Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ៊ុយ​ក្រែ​ន​និង​រដ្ឋបាល់​ទិ​ចរិះ​គន់​ម៉ា​ក្រុង​ចំពោះ​សម្តី​ដែលថា​«​ត្រូវ​មាន​ការធានា​សន្តិសុខសំរាប់​រុស្ស៊ី​»

Views: 9

​ប្រែ​សម្រួលៈ​បំណង​(euronews,​ដេល្លី​ម៉េល​)៖ ការលើកឡើង​របស់​ប្រធានាធិបតី​បារាំង​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង ដែល​ថា​លោក​ខាងលិច​គួរ​ពិចារណា​អំពី​តំរូវការ​របស់​រុស្ស៊ី​សំរាប់​ការធានា​សន្តិសុខ​​របស់​រុស្ស៊ី បើសិនជា​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​យល់ព្រម​ចរចា​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែន​នោះ បាន​បង្ក​ព្យុះ​រិះគន់​មួយ​នៅ​ទីក្រុង​គៀវ​និង​បណ្តា​រដ្ឋ​ជា​សម្ពន្ធមិត្ត​ក្នុង​តំបន់​បាល់​ទិច​(Baltic)​កាលពី​ចុង​​សប្តាហ៍​។​

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​បារាំង​TF1 លោក​ម៉ា​ក្រុង​បាន​និយាយថា អឺរ៉ុប​ត្រូវ​ត្រៀម​ទំរង់​សន្តិសុខ​នាពេល​អនាគត​របស់​ខ្លួន​និង​ក៏​គិត​អំពី​«​របៀប​ផ្ត​ល់​ការធានា​សន្តិសុខ​ដល់​រុស្ស៊ី នៅពេល​ដែល​ប្រទេស​នេះ​វិល​មក​កាន់​តុ​ចរចា​»​។​

​លោក​ម៉ា​ក្រុង​រង​ការរិះគន់​ភ្លាម​ក្រោយ​និយាយថា រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ចាំបាច់​ត្រូវការ​ការធានា​សន្តិសុខ​ដើម្បី​បញ្ចប់សង្គ្រាម​អ៊ុ​យក្រែន​

​ជំនួយការ​ជាន់ខ្ពស់រ​បស់​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក មី​ខា​អ៊ី​ឡូ ប៉ូ​ដូល​យ៉ា​ក​(Mykhailo Podolyak)​បាន​និយាយថា គឺ​«​ពិភពលោក​ទេ​ដែល​ត្រូវ​បាន​ការធានា​សន្តិសុខ​ពី​រុស្ស៊ី​មិនមែន​បញ្ច្រាស​ដូច​​នេះ​ទេ​»​។​

​ចំណែក​លោក អូ​ឡេក​ស៊ី ដា​នី​ឡូ​វ​(Oleksiy Danilov)​លេខា​នៃ​ក្រុមប្រឹក្សា​យោធា​និង​សន្តិសុខ​ជាតិ​អ៊ុ​យក្រែន បាន​និយាយថា​រុស្ស៊ី​មួយ​«​គ្មាន​នុយក្លេអ៊ែរ​និង​រំសាយ​ចោល​យោធា​»​នឹង​ជា​ការធានា​ល្អ​​បំផុត​ដោយ​មិន​ត្រឹមតែ​សម្រាប់​អ៊ុ​យក្រែន តែ​ពិភពលោក​ទាំងមូល​។​«​មាន​នរណា​ដែល​ចង់​ផ្តល់​ការធានា​សន្តិសុខ​ដល់​រដ្ឋ​ភេរវកម្ម​និង​ឃាតករ​?​។​ជំនួស​អោយ​ទីក្រុង​ញូ​រែម​ប៊ែរ​( Nuremberg)​តើ​ត្រូវ​ចុះ​​ហត្ថលេខា​និង​ចាប់​ដៃ​រុស្ស៊ី​ឬ​?»​។​

​រំលឹកថា សវនាការ​នៅ​ទីក្រុង​Nuremberg​នៅ​ឆ្នាំ​១៩៤៧​ដើម្បី​កាត់ទោស​ឧក្រិដ្ឋជន​សង្គ្រាម​ណា​ស៊ី​បន្ទាប់​ពី​សង្គ្រាមលោកលើកទី​ពីរ​។​ឥឡូវ​វា​ត្រូវបាន​គេ​មើលឃើញថា​ជា​ព្រឹត្តិការណ៍​នាំមុខ​មួយ​សំរាប់​តុលា​​ការ​នានា ដូច​ជា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​។ រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ បាន​បដិសេធថា កងកម្លាំង​របស់​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ឧក្រិដកម្ម​សង្គ្រាម​ណានៅ​អ៊ុយ​ក្រែនទេ​។​

​ក្រោយ​កិច្ចពិភាក្សា​ជាច្រើន​ជុំ​រវាង​មន្ត្រី​​រុស្ស៊ី​និង​អ៊ុ​យក្រែន ទាំង​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​និង​គៀ​វ​មិនបាន​ជួប​ចរចា​គ្នា​អស់​ពេល​រាប់​ខែ​មក​ហើយ​ដើម្បី​បញ្ចប់សង្គ្រាម​។​រដ្ឋាភិបាល​ទីក្រុង​គៀវ​បាន​និយាយថា​​កិច្ចពិភាក្សា​អាច​ធ្វើទៅបាន​ដរាបណា​រុស្ស៊ី​បញ្ឈប់​ការវាយប្រហារ​ខ្លួន ហើយដកកងកម្លាំង​ទាំងអស់​ចេញ​ពី​ទឹកដី​អ៊ុយ​ក្រែន​ដែល​រុស្ស៊ី​កំពុង​កាន់កាប់​។​

​តែ​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា លោកខាងលិច​ត្រូវតែទទួលស្គាល់​ការប្រកាស​កាត់​ដី​អ៊ុយ​ក្រែន​មួយចំនួន​កាលពីខែក​ញ្ញា​ជា​របស់​រុស្ស៊ី មុន​ពេល​ការពិភាក្សា​ណាមួយ​ជាមួយ​លោកពូ​ទីន​។​

​លោក​ម៉ា​ក្រុង​កាលពី​សប្តាហ៍​មុន​បាន​ជួបពិភាក្សា​ជាមួយ​សម​ភាគី​អាម៉េរិក​ចូ បៃ​ដិន នៅ​ទីក្រុង​វ៉ាស៊ីនតោន​អំពី​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​ក្រោយមក​លោកបៃ​ដិនបាន​និយាយថា មិន​មាន​លក្ខខណ្ឌ​សំរាប់​កិច្ច​​ពិភាក្សា​រវាង​អាម៉េរិក​និង​រុស្ស៊ី​ស្តី​ពី​ការបញ្ចប់​ជម្លោះ​នេះ​ទេ​តែអាម៉េរិកត្រៀមចរចាជាមួយពូទីន៕

Post navigation