ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសម្នាក់ ទំនងជាស្រវឹង បើករថយន្ត ក្នុងល្បឿនលឿន ដល់ផ្លូវបំបែកអក្សរតេ ជ្រុលបុកចូលហាង លក់ស្រាក្រឡុក ខណៈភ្ញៀវកំពុងអង្គុយផឹក បណ្តាលឲ្យរត់ជាន់ជើងគ្នា រងការខូចខាត សម្ភារនៅក្នុងហាង ក៏ប៉ុន្តែមិនបង្កឱ្យមានគ្រោះថ្នាក់ ដល់មនុស្ស នៅក្នុងនោះទេ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខអគ្គិសនីកម្ពុជា សាខាទួលពង្រ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញថា ទីតាំងខាងលើ កំពុងទទួលភ្ញៀវជាច្រើន ចូលអង្គុយផឹក ស្តាប់តន្ត្រីយ៉ាងសប្បាយ ខណៈមកដល់វេលាកើតហេតុ ស្រាប់តែមានរថយន្ត ម៉ាកអូឌី OD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL 7897 បើកបរដោយបុរសម្នាក់ ធ្វើដំណើរ តាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីខាងជើង ទៅខាងត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បួងចង្កូតមកខាងឆ្វេង តែមិនទាន់ ក៏ជ្រុលទៅបុកចូលហាង ស្រាក្រឡុក ពេញទំហឹង បណ្តាលឲ្យរងការខូចខាត។ ចំណែកភ្ញៀវ កំពុងអង្គុយផឹកស៊ី បានរត់ជាន់ជើងគ្នា ក៏ប៉ុន្តែមិនបង្កឱ្យមានគ្រោះថ្នាក់ ដល់មនុស្ស នៅក្នុងនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ និងទាក់ទងទៅជំនាញ មកវាស់វែង យករថយន្ត ទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់៕/V