Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់អំពីស្ថានភាព ជំនន់ទឹកភ្លៀង តាមបណ្តាខេត្ត និងការរងផលប៉ះពាល់

Views: 2

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក សុទ្ធ គឹមកុលមុនី ទីប្រឹក្សា និងជាអ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងប្រាប់រស្មីកម្ពុជាថាៈ ស្ថានភាពជំនន់ទឹកភ្លៀង ដែលបានកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា គិតពីខែឧសភា មកដល់ត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ គឺមានខេត្តចំនួន ១៩ បានរងផលប៉ះ ពាល់ ដោយជំនន់ទឹកភ្លៀង ប៉ុន្តែស្ថានភាពប៉ះពាល់ មានកម្រិតស្រាល មធ្យម ប៉ុន្តែប៉ុន្មានថ្ងៃនេះ ដោយសារឥទ្ធិពលព្យុះណូរុ ដែលបានបង្កជាទឹកភ្លៀង ក្នុងបរិមាណច្រើន ធ្វើឲ្យជន់លិចបណ្តាខេត្តមួយចំនួន និងធ្វើឲ្យមានផលប៉ះពាល់ និងការខូចខាតច្រើន ដូចជា ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ ហេដ្ឋឋារចនាសម្ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនគ្រួសារ ជម្លៀសទៅទីទួលសុវត្ថិភាព។

លោក សុទ្ធ គឹមកុលមុនី ទីប្រឹក្សា និងជាអ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(រូបថតឯកសារ)

លោកបានបញ្ជាក់ថាៈ បើគិតពីដើមរដូវវស្សា ដែលមានជំនន់ទឹកភ្លៀង ពីខែឧសភា មកដល់ត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ មានអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀង មានចំនួន ១៣ នាក់ ហើយខេត្តដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺមាន ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិសាត់។ ខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះធ្វើការវាយតម្លៃឃើញថា ផលប៉ះពាល់ អាចនឹងមានច្រើន នៅលើវិស័យកសិកម្ម។ ឯខេត្តភាគឦសាន ខ្ពង់រាប ដូចជា នៅខេត្តរតនគីរី ស្ទឹងត្រែង ក៏អាចនឹងរងឥទ្ធិពលព្យុះណូរុ នឹងមានជំនន់ទឹកភ្លៀង ក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយស្ថានភាពទឹកភ្លៀង អាចនឹងមានបន្តទៀត អាចនឹងបង្កឲ្យ មានជំនន់ទឹកភ្លៀងបន្ថែម។ ប៉ុន្តែបើក្នុងរយៈពេល ៣ ទៅ ៤ថ្ងៃនេះ ភ្លៀងអាចផ្អាក ឬក៏លែងមានភ្លៀងមួយរយៈ ទឹកនឹងអាចស្រក ហើយដំណាំកសិកម្មមួយចំនួន ជាពិសេសដំណាំស្រូវ រងផលប៉ះពាល់ អាចនឹងមិនឈានដល់ការខូចខាត តែបើទឹកនៅ តែអូសបន្លាយ យូរតទៅទៀត អាចនឹងបង្កដល់ការខូចចខាតតែម្តង និងមានការខូចខាត កម្រិតច្រើន។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថាៈ ឆ្លើយតបនឹង ស្ថានការណ៍នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានយកចិត្តទុកដាគិតគូរយ៉ាងខ្លាំង ចំពោះការងារនេះ នឹងបានបញ្ជាឲ្យ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ ធ្វើការតាមដាន និងវាយតម្លៃ ជាពិសេសចាត់វិធានការ ឲ្យបានទាន់ពេល វេលា ដើម្បីជួយសង្គ្រោះប្រាពលរដ្ឋ និងទប់ស្កាត់កុំឱ្យបាត់បង់អាយុជីវិត ប្រជាពលរដ្ឋ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់វិធានការរៀបចំកម្លាំង ដើម្បីជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ នៅពេលដែលមានទឹកជំនន់កើតឡើង ដោយមានកងរុករក និងសង្គ្រោះចំនួន ១៦ កង ដែលបានហ្វឹកហាត់ និងបំពាក់នូវ ឧបករណ៍សង្គ្រោះផ្សេងៗ និងកំពុងត្រៀមលក្ខណៈរួចជាស្រេច ២៤ម៉ោងលើ២៤ម៉ោង ត្រៀមចេញអន្តរាគមន៍ នៅពេលដែលមានសំណើ និងបញ្ហាបន្ទាន់ ដែលត្រូវចុះទៅ អន្តរាគមន៍៕/V/N

Post navigation