រាជធានីភ្នំពេញ ៖ មកដឹងថា តើម្ចាស់ឆ្នាំណាខ្លះដែលរស់នៅក្នុងផ្ទះមានក្តីសុខ សេចក្តីចម្រើន សុភមង្គល ដែលផ្ទះនីមួយៗមានរបៀបតុបតែងផ្សេងៗគ្នា ទៅតាមឆ្នាំកំណើតទាំង១២ឆ្នាំនេះ ។ នេះយោងតាមសៀវភៅ មហាសង្ក្រាន ឆ្នាំខាលចត្វាស័ក រៀបរៀងដោយឯកឧត្តម អ៊ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាស្ត្រខ្មែរ និងសកល ។
ផ្ទះមនុស្សកើតឆ្នាំជូត ៖ ដើម្បីភាពមានទ្រព្យសម្បត្តិមានសេចក្តីសុខ ផ្ទះរបស់មនុស្សកើតឆ្នាំជូត គួរមានគ្រឿងតន្ត្រី យ៉ាងហោចណាស់១ មុខ នៅក្នុងផ្ទះដូចជា ខ្លុយ ព្យាណូហ្គីតា ។ល។ សូម្បីលេងក្តី មិនលេង ក្ដី ត្រឹមមានទុកប្រដាប់ផ្ទះក៏រាប់ថានឹងត្រូវស្លោកនាំជោគល្អមកចូលក្នុងផ្ទះ តែបើសិនជាគ្រឿងតន្ត្រី ដែលសមាជិកគ្រួសារក្នុងផ្ទះអាចលេងបានពិតៗ ឬមានការលេង តន្ត្រីរួមជាមួយគ្នាក្នុងក្រុមគ្រួសារ សម្លេងតន្ត្រីដែលឮឡើង ដូចសម្លេងសួគ៌ដែលហៅទ្រព្យរាប់លានចូលមកក្នុងផ្ទះ ។
ផ្ទះអ្នកកើតឆ្នាំឆ្លូវ ៖ ដើម្បីភាពមានទ្រព្យស្ដុកស្ដម្ភ ផ្ទះរបស់មនុស្សដែលកើតឆ្នាំឆ្លូវ មិនគួរមានអ្វីដែលរាងមូលវេរលែងតែតុអាហារចានឆ្នាំង ដែលមូលបានក្រៅពីនោះ វត្ថុរបស់របរដែលប្រើ ខាងក្នុងផ្ទះគួរជារបស់ជ្រុង ជាមុំទាំងអស់ តួរយ៉ាងដូចជា នាឡិការាង៨ជ្រុង អាងដាំឈូក ៥ជ្រុង ជើងដើម ឈើរាង៤ជ្រុង ជៀសវាងរបស់មានរាងមូល ។
ផ្ទះមនុស្សកើតឆ្នាំខាល ៖ ដើម្បីសេចក្តីចម្រើនរុងរឿង ខាងក្នុងផ្ទះរបស់មនុស្សដែលកើតឆ្នាំខាលមិនថា ជាតុកៅ អីទូ គ្រែ គួរមានខ្នាតធំជាងប្រក្រតី មុខផ្ទះគួរមានដើមឈើធំ ឬសញ្ញលក្ខណៈ ដែលជាធំជាដុំល្អអស្ចារ្យ ជាអាទិ៍ មានទ្វាមុខផ្ទះធំ មានពាងទឹកខ្នាតធំ មានស្រះទឹកខ្នាតធំជាដើម ក្នុងបន្ទប់ទទួលភ្ញៀវ គួរមានរូបភាពព្រះអាទិត្យរះតុបតែងទុកនិងជួយបន្ថែមកម្លាំងអំណាច និងបារមីឲ្យច្រើនឡើងជាដើម ។
ផ្ទះមនុស្សកើតឆ្នាំថោះ ៖ ដើម្បីសេចក្តីសុខ សេចក្តីសម្រេច ផ្ទះរបស់មនុស្សដែលកើតឆ្នាំថោះ គួរជាផ្ទះដែលមានភាពត្រជាក់ត្រជុំ មានម្លប់ត្រជាក់ មានទីលានស្មៅដើមឈើ ផ្កាឈើ អាងឈូកតួផ្ទះ មានខ្យល់ ចេញចូលលំហែរកាយវាលស្រឡះសប្បាយមានពន្លឺថ្ងៃ ហើយរស្មីភ្លឺល្មមក្នុងបន្ទប់ដេកឬបន្ទប់ទទួលភ្ញៀវ គួរមានតុក្កតាសេរាម៉ិច រូបទន្សាយ រូបមាន់ រូបស៊ុត រូបជ្រូក រូបកូនក្មេងទារក ដែលជាសញ្ញលក្ខណៈនៃភាពមានទ្រព្យស្ដុកស្ដម្ភ និងជួយឲ្យមាសប្រាក់មិនធ្លាយហូរទៅណាបាន ទទួលប្រាក់ខែបានឡើងតំណែង បានជួបគូដែលសមតាម បំណងសមប្រាថ្នាគ្រប់ប្រការ ។
ផ្ទះមនុស្សកើតឆ្នាំរោង ៖ ដើម្បីជាសេរីមង្គល ផ្ទះរបស់មនុស្សដែលកើតឆ្នាំរោង គួរនឹងមានឈ្មោះដែលជាមង្គល និងត្រឹមត្រូវតាមគោលទក្សារបស់ម្ចាស់នៃផ្ទះដែលជាធម្មតារមែងនឹងប្រើឈ្មោះឬនាមត្រកូលរបស់ម្ចាស់នៃផ្ទះបើឈ្មោះឬនាមត្រកូលត្រូវស្លោកហើយឈ្មោះ ផ្ទះក៏រមែងនឹងល្អទៅតាមផងឈ្មោះផ្ទះត្រូវមានភាពសក្តិសមទៅលក្ខណៈផ្ទះនិងអ្នកស្នាក់អាស្រ័យហាមផ្ទុយពីការពិត តួយ៉ាងដូចជា ផ្ទះដែលជាប់នឹងភ្នំ តែតាំងឈ្មោះផ្ទះថាផ្ទះមាត់សមុទ្រលក្ខណៈយ៉ាងនេះ គឺថា មិនសក្តិ៍សមធ្វើឲ្យអាប់ជោគជួបប្រសពតែឧបសគ្គក្នុងការដំណើរជីវិត ។
ផ្ទះអ្នកកើតឆ្នាំម្សាញ់ ៖ ដើម្បីសេចក្តីចម្រើនរុងរឿង ផ្ទះរបស់មនុស្សដែលកើតឆ្នាំម្សាញ់ ត្រូវមានពន្លឺភ្លឺជានិច្ច មិនថាជាពេលថ្ងៃឬជាពេលយប់ ត្រូវឲ្យមើលឃើញថា មានពន្លឺនៅគ្រប់វេលាជាពិសេសនៅក្នុងវេលាយប់ គួរមានភ្លឺនៅខាងក្រៅផ្ទះយ៉ាងតិច១ដួងឲ្យមានពន្លឺពេញមួយយប់ រាល់ថាជាមង្គលយ៉ាងប្រសើរ បើផ្ទះនេះមានភាពងងឹត និងនាំភ័យន្តរាយ ឬអាក្រក់មកឲ្យដល់ម្ចាស់ផ្ទះដែលកើតឆ្នាំម្សាញ់ ។
ផ្ទះមនុស្សកើតឆ្នាំមមី ៖ ដើម្បីសេចក្តីសម្រើនឈានទៅមុខ ផ្ទះរបស់អ្នកដែលកើតឆ្នាំមមី ត្រូវមានរូបធ្វើចលនា ធ្វើសកម្មភាពដូចជាគ្រវីទង់មានប្រភពទឹកធ្វើចលនា ទឹកធ្លាក់មានកង្ហារ មានសត្វសុនខ ឬឆ្មារត់លេង មានដើមឈើធំដែលរារាតាមខ្យល់ ខាងក្នុងផ្ទះគួរមានសញ្ញាលក្ខណនៃភាពធ្វើចលនា ឬល្បឿន ដូចជារថយន្តបុរាណ រថភ្លើង ទូកក្តោងសំពៅ យន្តហោះកាំជ្រូច។ល។ ដើម្បីបន្ថែមភាពគង់វង្ស មានទ្រព្យ ផ្ទះដែលស្ងប់ស្ញៀម ហើយស្ងាត់ពេកទៅនោះនឹងធ្វើឲ្យមនុស្សឆ្នាំមមីលំបាក និងអាប់ជោគ ។
មនុស្សដែលកើតឆ្នាំមមែ ៖ ដើម្បីសេចក្តីសុខសេចក្តីសម្រេចផ្ទះរបស់មនុស្សដែលកើតឆ្នាំមមែ គួរជាផ្ទះដែលសក្តិសមជាការងារសិល្បៈ មិនថាជារូបគំនូរ រូបថត ទេសភាព ទស្សនីយ៍ភាព ការចម្លាក់ សៀវភៅ ស៊ីឌីភ្លេង ឌីវីឌីភាពយន្ត ។ល។ សុទ្ធតែត្រូវស្លោក និងនាំជោគល្អ មកដល់មនុស្សដែលកើតឆ្នាំមមែ ហើយប្រសិនបើផលការងារសិល្បៈពួកនោះជាថ្វីដៃរបស់ម្ចាស់នៃម្ចាស់ផ្ទះផងនោះនឹងរឹតតែត្រូវស្លោក ហើយជោគល្អច្រើនឡើងថែមទៀត ។
ផ្ទះមនុស្សដែលកើតឆ្នាំវក ៖ ដើម្បីសេចក្តីចម្រើនរុងរឿងផ្ទះរបស់អ្នកកើតឆ្នាំវក គួរជាផ្ទះដែលមានការពង្រីកបន្ថែម កែលំអ ផ្លាស់ប្តូរ ទៅតាមពេលវេលា ដើម្បីឲ្យស្រប និងសមតុល្យនឹងអ្នកស្នាក់អាស្រ័យ ឬពោលតាមន័យម្យ៉ាងទៀតថា ជាផ្ទះមានការចម្រើនធំដុំរៀលរាល់វេលាតួយ៉ាងដូចជា មានដើមឈើថ្មីៗ មកដាំបន្ថែមជានិច្ច មានតុ ទូ ថ្មីមកជំនួសរបស់ដើមដែលខូចខាត បាត់បង់មានកាំអី ជើងម៉ាថ្ម ឈុតថ្មី មកតាំងបន្ថែមក្នុងសួន មានការប្តូរសំពត់វាំងននថ្មីរាល់ៗ២ឆ្នាំម្តង ប៉ាយផ្ទះដូររាល់៣ឆ្នាំ ។
ផ្ទះមនុស្សកើតឆ្នាំរកា ៖ ដើម្បីសេរីមង្គល ផ្ទះរបស់មនុស្សដែលកើតឆ្នាំរកា ត្រូវស្អាតស្រស់ថ្លា ហើយថ្មីជានិច្ច របស់របរគ្រឿងប្រើក្នុងផ្ទះ គួរចាត់ឲ្យជារបៀបរៀបរយល្អ របងផ្ទះ និងអគារខាងក្រៅផ្ទះគួរដូរប៉ាយថ្មីរាល់ៗ៣ឆ្នាំម្តង ខាងក្នុងបរិវេណផ្ទះ ហាមមានរបស់របរបែកបាក់ ខូចខាត បាត់បង់ ស្លឹកឈើស្ងួត ដើមឈើស្រពោនស្វិតរុះរោយជាដាច់ខាត ស្នាម ប្រេះលើជញ្ជាំង បើឃើញត្រូវប្រញាប់កែភ្លាមៗ អំពូលភ្លើង ក្លង ថូ ទ្វារ បង្អួច ត្រូវល្អ ព្រមប្រើការងារជានិច្ច ។
ផ្ទះមនុស្សកើតច ៖ ដើម្បីសេចក្តីគង់វង្សមានសេចក្តី សុខផ្ទះរបស់មនុស្សដែលកើតឆ្នាំច គួរមានសត្វចិញ្ចឹម ជាពិសេសសុនខ ដែលរាប់ថា ជាសត្វដែលនាំជោគរបស់មនុស្សឆ្នាំច ព្រោះភាពស្មោះត្រង់ ហើយវៀងវៃរបស់សុនខនឹងជួយឲ្យមនុស្សឆ្នាំច អារម្មណ៍ល្អ រីករាយស្រស់ថ្លាខួរក្បាលស្រឡះ ល្អមិនស្មុគ្រស្មាញ ដូច្នោះមិនថា នឹងគិត ឬធ្វើអ្វីក៏សុទ្ធតែមានជោគល្អមានសេចក្តីសម្រេចសុនខ ដែលចិញ្ចឹមទុកមិនគួរចិញ្ចឹមតែ១នោះទេ គួរចិញ្ចឹមចាប់ពី២ឡើងទៅ តែក៏កុំឲ្យច្រើនពេក គួរ ឲ្យស័ក្តិសមនឹងបរិវេណផ្ទះហើយការ មើលថែឲ្យយកចិត្តទុកដាក់ជានិច្ច ។
ផ្ទះមនុស្សកើតញាំកុរ ៖ ដើម្បីសេចក្តីគង់វង្ស មានទ្រព្យសម្បត្តិ ផ្ទះរបស់មនុស្សដែលកើតឆ្នាំកុរ ត្រូវមានបន្ទប់បាយធំទូលាយស្អាត ស្រួលសប្បាយមានឧបករណ៍ក្នុងការធ្វើការដាំស្ល ព្រោះការចូលចង្ក្រាន បាយធ្វើអាហាររបស់មនុស្សឆ្នាំកុររាប់ថា ជារឿងមង្គល មានមកដល់ជោគលាភសេចក្ដីសម្រេច ហើយភាពមានទ្រព្យ ហើយបើមានតុក្កតាសេរាម៉ិចរូបជ្រូកពណ៌សឬស៊ីជម្ពូជាលក្ខណៈនៃភាពឧត្តមសម្បូណ៍ទុកក្នុងបន្ទប់ទទួលភ្ញៀវ ឬបន្ទប់អាហារផង និងរឹតតែត្រូវស្លោកជោគល្អ ហេងហេង បន្ថែមច្រើនឡើង ៕