កម្មនិមិត្ត បានដល់គ្រឿងសម្គាល់ដែលធ្វើកម្ម គឺរូប សំឡេង ក្លិន រស ផោដ្ឋព្វ និងធម្មារម្មាណ៍ ជាហេតុធ្វើកម្មដោយកាយ វាចា ចិត្តក្នុងវេលាជិតស្លាប់ ។
កម្មនិមិត្តនេះ រមែងជាអារម្មណ៍ប្រាកដក្នុងទ្វារណាមួយផ្នែកខាងកុសលដូចជា បានឃើញព្រះពុទ្ធបដិមា ព្រះចេតិយ បានធ្វើការបូជាដោយផ្កាឈើ បានឮសំឡេងភិក្ខុសម្ដែងធម៌ បានស្រូបក្លិនក្រអូបដែលបូជាព្រះធម៌ មានទឹកមុខញញឹមជាដើមដែលកំពុងរស់នៅ ។
ផ្នែកខាងអកុសល មានការឃើញសត្វដែលខ្លួនសម្លាប់ ឃើញគ្រឿងសម្លាប់ ស្រែកដូចសត្វដែលខ្លួនសម្លាប់ មានអាការៈដូចសត្វដែលខ្លួនសម្លាប់ ក្រហល់ក្រហាយ ភ័យ វង្វេងជាដើមកំពុងប្រព្រឹត្តទៅចំពោះមុខ ។
កម្មនិមិត្តនេះ ជាអារម្មណ៍ដែលជាអតីត និងបច្ចុប្បន្នប្រព្រឹត្តទៅក្នុងទ្វារទាំង៦ ៕ សាន សារិន