Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ អបអរសាទរដល់កម្ពុជា ធ្វើម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ប្រកបដោយភាពជោគជ័យ ដែលលើកកម្ពស់មុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិ

Views: 11

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក Wojciech Gerwel អនុរដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេស នៃសាធារណរដ្ឋប៉ូឡូញ និងជាសហប្រធាន នៃកិច្ចពិគ្រោះ យោបល់នយោបាយ លើកទី២ រវាងកម្ពុជា និងប៉ូឡូញ បានអបអរសាទរដល់កម្ពុជា ចំពោះសមិទ្ធផលដ៏អស្ចារ្យ នៃការធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ ក៏ដូចជា ការធ្វើម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ប្រកបដោយភាពជោគជ័យ ដែលលើកកម្ពស់មុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិ។

លោក Wojciech Gerwel បានស្ងើចសរសើរ យ៉ាងជ្រាលជ្រៅចំពោះវឌ្ឍនភាព សេដ្ឋកិច្ច ដ៏ឆាប់រហ័សរបស់កម្ពុជា និងបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង ប្រកបដោយជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ដែលបានផ្សព្វផ្សាយ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ។

ការលើកឡើងរបស់អនុរដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេស នៃសាធារណរដ្ឋប៉ូឡូញ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ នយោបាយទ្វេភាគី លើកកទី២ រវាងកម្ពុជា និងប៉ូឡូញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០៣ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។
ភាគីកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងការបរទេស បានបន្តថាៈ ភាគីទាំងពីរ បានកត់សម្គាល់ ដោយសេចក្តីរីករាយ ចំពោះចំណងមិត្តភាព ដ៏ល្អប្រសើរ ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដែលមានស្រាប់ រវាងប្រទេសទាំងពីរ។ ក្នុងអំឡុងពេល នៃកិច្ចពិភាក្សា លោកបណ្ឌិត ចែម វីឌ្យ៉ា បានសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ របស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជនប៉ូឡូញ ចំពោះជំនួយសប្បុរសធម៌ សម្រាប់ការអភិវឌ្ឍ ដល់កម្ពុជា នាច្រើនឆ្នាំ កន្លងមក ចាប់តាំងពីកម្ពុជា បានរួចផុតពីរបបប្រល័យពូជសាសន៍ ក្នុងឆ្នាំ១៩៧៩ និងបានសង្ខេបជូនភាគីមិត្ត អំពីទិដ្ឋភាពទូទៅ នៃស្ថានភាពនយោបាយ នៅកម្ពុជា ជាពិសេសការបោះឆ្នោតសកល នាពេលឆាប់ៗខាងមុខ ការវិវឌ្ឍសេដ្ឋកិច្ច ភាពអំណោយផល និងទាក់ទាញ នៃការវិនិយោគ នៅកម្ពុជា និងភាពជោគជ័យរបស់ កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន កាលពីឆ្នាំ២០២២។

ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរ បានចែករំលែកទស្សនៈរួម លើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យជាច្រើន រួមមាន កិច្ចសហប្រតិបត្តិការ រវាងក្រសួងការបរទេសទាំងពីរ សភាទាំងពីរ និងរវាងអង្គការតំបន់ ទាំងពីរ គឺអាស៊ាន និងសហភាពអឺរ៉ុប ព្រមទាំងវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ និងវប្បធម៌ ។ល។ លោកទាំងពីរ នឹងលើកទឹកចិត្ត ដល់អាជ្ញាធរពាក់ព័ន្ធ ធ្វើការរួមគ្នា បង្កើតឯកសារគតិយុត្តិ និងរៀបចំវេទិកាវិនិយោគ និងធុរកិច្ច នៅក្នុងប្រទេសទាំងពីរ ដើម្បីជំរុញការចូលរួម កាន់តែសកម្មពីវិស័យឯកជន។ ភាគីទាំងពីរ បានចែករំលែកទស្សនៈ គ្នាទៅវិញទៅមក លើបញ្ហាតំបន់ និងពិភពលោក ដែលជាផលប្រយោជន៍ និងកង្វល់រួម មួយចំនួន។

ជាទីបញ្ចប់នៃកិច្ចពិគ្រោះយោបល់ ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប៉ូឡូញ ស្តីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។ កិច្ចប្រជុំ បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា។ កិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងកម្ពុជា និងប៉ូឡូញ លើកទី៣ នឹងត្រូវធ្វើឡើង នៅប្រទេសប៉ូឡូញ៕ V / N

Post navigation