងៃនេះ ត្រូវបានក្រុមអភិរក្ស ប្រមូលយក ក្រោយពីបានញាស់ពីសំបុក ដែលបានការពារ តាមដងព្រែកស្រែអំបិល និងព្រែកកំពង់សីលា ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ចន្លោះពីឆ្នាំ២០០៦ ដល់ ២០១៦ បន្ទាប់មក បញ្ជូនទៅកាន់ មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង ដើម្បីចិញ្ចឹមថែទាំឲ្យធំលូតលាស់ មុននឹងលែង ចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ» ។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានបញ្ជាក់ ក្នុងពិធីនេះថាៈ «ខ្ញុំបាទសូមសាទរ យ៉ាងក្រៃលែង ចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍ មូលដ្ឋាន បងប្អូនជាប្រជាពលរដ្ឋ និងជាពិសេស អង្គការ WCS​ ដែលបាននិងកំពុង ស្ដារប្រភេទ ដែលកំពុងរងគ្រោះនេះ ឲ្យមានវត្តមាន ក្នុងដែនទឹកធម្មជាតិនេះ ឡើងវិញ។»

លោកបានបន្ថែមថាៈ «ក្នុងឆ្នាំ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចដាក់បញ្ចូល ប្រព័ន្ធព្រែកស្រែអំបិល និងព្រៃលិចទឹកតាមដងព្រែក ក្នុងប្រកាសលេខ ១៣៣ ស្ដីពីការបង្កើតតំបន់គ្រប់គ្រងអណ្ដើកហ្លួង ឬអណ្ដើកសរសៃ និងក្រពើត្រី។ ដូច្នេះ រាល់ការកាប់ទន្ទ្រានព្រៃលិចទឹក តាមដងព្រែក ដើម្បីយកធ្វើជា កម្មសិទ្ធិផ្ទាល់ខ្លួន គឺជាទង្វើល្មើសច្បាប់ជលផល។»

លោក វិបុល ក៏បានក្រើនរំលឹក ដល់សហគមន៍មូលដ្ឋាន ឲ្យជៀសវាងការជួញដូរ ប្រភេទសត្វដ៏កម្រនេះ។

ទាក់ទិនក្នុងរឿងនេះ លោកបណ្ឌិត សុនចា ឡូហ្ស (Dr. Sonja Luz) នាយក Mandai Nature «យើងខ្ញុំសូមចូលរួមអបអរសាទរ រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន និងអង្គការ WCS ដែលបានខិតខំប្រឹងប្រែងរួមគ្នា ការពារ និង​អភិរក្ស អណ្ដើកហ្លួងទាំងនេះ។ ការលែងអណ្ដើកហ្លួងបន្ថែមទៀត ចូលទៅក្នុងទីជម្រក ធម្មជាតិ បានបង្ហាញពីជោគជ័យ នៃកិច្ចប្រឹងប្រែងអភិរក្ស ដោយមានការចូលរួម បានយ៉ាងល្អ ពីគ្រប់ភាគីពាក់ព័ន្ធ។ ការចូលរួមយ៉ាងសកម្មរបស់ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ ពិតជាមានសារៈសំខាន់ ក្នុងការធានាដល់កំណើនប្រភេទនេះ នៅក្នុងទីជម្រកធម្មជាតិ។

គួរបញ្ជាក់ថា អណ្ដើកហ្លួង ស្ថិតក្នុងប្រភេទអណ្ដើកគោក និងទឹកសាប ចំនួន ២៥ ​ប្រភេទ ដែលជិតផុតពូជបំផុត នៅលើពិភពលោក។ ប្រភេទអណ្ដើកនេះ ត្រូវបាន កត់ត្រា ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទអណ្ដើក ជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូន តំណាងឲ្យប្រទេសកម្ពុជា ដែលបានកំណត់ ក្នុងព្រះរាជក្រឹត្យ ឆ្នាំ២០០៥។

ក្រុមអ្នកអភិរក្ស ជឿថា អណ្ដើកហ្លួងនេះ បានផុតពូជអស់ហើយ នៅក្នុងប្រទេសកម្ពុជា តែរហូតដល់ឆ្នាំ ២០០០ រដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសារជា ថ្មី នូវប្រភេទអណ្ដើកហ្លួងនេះ មួយចំនួនតូច នៅសេសសល់ តាមដងព្រែកស្រែអំបិល។

គួរបញ្ជាក់ថា ការលែងអណ្ដើកហ្លួងនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែង រយៈពេលជិតពីរ ទស្សវត្សរ៍ ក្នុងការការពារសំបុកអណ្ដើក ការយកចិត្តទុកដាក់មើលថែទាំកូនអណ្ដើក ទាំងអស់​នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង និងការការពារសត្វអណ្ដើក នៅក្នុងសហគមន៍ តាមដងព្រែកស្រែអំបិល ដែលគាំទ្រដោយម្ចាស់ជំនួយ មានរាយ នាមដូចខាងលើ។ ចាប់តាំងពីឆ្នាំ ២០១៥មក នេះជាការលែងអណ្ដើកហ្លួងលើក ទីប្រាំពីរ ចូលក្នុងប្រព័ន្ធ ព្រែកស្រែអំបិល ដែលសរុបទាំងប្រាំពីរលើកនេះ មានចំនួន ១៦៧ ក្បាល៕ V / N

Post navigation