Views: 6
ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជួនដំណឹងរួមគ្នាមួយ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ស្តីពីការដាក់ឱ្យប្រើប្រាស់ វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់ បាន តាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ។
សេចក្តីជួនដំណឹងរួមគ្នានោះ បានបញ្ជាក់ថាៈ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូន មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ព្រមទាំងគណៈគ្រប់គ្រង នៃគ្រប់គ្រឹះស្ថានអប់រំសាធារណៈ និងឯកជន និងសាធារណជនទាំងអស់ មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេចដាក់ឱ្យប្រើ វិញ្ញាបនបត្របណ្ដោះអាសន្ន មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្ដង់ដា- ដែលអាចផ្ទៀងផ្ទាត់ អំពីយថាភូតភាព បូរណភាព និងសុពលភាពបាន តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលអភិវឌ្ឍ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ការដាក់ឱ្យប្រើវិញ្ញាបនបត្រនេះ គឺជាការវិវឌ្ឍថ្មីមួយ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឱ្យប្រសើរឡើងនូវ ការផ្តល់សេវាសាធារណៈ កាន់តែងាយស្រួល និងមាន ប្រសិទ្ធភាពខ្ពស់ ស្របតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាជំហានថ្មី ក្នុងការជំរុញ ការធ្វើបរិវត្តកម្ម ឌីជីថល ក្នុងក្រសួង ស្ថាប័នរដ្ឋ ស្របតាមក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា និងគោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា។
សិស្សានុសិស្ស អាចប្រើវិញ្ញាបនបត្រនេះ ដើម្បីដាក់ពាក្យស្នើសុំចូលសិក្សា នៅគ្រឹះស្ថាន ឧត្តមសិក្សាទាំងអស់ ដោយពុំចាំបាច់តម្រូវឱ្យធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លង នៃវិញ្ញាបនបត្របណ្តោះអាសន្ន ក្នុងទម្រង់ជាក្រដាស ហើយគ្រឹះស្ថាន ឧត្តមសិក្សាទាំងអស់ អាចស្កេន QR Code ស្តង់ដា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃវិញ្ញាបនបត្រនេះ តាមរយៈថ្នាលផ្ទៀងផ្ទាត់ ឯកសារ verify.gov.kh។
សិស្សានុសិស្ស អាចស្នើសុំវិញ្ញាបនបត្រនេះ ដោយចូលទៅក្នុង ឆានែល តេលេក្រាម (Telegram Channel) ឈ្មោះ ” វិញ្ញាបនបត្របណ្ដោះអាសន្ន មធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ” – តាមរយៈតំណភ្ជាប់ http://t.me/TemporaryBacllCertificate រួចបំពេញព័ត៌មានចាំបាច់ មួយចំនួន ឬអាចទៅទទួលយកដោយផ្ទាល់នៅ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត។
សម្រាប់ព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងការស្នើសុំ សូមទំនាក់ទំនងលេខទូរសព្ទ ១២៣ (ហៅចូលដោយឥតគិតថ្លៃ)។ អាស្រ័យហេតុនេះ សូមមាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស គណៈគ្រប់គ្រងនៃគ្រប់គ្រឹះស្ថានអប់រំសាធារណៈ និងឯកជន និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន៕/V




