Views: 2
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អនុប្រធានាធិបតីអាម៉េរិកលោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានអំពាវនាវជាថ្មីឱ្យ “ពន្លឿនឆាប់ៗ”នូវការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ប្រទេសសំប៊ីកាលពីថ្ងៃសុក្រទី៣១មីនា ខណៈលោកស្រីទៅបំពេញទស្សនកិច្ចនៅប្រទេសនេះក្នុងការឈប់សំចតចុងក្រោយនៃដំណើរទស្សនកិច្ចនៅទ្វីបអាហ្វ្រិក។
សហរដ្ឋអាម៉េរិកបានកំពុងជំរុញឱ្យម្ចាស់បំណុលលេចធ្លោរួមទាំងចិន ផ្តល់ជំនួយសង្គ្រោះដល់សំប៊ី ដែលក្នុងឆ្នាំ ២០២០ បានក្លាយជាប្រទេសអាហ្វ្រិកដំបូងគេដែលបានអស់លទ្ធភាពសងបំណុលបរទេស ដែលប៉ាន់ប្រមាណមានចំនួន ១៧,៣ ពាន់លានដុល្លារ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ១៩។
លោកស្រីហារីសបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងលូសាកា (Lusaka)បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីសំប៊ី លោក ហាកាអ៊ីនដេ ហ៊ីឈីឡេម៉ា (Hakainde Hichilema) ថា “យើងនឹងបន្តតស៊ូមតិសម្រាប់ពន្លឿនយ៉ាងរហ័សនៃការព្យាបាលបំណុលរបស់ប្រទេសសំប៊ីនិងការរៀបចំរចនាសម្ព័ន្ធឡើងវិញ”។
“សហគមន៍អន្តរជាតិត្រូវជួយប្រទេសនានាដូចជាសំប៊ីឡើងវិញ។ដូច្នេះខ្ញុំនឹងរំលឹកឡើងវិញនូវការអំពាវនាវដែលយើងបានធ្វើនៅពេលនេះជាច្រើនដងដើម្បីឱ្យម្ចាស់បំណុលផ្លូវការទ្វេភាគីទាំងអស់ផ្តល់នូវការកាត់បន្ថយបំណុលដ៏មានអត្ថន័យ”។
លោកស្រីហារីសគឺជាមន្ត្រីកំពូលទីពីររបស់សហរដ្ឋអាម៉េរិកដែលបានមកទស្សនកិច្ចប្រទេសនេះក្នុងរយៈពេលពីរបីខែមកនេះ។ រដ្ឋមន្ត្រីក្រសួងរតនាគារ លោកស្រី ចាណេត យែលឡិន (Janet Yellen) បានធ្វើដំណើរទៅកាន់ប្រទេសនេះក្នុងខែមករា។
សហរដ្ឋអាម៉េរិកបានចោទប្រកាន់ចិន ដែលជាម្ចាស់បំណុលដ៏សំខាន់ដល់ប្រជាជាតិអាហ្វ្រិកជាច្រើននោះថាមិនព្យាយាមជួយបន្ទាប់ពីរដ្ឋាភិបាលក្រុងលូសាកាបានស្វែងរកគេជួយជាមួយបំណុលរបស់ខ្លួនតាមរយៈយន្តការ G20 ។
លោកហ៊ីឈីឡេម៉ាបាននិយាយថា “អាទិភាពរបស់យើងសម្រាប់យើងក្នុងនាមជាប្រទេសមួយឥឡូវនេះគឺការកសាងសេដ្ឋកិច្ចរបស់យើងឡើងវិញ។ អ្វីដែលធ្វើឱ្យយើងដើរថយក្រោយគឺបំណុល”។
សំប៊ីគឺជាទីសំចតចុងក្រោយក្នុងការធ្វើដំណើរទស្សនកិច្ចបីប្រទេសរបស់លោកស្រីហារីសទៅកាន់ទ្វីបអាហ្វ្រិកដែលជាការជំរុញចុងក្រោយបំផុតរបស់សហរដ្ឋអាម៉េរិកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការចូលរួមរបស់ខ្លួនជាមួយទ្វីបនេះដើម្បីទប់ទល់នឹងឥទ្ធិពលកើនឡើងរបស់ចិន និងរុស្ស៊ី៕

លោកស្រីហារីត្រូវបានស្វាគមន៍ដោយប្រធានាធិបតីសំប៊ីហាកាអ៊ីនដេ ហ៊ីឈីឡេម៉ា កាលពីថ្ងៃសុក្រ