Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកសារព័ត៌មានជាង ៥០០ នាក់ ចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម

Views: 6

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ តាមការឲ្យដឹងពីលោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានឲ្យដឹងថាៈ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានចុះឈ្មោះចូលរួមយកព័ត៌មាន នៅក្នុងព្រឹត្តិការណ៍ កីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ចំនួនជាង ៥០០ នាក់ហើយ ក្នុងនោះ មានអ្នកសារព័ត៌មានអន្តរជាតិ ជាង ១០០ នាក់។

លោកបានបញ្ជាក់ថាៈ ដូចគ្នានឹងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ថ្មីៗនេះដែរ គឺយើងបានរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្តាល (MPC) សម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដោយកាលពីស៊ីហ្គេម គឺទទួលបានការសហការ ពីអ្នកជំនាញមកពី ក្រៅប្រទេស ប៉ុន្តែសម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នេះ គឺជាកិច្ចសហការរៀបចំ របស់ស្ថានីយទូរទស្សន៍ ក្នុងស្រុកទាំងអស់។ MPC អាចទទួលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលធ្វើកិច្ចការ នៅក្នុងនេះ ក្នុងពេលតែមួយ ពី ២៥០ នាក់ ទៅ ៣០០ នាក់ ដោយមានទទួលអាហារសម្រន់ ឥតគិតថ្លៃ នៅទីនេះទៀតផង។ ជាមួយគ្នានេះ គណៈកម្មការជំនាញ ក៏បានជួយសម្របសម្រួល ដល់ការនាំចូលនូវសម្ភារ ឧបករណ៍ ផ្សព្វផ្សាយរបស់ អ្នកសារព័ត៌មានអន្តរជាតិ នៅព្រលានយន្តហោះ។

ចំពោះការចុះថតយកព័ត៌មាន នៅតាមទីលានប្រកួតនានា ក៏ដូចគ្នានឹងការប្រកួត កីឡាស៊ីហ្គេម ថ្មីៗនេះដែរ លើកលែងតែពិធីបើកបិទអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ នេះ ដែលតម្រូវឱ្យមានតំបន់កំណត់ ដែលមិនប៉ះពាល់ ដល់ការរៀបចំបច្ចេកទេស។

ចំពោះចំណុចខ្វះខាត កាលពីស៊ីហ្គេមលើកទី៣២ ចំពោះអ្នកសារព័ត៌មាន ដែលមាន បញ្ហាលំបាកខ្លះៗ ក្នុងការចុះផ្ទាល់នៅតាមទីលានប្រកួតមួយចំនួន គឺគណៈកម្មការ ជំនាញ បានកែសម្រួលឱ្យបានល្អប្រសើរ ដូចជាទីតាំងប្រកួតណាមួយ មន្ត្រីសម្រប សម្រួល នឹងសម្របសម្រួលជាមួយមន្ត្រីសហព័ន្ធជំនាញ តាមសហព័ន្ធកីឡានីមួយៗ ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកសារព័ត៌មាន។ តែអ្នកសារព័ត៌មាន គោរពពេលវេលាចូល ក្នុងទីលានប្រកួត តាមពេលវេលាកំណត់ផងដែរ ដើម្បីកុំឱ្យមានបញ្ហាប្រឈម៕ V / N

Post navigation