Views: 2
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អវកាសយានិករបស់អង្គការណាសា លោក ហ្វ្រែង រូប៊ីអូ (Frank Rubio) បានវិលត្រឡប់មកផែនដីវិញដោយសុវត្ថិភាព បន្ទាប់ពីបានបំបែកឯតទគ្គកម្មសម្រាប់បេសកកម្មជាបន្តយូរបំផុតក្នុងលំហអាកាសដែលមិនធ្លាប់សម្រេចបានដោយជនជាតិអាម៉េរិកពីមុនមក។
បន្ទាប់ពីចំណាយពេល៣៧១ ថ្ងៃនៅលើស្ថានីយអវកាសអន្តរជាតិ (ISS)និងគោចរជុំវិញផែនដីចំនួន៥.៩៣៦ ដង លោករូប៊ីអូបានទៅដល់កាហ្សាក់ស្ថានដោយសុវត្ថិភាពជាមួយនឹងអវកាយានិករុស្ស៊ីពីរនាក់គឺ លោក សឺហ្គេ ប្រូកូបយេវ (Sergey Prokopyev) និង លោក ឌីមីទ្រី ភីតធឺលីន (Dmitri Petelin)។
លោករូប៊ីអូក៏បានក្លាយជាជនជាតិអាម៉េរិកដំបូងគេដែលចំណាយពេលពេញមួយឆ្នាំនៅលើគន្លងតារាវិថីផងដែរ ដោយលើសឯតទគ្គកម្មរបស់អាម៉េរិកមុនដែលកំណត់ដោយលោក ម៉ាក វ៉ាន់ដេ ហី (Mark Vande Hei) ចំនួនពីរសប្តាហ៍។
អ្នកគ្រប់គ្រងអង្គការណាសា លោក ប៊ីល នែលសុន (Bill Nelson) បាននិយាយថា ការធ្វើដំណើរបំបែកឯតទគ្គកម្មនេះមិនមែនគ្រាន់តែជាព្រឹត្តិការណ៍ដ៏សំខាន់មួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជា “ការរួមចំណែកដ៏សំខាន់ដល់ការយល់ដឹងរបស់យើងអំពីបេសកកម្មអវកាសរយៈពេលវែង” ផងដែរ។
លោកបាននិយាយថា “ណាសាសូមថ្លែងអំណរអរគុណយ៉ាងក្រៃលែងចំពោះសេវាកម្មដ៏ប្តូរផ្តាច់របស់លោកហ្វ្រែងចំពោះប្រទេសជាតិរបស់យើង និងការរួមចំណែកផ្នែកវិទ្យាសាស្ត្រដ៏មានតម្លៃដែលគាត់បានធ្វើនៅលើស្ថានីយអវកាសអន្តរជាតិ។ គាត់បានបង្កប់នូវស្មារតីត្រួសត្រាយពិតប្រាកដ ដែលនឹងបើកផ្លូវសម្រាប់ការរុករកនៅថ្ងៃអនាគតទៅកាន់ព្រះចន្ទ ភពព្រះអង្គារ និងភពលើសពីនេះទៀត”។
ទោះយ៉ាងណា ការបំបែកឯតទគ្គកម្មមិនមែនជាបំណងដើមនៃដំណើរដំបូងបង្អស់របស់លោករូប៊ីអូទេ ព្រោះបេសកកម្មនេះត្រូវបានគ្រោងទុកត្រឹមតែប្រាំមួយខែប៉ុណ្ណោះ។
លោករូប៊ីអូនិងសមាជិករបស់គាត់មានគម្រោងវិលត្រឡប់មកផែនដីវិញក្នុងខែមីនា ប៉ុន្តែបានជាប់គាំងនៅលើស្ថានីយអវកាស នៅពេលដែលយានអវកាសដើមរបស់ពួកគេបានលេចធ្លាយសារធាតុត្រជាក់មិននឹកស្មានដល់។
ក្រោយមក មូលហេតុត្រូវបានរកឃើញថាជា Micrometeorite ឬបំណែកកម្ទេចកម្ទីអវកាស ដែលបានវាយប្រហារយានអវកាស Soyuz MS-22 ពេលបំពេញបេសកកម្មបានតែបីខែ ដោយធ្វើឱ្យវាគ្មានសុវត្ថិភាពក្នុងការវិលត្រឡប់មកផែនដីវិញទេ៕



លោក ហ្វ្រែង រូប៊ីអូ ចុះមកដល់ផែនដីវិញដោយសុវត្ថិភាព