Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកវិភាគចៅចាក់ស្មុក៖ តើអ្នកកាសែតវិទ្យុ ឌឹ ខេមបូឌា ដេលី នៅសហរដ្ឋអាមេរិកមិនយល់ភាសាអង់គ្លេស ឬមានចេតនាបំភ្លៃព័ត៌មាន ញុះញង់ ដើម្បីបម្រើនគោលដៅនយោបាយទុច្ចរិតរបស់ខ្លួន?

Views: 3

ភ្នំពេញ៖ វិទ្យុ ឌឹ ខេមបូឌា ដេលី ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក និងមានតែបុគ្គលិកពីរនាក់ រួមមានឈ្មោះ តាំង សារ៉ាដា និង ហាស់ សាន ដែលបុគ្គលពីរនាក់នេះគឺជាអតីតបុគ្គលិកត្រូវបានវិទ្យុអាស៊ីសេរី បណ្តេញចេញបានផ្សាយព័ត៌មានបំភ្លៃការពិតទាក់ទងនឹង លោក ហ៊ុន ម៉ាណែត ដោយចោទប្រកាន់ទាំងបំពានគ្មានភស្តុតាងថា ជា «មេបណ្តាញរកស៊ីឈើខុសច្បាប់» ក្នុងការផ្សាយរបស់ខ្លួនកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។

ការចោទប្រកាន់ដែលសម្អាងលើអត្ថបទមួយរបស់អង្គភាពសារព័ត៌មានឈ្មោះ ម៉ុងហ្គាបេ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងសរសេរដោយអ្នកយកព័ត៌មានជនជាតិអង់គ្លេសឈ្មោះ Gerry Flynn។ អត្ថបទដើមមិនមានការ ចោទប្រកាន់ដូចអ្វីដែលវិទ្យុឌឹ ខេមបូឌា ដេលីផ្សាយឡើយ ហើយអ្នកកាសែតដែលសរសេរអត្ថបទនេះក៏បានបញ្ជាក់ក្នុងបទសម្ភាសជាមួយកាសែត ខ្មែរ ថែមស៍ ចុះផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នេះថា «ខ្ញុំមិនបានសរសេរអ្វីដូចដែលបានផ្សាយនៅខេមបូឌាដេលីទេ»។

ប្រសិនបើអត្ថបទដើមជាភាសាអង់គ្លេស និងការចេញមកបញ្ជាក់របស់អ្នកកាសែតឈ្មោះ Gerry Flynn ថាមិនសរសេរដូចអ្វីដែលវិទ្យុ ឌឹ ខេមបូឌា ដេលី ផ្សព្វផ្សាយ តើវិទ្យុនេះបានព័ត៌មានមកពីណា? នៅក្នុងអត្ថបទដើមដែលផ្សាយក្នុងអង្គភាពព័ត៌មាន ម៉ុងហ្គាបេ គឺគ្រាន់តែបង្ហាញរូបថតប៉ុន្មានសន្លឹកដែលបុគ្គល ដែលត្រូវចោទថាមានការពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់ បានថតរូបជាមួយលោក ហ៊ុន ម៉ាណែត នៅក្នុងកម្មវិធី សាធារណៈដែលទម្លាប់បៀបនេះ លោក ហ៊ុន ម៉ាណែត តែងតែធ្វើនៅពេលជួបជាមួយសាធារណជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងជាការគោរពស្រឡាញ់របស់ប្រជាពលរដ្ឋខ្មែរចំពោះលោក ហ៊ុន ម៉ាណែត។ ប៉ុន្តែបែរជាវិទ្យុ ឌឹ ខេមបូឌា ដេលី តាមរយៈបុគ្គលិកគ្មានវិជ្ជាជីវៈសារព័ត៌មាន ហាស់ សាន បែរជាសរសេរ និងផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពីការពិត មានចរិតវាយប្រហារ មិនមែនជាគោលការណ៍នៃសារព័ត៌មានតែជាឧបករណ៍នយោបាយប្រឆាំង សងសឹក និងផ្សព្វផ្សាយដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់លោក ហ៊ុន ម៉ាណែត។

តើបុគ្គលិកវិទ្យុ ឌឹ ខេមបូឌា ដេលី មិនចេះភាសាអង់គ្លេស មើលអត្ថបទរបស់កាសែត ម៉ុងហ្គាបេ មិនយល់ ឬក៏មានចេតនានយោបាយទុច្ចរិត គំនុំសងសឹកដោយសារតែនិន្នាការផ្គាប់មុខរបស់វិទ្យុនេះ និងការភ្ជាប់ទំនាក់ទំនងរបស់វិទ្យុនេះនឹងក្រុមប្រឆាំងក្បត់ជាតិ? ថាបុគ្គលិកវិទ្យុ ឌឹ ខេមបូឌា ដេលីទាំង២ រូប មិនចេះភាសាអង់គ្លេសពិតជាមិនត្រឹមត្រូវឡើយ ព្រោះបុគ្គលទាំងពីរនាក់នេះ មានសញ្ជាតិអាម៉េរិក និងកំពុងរស់នៅនិងបម្រើការងារឱ្យវិទ្យុ ឌឹ ខេមបូឌា ដេលី នៅលើទឹកដីនៃសហរដ្ឋអាម៉េរិកថែមទៀត។

ដូច្នេះពួកគេមានចំណេះដឹងភាសាអង់គ្លេសគ្រប់ គ្រាន់ ដូចបុគ្គលនានាដែលបានអានអត្ថបទដើមជាភាសាអង់គ្លេស រកមិនឃើញពីការចោទប្រកាន់ឯកឧត្តម ហ៊ុន ម៉ាណែត ថាជាមេបណ្តាញរកស៊ីឈើខុសច្បាប់ដូចវិទ្យុឌឹ ខេមបូដេលី ផ្សាយដោយយោងលើអត្ថបទនេះទេ។ នេះសបញ្ជាក់ឱ្យឃើញថា វិទ្យុ ឌឹ ខេមបូឌា ដេលី ប្រព្រឹត្តកំហុសវិជ្ជាជីវៈសារព័ត៌មានធ្ងន់ធ្ងរ ដកស្រង់អត្ថបទសារ ព័ត៌មានដទៃទៅផ្សាយ ប្រើឈ្មោះគេ តែបំភ្លៃព័ត៌មានខុសពីការពិត។ បំភ្លៃព័ត៌មានដើម្បីបម្រើឱ្យល្បិចកលនយោបាយដ៏ថោកទាបរបស់បក្ខពួកក្រុមប្រឆាំងរបស់ខ្លួន ក្នុងការយុទ្ធសាស្ត្រផ្សាយព័ត៌មានមិនពិត និងបំផ្លាញកម្ពុជាគ្រប់មធ្យោបាយ។

ការបំភ្លៃព័ត៌មានរបស់វិទ្យុ ឌឹ ខេមបូឌា ដេលី ត្រូវបានលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៩ ខែមីនា បានប្រតិកម្មប្រឆាំងនឹងការចោទប្រកាន់ ដែលបង្កប់ទៅដោយចេតនាទុច្ចរិតមួយនេះដើម្បីការពារភាពត្រឹមត្រូវ កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្លួន។ លោកបានលើកឡើងថា៖ «បើសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ពិតជាសារព័ត៌មាន វិជ្ជាជីវៈនិងគ្មានចេតនាទុច្ចរិតក្នុងការផ្សាយព័ត៌មានមិនពិតទេនោះ សូមបង្ហាញភស្តុតាងនមក។ បើគ្មានភស្តុតាងទេ សូមធ្វើការកែសម្រួលជាបន្ទាន់»។
លោកបានលើកឡើងថា៖ «វាមិនមែនជារឿងចម្លែកទេដែលសារពត៌មាន The Cambodia Daily Khmer តែងតែធ្វើការផ្សព្វផ្សាយពត៌មាន ឬធ្វើការវិភាគដែលមានលក្ខណៈលម្អៀង ក្នុងន័យរិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជន រួមទាំងរូបខ្ញុំ។ កន្លងទៅខ្ញុំមិនដែលចំណាយពេលវេលាធ្វើការឆ្លើយតបអ្វីទេចំពោះការផ្សព្វផ្សាយទាំងនោះ។ ប៉ុន្តែវាជាការដើរហួសព្រំដែនយ៉ាងខ្លាំង ហើយដែលខ្ញុំមិនអាចទទួលយកបានទេ ពេលដែលសារពត៌មាន The Cambodia Daily Khmer បានប្រឌិតរឿងមិនពិតមកធ្វើការចោទប្រកាន់ខ្ញុំដោយចំហរថា ខ្ញុំគឺជាមេបណ្តាញរកស៊ីឈើខុសច្បាប់ ដោយទាំងគ្មានភស្តុតាងច្បាស់លាស់នោះ។ ហេតុដូច្នេះ ចាំបាច់ខ្ញុំត្រូវប្រតិកម្មប្រឆាំងនឹងការចោទប្រកាន់ ដែលបង្កប់ទៅដោយចេតនាទុច្ចរិតមួយនេះ ដើម្បីការពារភាពត្រឹមត្រូវ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ»។

រហូតមកដល់ពេលនេះ ទោះបីជាម្ចាស់អត្ថបទដើមបានលើកឡើងថាគាត់មិនបានសរសេរអ្វីដូចដែលបានផ្សាយនៅលើវិទ្យុឌឹខេមបូឌាដេលីក៏ដោយ ក៏វិទ្យុនេះគ្មាន ភាពខ្មាសអៀន និងមិនទាន់ធ្វើការកែតម្រូវឡើយ។ តើឯណាទៅដែលថាខ្លួនជាវិទ្យុវិជ្ជាជីវៈ? តាមពិតពួកគេមិនមែនជាវិទ្យុនិងជាអ្នកកាសែតវិជ្ជាជីវៈឡើយ តែជា ឧបករណ៍បំពងសំឡេងញុះញង់ ផ្សាយព័ត៌មានមិនពិត ប្រឌិតសាច់រឿង និងផ្តល់វេទិកាឱ្យក្រុមអ្នកវិភាគពុល ទឹកមាត់ និងក្រុមសកម្មជនប្រឆាំងដើម្បីអនុវត្តផែនការទុច្ចរិត បម្រើឱ្យផែនការចៅហ្វាយនាយរបស់ខ្លួន។ ក្រុម អ្នកបម្រើការនៅវិទ្យុនេះគ្មានអ្វីក្រៅតែពីមួយថ្ងៃៗ ដេកគិតថាតើត្រូវធ្វើយ៉ាងណាផ្សាយព័ត៌មានដើម្បីញុះញង់ ប្រជាពលរដ្ឋ និងបង្កចលាចលសង្គមដើម្បីសម្រេចមហិច្ឆតាអំណាចរបស់ខ្លួនប៉ុណ្ណោះ។ ប៉ុន្តែប្រជាពលរដ្ឋទូទាំងនគរបានស្គាល់ថាហើយថា ឌឹ ខេមបូឌា ដេលី គឺគ្រាន់តែជារោងចក្រផលិតព័ត៌មានក្លែងក្លាយបម្រើឱ្យមហិច្ឆតាចៅហ្វាយនាយបរទេសពួកគេដើម្បីបំផ្លាញកម្ពុជាប៉ុណ្ណោះ មិនមែនជាវិទ្យុវិជ្ជាជីវៈផេះកណ្តាលចង្ក្រាន្តស្អីទេ!៕
ដោយ៖ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣

Post navigation