Views: 1
ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ មនុស្សជាង ១.០០០ នាក់នៅក្នុងប្រទេសវៀតណាមត្រូវបានចាត់ទុកជា “អ្នកមានផុតលេខ” ក្នុងឆ្នាំ ២០២២គឺកើនឡើងជិតទ្វេដងពីតួលេខដែលបានកត់ត្រាក្នុងឆ្នាំ ២០១៧ នេះបើយោងតាមរបាយការណ៍ចុងក្រោយដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យរបស់ចក្រភពអង់គ្លេស Knight Frank។
របាយការណ៍ទ្រព្យសម្បត្តិប្រចាំឆ្នាំដោយ Knight Frank បាននិយាយថា អ្នកមានផុតលេខមានចំនួន ១.០៥៩ នាក់នៅវៀតណាមក្នុងឆ្នាំ ២០២២ គឺកើនឡើងពី ៥៣៨ នាក់ក្នុងឆ្នាំ ២០១៧ ។
អ្នកមានបំផុតត្រូវបានកំណត់ដោយ Knight Frank ថាជាអ្នកដែលមានទ្រព្យសម្បត្តិសុទ្ធយ៉ាងតិច ៣០ លានដុល្លារ ដោយដកប្រាក់កម្ចីចេញ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនបានឱ្យដឹងថា ក្នុងឆ្នាំ ២០២៧ ចំនួនអ្នកមានផុតលេខនៅវៀតណាមត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ១.៣០០ នាក់ ពោលគឺកើនឡើង ២២ ភាគរយពីឆ្នាំ ២០២២ និងកើនឡើង ១២២ ភាគរយក្នុងរយៈពេលមួយទសវត្សរ៍។

ចំនួនបុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់នៅវៀតណាម ដែលគេកំណត់ថាជាអ្នកដែលមានទ្រព្យសម្បត្តិសុទ្ធយ៉ាងតិច ១ លានដុល្លារ ក៏បានកើនឡើង ៧០ ភាគរយដែរ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ គឺកើនពី ៤០.៩៧១ នាក់ក្នុងឆ្នាំ ២០១៧ ដល់ ៧០.០០០ នាក់ក្នុងឆ្នាំ ២០២២។
របាយការណ៍បានព្យាករណ៍ថានឹងមានបុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់ជាង ១១២.២០០ នាក់ក្នុងប្រទេសវៀតណាមនៅឆ្នាំ ២០២៧ ដែលកើនឡើង ១៧៣ ភាគរយក្នុងរយៈពេលមួយទសវត្សរ៍៕

ចំនួនអ្នកមានកាន់តែកើនឡើងនៅវៀតណាម ក៏បង្កើនហាងប្រណិតៗផងដែរ