Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកធ្វើធម្មយាត្រាលើកកម្ពស់សីលធម៌សង្គម ចោទអាជ្ញាធរមូលដ្ឋានថាមិនធ្វើតាមការណែនាំរបស់ក្រសួងមហាផ្ទៃ

អ្នកធ្វើធម្មយាត្រាចោទអាជ្ញាធរមូលដ្ឋានថា បង្កការរំខាន និងមិនធ្វើតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ខណៈអះអាងថា អាជ្ញាធរមូលដ្ឋាននៅតែមិនសម្របសម្រួលឱ្យពួកគាត់បានស្នាក់នៅវត្តអារាម ហើយទាមទាររកច្បាប់ ថតរូបអ្នកចូលរួមទាំងអស់ និងទាមទារធ្វើកំណត់ហេតុ ជាដើម បើទោះជាដឹងថាថ្នាក់លើអនុញ្ញាតហើយក៏ដោយក្តី។

ការចោទនេះធ្វើឡើងក្រោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ ហែធម្មយាត្រាថ្មើរជើង ចេញពីរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្ពោះទៅខេត្តពោធិ៍សាត់ ដោយឆ្លងកាត់ខេត្តកណ្ដាល កំពង់ស្ពឺ និងកំពង់ឆ្នាំង ដោយអះអាងថា ដើម្បីជំរុញការលើកកម្ពស់សីលធម៌សង្គម ខណៈបារម្ភថា បើមនុស្សចាស់គ្រប់លំដាប់ថ្នាក់នៅតែបន្តប្រើភាសាអសុរោះ មិនរួបរួមសាមគ្គីគ្នាដូចមួយរយៈកាលចុងក្រោយនេះ នោះយុវជនបន្តវេននឹងយកគំរូតាម ដែលអាចឱ្យសង្គមជាតិធ្លាក់ទៅក្នុងគ្រោះមហន្តរាយ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ដែលចូលរួមក្នុងធម្មយាត្រានោះ មានប្រសាសន៍ថា កាលពីយប់ថ្ងៃទី២ ខែកុម្ភៈ ក្រុមអ្នកធ្វើធម្មយាត្រាគ្រោងស្នាក់នៅវត្តអារាមមួយនៅខាងត្បូងព្រែកក្ដាម ក្នុងស្រុកពញាឮ ខេត្តកណ្ដាល ក្នុងនោះចៅអធិការវត្តបានអនុញ្ញាតឱ្យស្នាក់នៅ តែយ៉ាងណាព្រះអង្គឱ្យសួរទៅអាជ្ញាធរឃុំជាមុនសិន។

លោក រ៉ុង ឈុន បន្តថា នៅពេលទាក់ទងទៅអាជ្ញាធរឃុំ ថ្នាក់ឃុំមិនហ៊ានអនុញ្ញាត ដោយប្រាប់ឱ្យទាក់ទងទៅថ្នាក់ស្រុក។ ដោយឡែក នៅពេលទាក់ទងទៅអាជ្ញាធរស្រុក មិនហ៊ានអនុញ្ញាត ហើយរុញគ្នាទៅវិញទៅមក។ ចុងក្រោយ អ្នកធ្វើធម្មយាត្រាបានមកស្នាក់នៅផ្ទះពលរដ្ឋនៅម្ដុំវិហារហ្លួង ពោលគឺប្រមាណ៥គីឡូទៀតទើបដល់ផ្សារឧដុង្គ។

បើទោះជាយ៉ាងនេះក្ដី លោក រ៉ុង ឈុន ថា នៅពេលចូលផ្ទះពលរដ្ឋ មានកម្លាំងប្រជាការពារដែលពាក់ឯកសណ្ឋានពណ៌ខៀវចាស់ នៅឈរត្រៀបត្រាឃ្លាំមើលនៅដីទីវាលមួយ ហើយពេលក្បួនមកដល់ កងប្រជាការពារក៏ឃាត់បន្តិចដែរ ប៉ុន្តែលោកបានប្រាប់ថា ការហែនេះមានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ហើយ។

យ៉ាងណា អាជ្ញាធរមូលដ្ឋាននៅតែទាមទាររកច្បាប់អនុញ្ញាត ថតរូបអ្នកចូលរួមទាំងអស់ និងទាមទារធ្វើកំណត់ហេតុុជាដើម។

លោក រ៉ុង ឈុន ប្រាប់ថា៖ «ពេលដែលចូលផ្ទះប្រជាពលរដ្ឋហ្នឹង ក៏មានគេមកសុំថតរូបថតអីធ្វើជាភស្តុតាង។ គេមកធ្វើកំណត់ហេតុ យើងមានប៉ុន្មាននាក់? ស្រីប៉ុន្មាន? ឡានប៉ុន្មាន? លេខឡាន? គេកត់គេអីទៅ។ ក្រុមធម្មយាត្រាថាមិនអីទេ កត់ក៏កត់ទៅ ថតរូបក៏ថតទៅ ជាពិសេសគេចង់បានរូបខ្ញុំផង»។

លោកថា នេះជាទម្លាប់អាក្រក់ដែលថ្នាក់ក្រោមជាតិ មិនបានឱ្យតម្លៃដល់លិខិតបទដ្ឋានដែលថ្នាក់លើបានអនុញ្ញាត។ លោកថា តាមពិត អាជ្ញាធរមូលដ្ឋានបានដឹងរួចហើយនូវការអនុញ្ញាតនេះ ព្រោះមានការណែនាំពីថ្នាក់លើ ស្របពេលព័ត៌មានផ្សព្វផ្សាយពីធម្មយាត្រាជាហូរហែផងដែរ។

លោក រ៉ុង ឈុន បន្តថា៖ «ថ្នាក់ជាតិហ្នឹង ថ្នាក់ក្រោមបង្គាប់ហ្នឹងដូចមិនបានឱ្យតម្លៃនូវលិខិតបទដ្ឋាន ដែលឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាអាណាព្យាបាលរបស់ចៅហ្វាយស្រុក ចៅហ្វាយខេត្តអីហ្នឹង ហាក់បីដូចជាមិនបានអនុវត្ត។ មិនមែនគាត់មិនដឹងទេ ពីព្រោះព័ត៌មានយើងផ្សព្វផ្សាយច្រើនណាស់។ អ៊ីចឹងថ្នាក់ចៅហ្វាយស្រុក មេឃុំអី គាត់នឹងទទួលបានព័ត៌មានថាសម្ដេចក្រឡាហោមអនុញ្ញាតហើយ។ ប៉ុន្តែវាជាទម្លាប់អាក្រក់ នៅពេលថ្នាក់លើអនុញ្ញាតហើយ ថ្នាក់ក្រោមហ្នឹងនៅតែកិកកុក រកនេះរកនោះ ដែលបង្កលក្ខណៈមួយអ៊ីចឹងទៅ វាធ្វើឱ្យបាត់តម្លៃគតិយុត្តដែលជាលិខិតរបស់សម្តេចក្រឡាហោម»។

ជាការកត់សម្គាល់ លោក រ៉ុង ឈុន ប្រាប់ថា អ្នកភូមិបានអនុញ្ញាតឱ្យអ្នកចូលរួមធម្មយាត្រាស្នាក់នៅដោយក្ដីរីករាយ និងបានផ្តល់អាហារហូបចុក ខណៈមិនទទួលថវិកាឧបត្ថម្ភវិញទៀតផង។

ក្រៅពីនោះ លោកថា មានពលរដ្ឋតាមផ្ទះចេញមកសាទរអ្នកហែធម្មយាត្រានៅតាមដងផ្លូវ ជូនទឹក ភេសជ្ជៈ ផ្លែឈើ និងប្រគេនបច្ច័យព្រះសង្ឃ ជាដើម។

ក្រៅពីឧបសគ្គនៃការរកកន្លែងស្នាក់នៅ លោកថា នៅតាមផ្លូវជាតិលេខ៥ សមត្ថកិច្ចបានជួយសម្រួលចរាចរណ៍ផងដែរ។

អ្នកដឹកនាំធម្មយាត្រារូបនេះថា បើទោះជាមានការហត់នឿយ មេឃក្ដៅ អ្នកចូលរួមខ្លះដើរដល់ពងជើង ប៉ុន្តែពួកគាត់ចាត់ទុកថានេះជាភាពរីករាយដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីធ្វើយ៉ាងណាជំរុញ លើកកម្ពស់សីលធម៌សង្គមនៅកម្ពុជា។ លោកថា ពួកគាត់មិនចង់ឃើញពាក្យអសុរោះពីអ្នកនយោបាយ ជនថ្នាក់ក្រោម និងនៅលើបណ្តាញសង្គម ដែលឃើញពាក្យអសុរោះច្រើនហូរហែ ហើយរឹតតែមិនចង់ឃើញអ្នកមានរំលោភយកដីអ្នកក្រីក្របន្តទៀតឡើយ។

សេចក្តីថ្លែងការណ៍រួមមួយចុះថ្ងៃទី១ ខែកុម្ភៈ ដែលវីអូឌីទទួលបាន និងចុះហត្ថលេខាដោយប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន, ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី, ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ, អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​ លោក គៀន ពន្លក, និងតំណាងស្ត្រីថ្ងៃសុក្រ អ្នកស្រី ព្រំ ចាន់ថា បានទាមទាររដ្ឋាភិបាលកម្ពុជា កែលម្អសីលធម៌សង្គម ៤ ចំណុច ដូចជា ស្នើឱ្យអ្នកនយោបាយខ្មែរគ្រប់ភាគីងាកមករកការផ្សះផ្សាជាតិ និងប្រកួតប្រជែងគ្នាប្រកបដោយសីលធម៌ ក្នុងនាមមនុស្សជាតិ, អ្នកមានអំណាចត្រូវបញ្ឈប់ការរំលោភបំពានមកលើពលរដ្ឋខ្មែរស្លូតត្រង់។

ក្រៅពីនោះ ពួកគេទាមទាររដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំមនសិការទាំងអស់ ដើម្បីបង្ហាញពីភាតរភាព និងសាមគ្គីជាតិខ្មែរនិងខ្មែរ និងចំណុចចុងក្រោយ ស្នើពលរដ្ឋខ្មែរទាំងអស់បញ្ឈប់ការប្រកាន់បក្ខពួកនិយម ហើយងាកមកសាមគ្គី និងមានមេត្តាចិត្ត ក្នុងនាមខ្មែរមហានគរ។

តាមរយៈលិខិតចុះថ្ងៃទី២៦​ ខែមករា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យហែធម្មយាត្រានេះ ក្នុងបរិមាណអ្នកចូលរួមប្រមាណ ៥០ នាក់៕