Views: 4
ដោយ: បូកគោ / កំពត: ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានបញ្ជាក់ថាៈ អ្នកសារព័ត៌មាន មានតួនាទី សំខាន់ ក្នុងការផ្សព្វផ្សាយ បង្ហាញពីទិដ្ឋភាព ក៏ដូចជា អត្តសញ្ញាណរបស់តំបន់ ឬសង្គមមួយ។ ដូច្នេះអ្នកសារព័ត៌មានត្រូវគិតគូរថ្លឹងថ្លែងដល់ប្រយោជន៍ និងកិត្យានុភាពជាតិ ព្រមទាំងប្រទេសក្នុងតំបន់មុននឹងសរសេរផ្សព្វផ្សាយ ពិសេសត្រូវចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សា ជូនអ្នកសារព័ត៌មានក្នុងស្រុក មកពីខេត្តជាប់ព្រំដែនវៀតណាម នៅខេត្តកំពត កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ បានមានប្រសាសន៍ថាៈ បច្ចុប្បន្ន អ្នកសារព័ត៌មាន មានតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយ បង្ហាញអំពីសក្តានុពល សមិទ្ធផលក្នុង ភូមិ ឃុំ ឬនៅខេត្តណាមួយ។ អ្នកព័ត៌មាន មិនគួរសរសរព័ត៌មាន ដែលមានចរិត លក្ខណៈជាន់ពន្លិចនោះឡើយ ពោលគឺ អ្នកសារព័ត៌មាន ត្រូវស្វែងរកប្រភពឱ្យ គ្រប់គ្រាន់ ដើម្បីថ្លឹងថ្លែងមុននឹងផ្សព្វផ្សាយ។
លោកប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់ថាៈ អ្នកសារព័ត៌មាន មិនត្រឹមអាចថែរក្សា ប្រយោជន៍ និងកិត្យានុភាពមូលដ្ឋានភូមិ ឃុំ ស្រុក ក្រុង ខេត្ត ឬប្រទេសរបស់ខ្លួន ប៉ុណ្ណោះទេ តែថែមទាំងអាចចូលរួមគិតគូរ ដល់ប្រយោជន៍មនុស្សជាតិទូទៅ និងប្រទេសនៅក្នុងតំបន់ តាមរយៈការផ្សាយរឿង ដែលត្រឹមត្រូវទៀតផង។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្ដាល និងទស្សនកិច្ចសិក្សាជូនអ្នកសារព័ត៌មាន ក្នុងស្រុក មកពីខេត្តជាប់ព្រំដែនវៀតណាម បានរៀបចំឡើង ក្រោមគម្រោងរបស់ មូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។ វគ្គសិក្សានេះ ស្ថិតក្នុងបំណងពង្រឹងសមត្ថភាពអ្នកសារព័ត៌មានបន្ថែម ដើម្បីចូលរួមចំណែក ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ជាមួយរាជរដ្ឋាភិបាល៕ V / N



