ដោយៈតារារិទ្ធ/សៀមរាប:ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានសម្រេចកំណត់ជា គោលការណ៍ឲ្យបើកផ្តល់សាច់ប្រាក់ជូនគ្រួសារជនក្រីក្រដែលមកធ្វើចត្តាឡីស័កក្នុងមួយថ្ងៃ ចំនួនពីរម៉ឺនរៀល ។សម្តេចតេជោ បានកំណត់បែបនេះនៅក្នុងពិធីបើកបើកការដ្ឋានសាងសង់និងកែលំអផ្លូវ៣៨ខ្សែ និងកែលម្អដង ស្ទឹងសៀមរាបនាព្រឹកថ្ងៃទី៣០ ខែ វិច្ឆិកា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាពេលខ្លះអ្នកដែលត្រូវធ្វើចត្តាឡីស័កគឺជាអ្នកត្រូវរកប្រាក់ដើម្បីចិញ្ចឹមគ្រួសារ ។ ប៉ុន្តែខ្លួនគាត់ត្រូវធ្វើចត្តាឡីស័កនៅក្នុងផ្ទះឬក៏នៅកន្លែងប្រមូលផ្ដុំ។ដូច្នេះយើងត្រូវយកចិត្តទុកដាក់ផ្គត់ផ្គង់នូវស្បៀងអាហារចំពោះពួកគាត់ ។
សម្តេចបន្តថា”ខ្ញុំគិតថាក្នុងមួយគ្រួសារមួយឬពីរម៉ឺនរៀលក្នុងមួយថ្ងៃវាមិនច្រើនទេសម្រាប់ពួកគាត់តែវាច្រើនសម្រាប់រដ្ឋ។តែរដ្ឋអាចរ៉ាប់រងបាន។អញ្ចឹងសូមឲ្យក្រសួងសុខាភិបាលដែលកំពុងគ្រប់គ្រងនូវថវិកាទាំងឡាយដែលបានមកពីការចូលរួមវិភាគទានរបស់មន្ត្រីរាជការកងកម្លាំងអាវុធដែលបានចូលរួមមានប្រមាណ៤២ពាន់លានរៀលហើយបានចូលទៅដល់ធនាគារប្រមាណ៣៦ពាន់លានរៀលបែងចែកទៅដល់ខេត្តគោលដៅមួយចំនួនក្នុងមួយខេត្តអាច៥០លានរៀលដើម្បីឲ្យខេត្តអាចប្រើប្រាស់ថវិកានោះសម្រាប់ឲ្យទៅមូលដ្ឋានចែកជូនទៅចំពោះគ្រួសារអ្នកដែលត្រូវធ្វើចត្តាលីស័ក។ចំពោះអ្នកមកធ្វើចត្តាឡីស័កនៅមណ្ឌលយើងត្រូវចិញ្ចឹមបាយទឹកឱ្យពួកគាត់ផ្តល់មុងភួយកន្ទេលខ្នើយឲ្យពួកគាត់” ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថានេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលហើយធ្វើបែបនេះក៏ដើម្បីឲ្យអាជ្ញា ធរខេត្តអនុវត្តបានបទបញ្ជាពេញលេញរបស់នាយករដ្ឋមន្ត្រី ។ សម្តេចបញ្ជាក់ថា”ខ្ញុំសូមកំណត់ជាគោលការណ៍តែ ម្ដងក្នុងមួយគ្រួសារទទួលបានពីរម៉ឺនរៀលក្នុងមួយថ្ងៃ ” ៕