Views: 1
ប្រែសម្រួល : កញ្ញាដាលីស (អេស៊ាវ័ន) ៖ ក្រុមអវកាសយានិកឯកជនសុទ្ធដែលមានជនជាតិអាម៉េរិកពីរនាក់និងជនជាតិអារ៉ាប៊ីសាអូឌីតពីរនាក់ រួមទាំងស្ត្រីអារ៉ាប់ដំបូងគេដែលបញ្ជូនទៅគន្លងតារាវិថី បានចុះចតនៅសមុទ្ររដ្ឋផ្លរីដាដោយសុវត្ថិភាពកាលពីយប់ថ្ងៃអង្គារ ទី ៣០ ឧសភា ដោយបញ្ចប់បេសកកម្មស្រាវជ្រាវរយៈពេលប្រាំបីថ្ងៃនៅលើស្ថានីយអវកាសអន្តរជាតិ (ISS) ។
យាន SpaceX Crew Dragon ដែលដឹកពួកគេ បានលោតឆត្រយោងចូលទៅក្នុងឈូងសមុទ្រម៉ិកស៊ិកក្បែរឆ្នេរសមុទ្រនៃទីក្រុងប៉ាណាម៉ា (Panama) នៃរដ្ឋផ្លរីដាបន្ទាប់ពីការហោះត្រឡប់មកវិញរយៈពេល ១២ ម៉ោង។
ការចុះមកផែនដីវិញនេះត្រូវបានធ្វើឡើងដោយការផ្សាយផ្ទាល់តាមវេបសាយរួមមួយ ដែលបង្ហាញដោយក្រុមហ៊ុន SpaceX និងក្រុមហ៊ុននៅពីក្រោយបេសកកម្មនេះគឺ Axiom Space។
វាបានបញ្ចប់បេសកកម្មស្ថានីយអវកាសទីពីរដែលរៀបចំ បំពាក់ និងបណ្តុះបណ្តាលទាំងស្រុង ដោយការចំណាយឯកជនដោយក្រុមហ៊ុន Axiom ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានៅទីក្រុងហូស្តុន (Houston) ដែលមានអាយុកាល ៧ ឆ្នាំដឹកនាំដោយអតីតអ្នកគ្រប់គ្រងកម្មវិធី ISS របស់ណាសា។
សមាជិកអវកាសយានិករបស់ Axiom 2 ត្រូវបានដឹកនាំដោយអវកាសយានិកណាសាចូលនិវត្តន៍ លោកស្រី ផេកជី វីតសុន (Peggy Whitson) អាយុ ៦៣ ឆ្នាំ ដែលកាន់កាប់កំណត់ត្រារបស់សហរដ្ឋអាម៉េរិកសម្រាប់ពេលវេលាស្នាក់នៅក្នុងគន្លងតារាវិថីដល់ទៅ ៦៦៥ ថ្ងៃក្នុងអំឡុងបេសកកម្មរយៈពេលវែងចំនួនបីលើកទៅកាន់ ISS រួមទាំងការដើរលើទីអវកាសចំនួន ១០ លើក។ ឥឡូវនេះ លោកស្រីបម្រើការជានាយក Axiom នៃយានអវកាសមានមនុស្សជិះ។
លោកស្រីវីតសុនបានប្រាប់តាមវិទ្យុទាក់ទងទៅកាន់អ្នកបញ្ជាបេសកកម្មភ្លាមបន្ទាប់ពីការចុះចតថា “នោះគឺជាការជិះដ៏អស្ចារ្យ។ យើងពិតជារីករាយនឹងវាណាស់”៕

អវកាសយានិកទាំងបួនត្រឡប់មកដល់ផែនដីវិញដោយសុវត្ថិភាព