Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកជំនាញ​បារម្ភ​ថា​មនុស្ស​នឹង​ក្លាយជា​ទាសករ​របស់ AI ក្នុង​សតវត្សរ៍​ទី​២១

Views: 11

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មហាសេដ្ឋី​បច្ចេកវិជ្ជា​ម្នាក់​បាន​ពណ៌នា​ការ​ប្រណាំងប្រជែង​ឆ្ពោះទៅ​រក​បញ្ញា​សិប្បនិម្មិត​ដ៏​ល្អឥតខ្ចោះ (AI)​គឺ​ប្រៀប​បី​ដូច​ជា​ការ​ប្រណាំងប្រជែង​អាវុធ​នុយក្លេអ៊ែរ​​ក្នុង​សតវត្សរ៍​ទី ២១​។​

​លោក ខេ​វិន បា​រ៉ា​ហ្គោ​ណា (Kevin Baragona) គឺ​ជា​អ្នកជំនាញ​ឈាន​មុខ​គេ​ម្នាក់​ក្នុងចំណោម​អ្នកជំនាញ​ឈានមុខ​គេ​ជាង ១.០០០ នាក់​ដែល​បាន​ចុះហត្ថលេខា​លើ​លិខិត​ចំហ​នៅ​វិទ្យាស្ថាន​អ​នា​​គ​តនៃ​ជីវិត ដោយ​អំពាវនាវ​ឱ្យ​មាន​ការផ្អាក​លើ “​ការ​ប្រណាំងប្រជែង​ដ៏​គ្រោះថ្នាក់​” ដើម្បី​អភិវឌ្ឍ AI ដូច ChatGPT​។​

​ដូច​ការផលិត​គ្រាប់បែកបរមាណូ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៤០ ដែរ លោក​បា​រ៉ា​ហ្គោ​ណា​បាន​ប្រាប់ DailyMail.com ថា “​បញ្ញា AI គឺ​ដូចជា​អាវុធ​នុយក្លេអ៊ែរ​នៃ​សូ​ហ្វ​វែ​ដូច្នេះ​ដែរ​”​។​

​លោក​បាន​បន្តថា “​មនុស្ស​ជាច្រើន​បាន​ពិភាក្សា​គ្នា​ថា​តើ​យើង​គួរ​ឬ​មិន​គួរ​បន្ត​អភិវឌ្ឍ​ពួកវា​”​។​

​លោក​បា​រ៉ា​ហ្គោ​ណា​បាន​ប្រាប់ DailyMail.com ថា “​វា​ស្ទើរតែ​ស្រដៀង​ទៅ​នឹង​សង្គ្រាម​រវាង​ស្វា​និង​មនុស្ស​។ មនុស្ស​ច្បាស់​ជា​ឈ្នះ​ដោយសារ​យើង​ឆ្លាត​ជាង​ហើយ​អាច​ប្រើ​បច្ចេកវិជ្ជា​ទំនើប​ជាង​ដើម្បី​​កម្ចាត់​ពួកវា​”​។​

“​ប្រសិនបើ​យើង​ដូច​ជា​សត្វ​ស្វា​វិញ​នោះ AI​នឹង​បំផ្លាញ​យើង​ឬ​យើង​នឹង​ក្លាយជា​ទាសករ​របស់​វា​ជាមិនខាន​”​។​

​ការភ័យខ្លាច​នេះ​បាន​កើតឡើង​ជាមួយនឹង​ការ​ងើបឡើង​មិនធម្មតា​នៃ ChatGPT ដែល​ធ្វើ​ព្យុះ​ភ្លៀង​ពេញ​ពិភពលោក​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​អាច​ប្រឡង​ជាប់​ផ្នែក​វេជ្ជសាស្ត្រ និង​ច្បាប់​យ៉ាង​ងាយ ខណៈ​ដែល​មនុស្ស​ត្រូវកា​រ​ចំណាយពេល​ជិត​បី​ខែ​ដើម្បី​ត្រៀម​ខ្លួន​ប្រឡង​។​

​អំណាច​នៃ AI​ដូច ChatGPT បាន​បង្ក​ឱ្យ​មាន​សង្គ្រាម​ស៊ីវិល​នៅ Silicon Valley ។​

​លោក អេ​ឡុន ម៉ាស និង​សហ​ស្ថាបនិក Apple លោក ស្ទីវ វ៉ូ​ស្នី​អាក់ (Steve Wozniak) បាន​ចុះហត្ថលេខា​លើ​លិខិត​នេះ​សម្រាប់​ការផ្អាក AI ខណៈ​លោក ប៊ី​ល ហ្គេត​និង​នាយកប្រតិបត្តិ Google លោក ស៊ូ​ដា ពី​ឆៃ (Sundar Pichai) មិនបាន​ធ្វើ​នោះ​ទេ​។​

​លោក​បា​រ៉ា​ហ្គោ​ណា​បាន​និយាយថា “​ខណៈ​ខ្ញុំ​គ្រាន់តែ​អាច​ប៉ាន់ស្មាន​មូលហេតុ​ដែល​ហ្គេត​និង​ស៊ូដាមិន​ព្រម​ចុះហត្ថលេខា​លើ​លិខិត​ដើម្បី​ផ្អាក​ការស្រាវជ្រាវ AI កម្រិត​ខ្ពស់ ខ្ញុំ​គិតថា​ពួកគេ​មិន​បាន​ធ្វើ​ដូច្នេះ​ព្រោះតែ​ពួកគេ​បាន​ចុះហត្ថលេខា​លើ​ការត្រួតពិនិត្យ​ដើម្បី​ពន្លឿន​ដំណើរការ AI”​។​

​ក្រុមហ៊ុន Microsoft ដែល​បង្កើតឡើង​ដោយ​លោក​ហ្គេត បាន​វិនិយោគ​យ៉ាងច្រើន​ទៅក្នុង​ក្រុមហ៊ុន OpenAI ដែលជា​អ្នក​បង្កើត ChatGPT ។​

​ក្នុង​ខែមករា គេ​ប៉ាន់ស្មាន​ថា​ក្រុមហ៊ុន​របស់​លោក​ហ្គេត​បាន​វិនិយោគ​បន្ថែម ១០ ពាន់​លាន​ដុល្លារ​ក្នុង​ការចាប់ផ្តើម​អាជីវកម្ម​ដើម្បី​ប្រកួតប្រជែង​ជាមួយ Google ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម AI ថ្មី​៕

លោក ខេ​វិន បា​រ៉ា​ហ្គោ​ណា បារម្ភ​ថា AI នឹង​បំផ្លាញ​មនុស្ស ប្រសិនបើ​វា​ឆ្លាត​ជាង​មនុស្ស​

Post navigation