Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកវិភាគចៅចាក់ស្មុក៖សម្តីសារភាពរបស់ថេងសាវឿននិងភស្តុតាងនានាជាមេរៀនគ្រប់គ្រាន់សម្រាប់សមាគមនិងអង្គការសង្គមស៊ីវិលមួយ​ចំនួនកុំចាញ់បោកជនបរទេសនិងក្រុមអ្នកនយោបាយប្រឆាំងក្បត់ជាតិខ្លួនឯង

Views: 1

ភ្នំពេញ៖ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC និងបក្ខពួកពីរនាក់ទៀត ត្រូវបានសាលាដំបូងខេត្តរតនគិរី​ចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» នៅថ្ងៃទី២៧ ខែឧសភា បានសារភាពថា«តាំងពី​បង្កើតសមាគមនិងធ្វើការរហូតមកដល់ពេលបច្ចុប្បន្ននេះ ខ្លួនបានជឿតាមការចង្អុលរបស់បរទេសមួយចំនួន និងក្រុមនយោបាយប្រឆាំង​មួយចំនួន ក្នុងរូបភាពញុះញង់បង្កចលាចលធ្វើឲ្យបាត់បង់ និងប៉ះពាល់សណ្ដាប់ធ្នាប់សង្គម និងសាធារណៈ ប្រមូលផ្ដុំសមាជិក ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលដោយមិនដឹងខ្លួន»។

សម្តីសារភាពរបស់ថេងសាវឿននិងភស្តុតាងនានាជាមេរៀនគ្រប់គ្រាន់សម្រាប់សមាគមនិងអង្គការសង្គមស៊ីវិលមួយ​ចំនួនកុំចាញ់បោកជនបរទេសនិងក្រុមអ្នកនយោបាយប្រឆាំងក្បត់ជាតិខ្លួនឯង(រូបថតAMS)

ក្រោយពីទទួលស្គាល់កំហុសដែលប្រព្រឹត្តកន្លងមកទាំងឡាយនេះ ថេង សាវឿន បានសន្យាចំពោះមុខច្បាប់ និងអាជ្ញាធរ មានសមត្ថកិច្ចថា នឹងមិនប្រព្រឹត្តសកម្មភាពទាំងឡាយ ដែលខុសពីលក្ខន្ដិកៈតម្កល់នៅក្រសួងមហាផ្ទៃ ច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ ថេង សាវឿន ក៏បានសន្យាដកខ្លួនចេញពីសកម្មភាពផ្ទះសាមគ្គីនិងសកម្មភាពនយោបាយ ដែលមានគោលដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នេះគឺជាសម្តីសារភាពដែលចេញពីមាត់ផ្ទាល់របស់ប្រធានអង្គការសមាគម​សម្ព័ន្ធ​សហគមន៍កសិករកម្ពុជាដែលតែងសកម្មបំផុតក្នុងការកៀរគរប្រមូលផ្តុំមនុស្សតវ៉ាផ្សេងនាពេលកន្លងមក។

បើតាមការពិនិត្យ ប្រសិនបើសមាគមដែលគោរពតាមវិជ្ជាជីវៈនិងស្របតាមលក្ខន្តិកៈរបស់ខ្លួន សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា គឺសំដៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសជូនកសិករដើម្បីមានវិជ្ជាជីវៈជំនាញបង្កបង្កើនផល ផលិតនូវផលិតផលកសិកម្ម​ដើម្បី​ធ្វើឱ្យប្រជាកសិករមានចំណូល និងចូលរួមពង្រឹងសន្តិសុខស្បៀងសម្រាប់ជាតិ។ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពទាំងឡាយរបស់សមាគម រួមនឹងមេដឹកនាំរបស់ខ្លួនគឺ ថេង សាវឿន ជ្រកក្រោមស្លាកអង្គការនេះ មានចរិតញុះញង់តាំងពីការកកើតឡើងម៉្លេះ។

បង្កើតឡើងនៅឆ្នាំ២០១១១ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាដឹកនាំដោយ ថេង សាវឿន បានចូលរួមយ៉ាងសកម្មក្នុងការតវ៉ានានា​ដឹកនាំដោយអតីតគណបក្សសង្គ្រោះជាតិ រហូតដល់ត្រូវចាប់ខ្លួន ចោទប្រកាន់និងផ្តន្ទាទោសនៅដើមឆ្នាំ ២០១៤ ក្រោយចូលរួម​អនុវត្តផែនការបដិវត្តន៍ពណ៌ដឹកនាំដោយគណបក្សសង្គ្រោះជាតិ ធ្វើកុបកម្មនៅផ្លូវ វ៉េង ស្រេង។

ក្រោយការដួលរលំនៃអង្គការចាត់តាំងគាំទ្រដោយបរទេស សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជារួមនឹងសមាគមនិងអង្គការមិនមែន​រដ្ឋាភិបាលផ្សេងៗទៀតនៅតែបន្តសកម្មភាព ហើយក៏មានអង្គការមួយចំនួនបន្តសកម្មភាពនេះយ៉ាងសកម្មក្រោមទម្រង់ផែនការចាស់ សកម្មភាពថ្មីដែលក្នុងនោះ គេដឹងថាមានអង្គការសង់ត្រាល់ដឹកនាំដោយ មឿន តុលា សមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដឹកនាំដោយ វន ពៅ អង្គការបណ្តាញយុវជនកម្ពុជា និងអង្គការ និងចលនាខុសច្បាប់មួយចំនួនទៀត។

បណ្តាញសមាគមនិងអង្គការក្រៅរដ្ឋាភិបាលទាំងនេះដែលទទួលបានគោលការណ៍បញ្ជា និងជំនួយហិរញ្ញវត្ថុពីបរទេសបានបង្កើតជា​សហភាព​ផ្ទះសាមគ្គីដើម្បីធ្វើសកម្មភាពទុច្ចរិតផ្សេងៗក្នុងការឈានទៅការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

ចរន្តទាំងនេះមិនមានចេតនាចូលរួមអភិវឌ្ឍប្រទេសតាមបែបប្រជាធិបតេយ្យដែលកម្ពុជាកំពុងតែអនុវត្តនោះទេ ប៉ុន្តែពួកគេចង់អភិវឌ្ឍ​ប្រទេសតាមរយៈបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលឡើងកាន់អំណាចតាមបែបមិនប្រជាធិបតេយ្យដូចបណ្តាប្រទេសមួយចំនួនដែលគេប្រើវិធីសាស្ត្របដិវត្តន៍ពណ៌ជោគជ័យ។ ពួកគេបានបង្កហិង្សា កុបកម្ម និងការញុះញង់ បញ្ឆេះកំហឹងវណ្ណៈធ្វើឱ្យបែកបាក់សង្គមជាតិ និងងាយ​ស្រួលឱ្យបរទេសដែលជាចៅហ្វាយនាយរបស់ខ្លួនលូកដៃកកូរកកាយបញ្ហាផ្ទៃក្នុងកម្ពុជាដូចពីអតីតកាល, នាំជាតិនិងប្រជាជន​ធ្លាក់ចូល​ក្នុងសោកនាដកម្មសព្វបែបយ៉ាង។ ដើម្បីសម្រេចនូវមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់ចៅហ្វាយនាយបរទេសរបស់ពួកគេ ពួកគេតែង​តែប្រើប្រាស់ខ្លឹមសារដែលមានចរិតបំផុសបំផុលស្អប់ខ្ពើម ចងអាឃាដ ព្យាបាទ ដោយមិនបានឈរនៅលើគោលការណ៍កណ្តាលនោះឡើយ ហើយពួកគេតែងតែលាបពណ៌ដល់រដ្ឋាភិបាល និងលាបពណ៌អង្គការ និងគ្រប់មជ្ឈដ្ឋានគាំទ្ររដ្ឋាភិបាលឱ្យមើលឃើញខ្មៅងងឹត និងជាសត្រូវរហូតមក។

នៅចំពោះមុខនៃគ្រោះថ្នាក់សម្រាប់ជាតិដូច្នេះហើយ ទោះបីជាបញ្ហាខ្លះតូចតាច តែវាពិតជាមានគ្រោះថ្នាក់បំផុតចំពោះជាតិ​និងប្រជាជន​កម្ពុជា។ ផ្កាភ្លើងតូចមួយក៏អាចនឹងបង្កើតជាអគ្គិភ័យដ៏មហាវិនាសកម្មដែរ។ អ្វីដែលពលរដ្ឋខ្មែរបានឃើញ សមាគមនិងអង្គការមិនមែន​រដ្ឋាភិបាលមួយចំនួនដែលតាំងខ្លួនជាអ្នកស្រឡាញ់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សេរីភាពសារព័ត៌មាន​ អ្នកស្រឡាញ់បរិស្ថាននិង​ធនធានធម្មជាតិ គឺបាននិងកំពុងតែចាញ់បោកបរទេសដែលតែងតែមក និងបំពាក់គំនិតស្មារតីឱ្យពលរដ្ឋខ្មែរក្បត់ជាតិជាតិខ្លួនឯង​ បម្រើភូមិសាស្ត្រនយោបាយរបស់ខ្លួន តាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុ និងការបណ្តុះមនោគមវិជ្ជាផ្សេងៗ លើកទឹកចិត្តឱ្យបំពានច្បាប់ បំផ្លាញសន្តិភាពនិងការអភិវឌ្ឍ និងលើកតម្កើងក្រុមជនល្មើសទៅជាវីបុរសវីរជន។ តែតាមពិតពួកគេបាននិងកំពុងធ្វើវិទ្ធង្ស​នាប្រឆាំងនឹង​កម្ពុជា បំផ្លាញភាពសុខសាន្តរបស់ជាតិនិងប្រជាជនកម្ពុជាប៉ុណ្ណោះ។

ដូច្នេះសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលកំពុងតែលង់ចាញ់បោកឧបាយកលទុច្ចរិតរបស់ជនបរទេសនិងអ្នកនយោបាយប្រឆាំងមួយចំនួនគួរភ្ញាក់ខ្លួន និងដើរចេញពីឧបាយកលទុច្ចរិត និងបំផ្លាញជាតិខ្មែរនេះ ដើម្បីកុំឱ្យខកខ្លួន និងប្រឈមមុខច្បាប់ដូចក្រុមជន​មួយចំនួន ដែលបានប្រព្រឹត្តខុសច្បាប់ និងភស្តុតាងក៏បានបង្ហាញ សម្តីសារភាពក៏មានថាពួកគេបានធ្វើតាមការចង្អុល​បង្ហាញរបស់ជន​បរទេស និងក្រុមអ្នកនយោបាយប្រឆាំង។ ក្រុមនយោបាយប្រឆាំងដែល ប្រើល្បិចកលថ្មី នយោបាយចាស់ដើម្បីឱ្យពួកបរទេស​ជាចៅហ្វាយ​នាយរបស់ពួកគេគាបសង្កត់និងដាក់សម្ពាធលើកម្ពុជា ដើម្បីផលប្រយោជន៍របស់ពួកគេ៕ សរន

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣

Post navigation