Views: 1
ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កម្មវិធីអប់រំកាយនិងកីឡា នៅបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា ត្រូវបានទទួលការយកចិត្តទុកដាក់ កាន់តែខ្លាំង នៅក្នុងគ្រឹះស្ថានសិក្សា។
អង្គការបេះដូងមាស ដែលជាអង្គការក្រៅរដ្ឋាភិបាលរបស់ជប៉ុន បានមិនត្រឹមតែបោះពុម្ព ជាសៀវភៅ ស្ដីពីមុខវិជ្ជាអប់រំកាយនិងកីឡា ជូនដល់ក្រសួងអប់រំ យុវជន និងកីឡាតែប៉ុណ្ណោះទេ តែជារៀងរាល់ឆ្នាំ អង្គការនេះ តែងតែធ្វើការផ្លាស់ប្ដូរប្រតិភូគ្នា ទៅវិញទៅមក ដើម្បីស្វែងយល់ពី កម្មវិធីអប់រំកាយនិងកីឡា ពីគ្នាទៅវិញទៅមក។
កាលពីចុងសប្ដាហ៍ កន្លងមក ប្រតិភូកម្ពុជា មួយក្រុមដឹកនាំ ដោយលោក ម៉ាន់ ស៊ីថា ដែលជាប្រធានប្រតិភូ និងជាប្រធានការិយាល័យ កម្មវិធីសិក្សា និងទីលានតាមសាលារៀន នៃនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត បានដឹកនាំប្រតិភូ អប់រំកាយ រាជធានី ខេត្ត គោលដៅចំនួន៣ចេញទៅទស្សនកិច្ចសិក្សាស្រាវជ្រាវ នៅទីក្រុងអូកាយ៉ាម៉ា ប្រទេសជប៉ុន។
ដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវនេះ មានរយៈពេល ៩ថ្ងៃ ប្រតិភូកម្ពុជា នឹងស្រាវជ្រាវ លើកិច្ចដំណើរការបង្រៀន និងគ្រប់គ្រងមេរៀនអប់រំកាយ នៅបឋមសិក្សាមធ្យមសិក្សា និងឧត្តមសិក្សា៕/V-PC


