Views: 12
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រសិនបើអ្នកតាំងខ្លួនជាអ្នកបើកបរខ្ជិលច្រអូសហើយយល់ឃើញថាការកាច់ចង្កូតដោយដៃវាលំបាកពេក នោះរថយន្តចុងក្រោយបង្អស់របស់BMWគឺសមនឹងផ្លូវបើកបររបស់អ្នកហើយ។
រថយន្តអគ្គិសនី Saloon 5 Seriesរបស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់នេះ អនុញ្ញាតឱ្យអ្នកប្តូរគន្លងផ្លូវដោយគ្រាន់តែមើលកញ្ចក់ស្លាបរបស់អ្នកប៉ុណ្ណោះ។
រថយន្ត ដែលមានតម្លៃចាប់ពី ៤៩.៨៥០ ផោន (៦១.៥១៩ ដុល្លារ) នេះត្រូវបានបំពាក់កាមេរ៉ានៅពីក្រោយដៃចង្កូត ដែលតាមដានការសម្លឹងមើលរបស់អ្នកបើកបរ។
នៅពេលដែលរថយន្តណែនាំឱ្យប្តូរគន្លង ឧទាហរណ៍នៅពេលដែលរថយន្តខាងមុខបើកយឺតពេក វាអាចត្រូវបានបញ្ជាក់ដោយគ្រាន់តែអ្នកបើកបរមើលទៅកញ្ចក់ស្លាបប៉ុណ្ណោះ។
នៅពេលទទួលបានសញ្ញាបញ្ជាក់នេះ រថយន្តនឹងគ្រប់គ្រងចលនាចង្កូតចាំបាច់ដោយស្វ័យប្រវត្តិនិងប្តូរគន្លងផ្លូវតែម្តង។
ក្រុមហ៊ុន BMW និយាយថា លក្ខណៈពិសេស “ដំបូងគេលើពិភពលោក” នៅលើរថយន្ត 5 Series Saloon ដែលហៅថា Active Lane Change Assistant “ធ្វើឱ្យបទពិសោធន៍នៃការបើកបរមានលក្ខណៈស្វ័យប្រវត្តិដោយផ្នែក” និងបង្កើតលក្ខខណ្ឌសម្រាប់ “ការបំពេញមុខងារបានយ៉ាងល្អប្រសើរ”។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មុខងារផាសុកភាពនេះឥឡូវសម្រេចបាននូវកម្រិតថ្មីមួយនៃអន្តរកម្មរវាងអ្នកបើកបរនិងរថយន្ត”។
“រថយន្តណែនាំឱ្យប្តូរគន្លង ហើយនេះអាចត្រូវបានអនុវត្តជាលើកដំបូងដោយគ្រាន់តែមើលកញ្ចក់ខាងក្រៅដើម្បីបញ្ជាក់ការប្តូរគន្លងប៉ុណ្ណោះ”៕




រថយន្ត 5 Series Saloon អាចប្តូរគន្លងជូនដោយស្វ័យប្រវត្តិ ដោយគ្រាន់តែអ្នកបើកបរសម្លឹងមើលកញ្ចក់ក្រៅ