Views: 1
ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ បុរសម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ នៅពេលបុរស នោះ កំពុងបើកម៉ូតូ បត់ត្រឡប់ក្រោយ ហើយក៏ត្រូវរថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុន កាពីតូល បុកពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ ។ ចំណែកឯរថយន្តបង្កហេតុ បានព្យាយាមបន្តបើករត់ទៅមុខ តែត្រូវសមត្ថកិច្ចឃាត់បានរថយន្ត រីឯអ្នកបើកបរ បានរត់គេចខ្លួន បាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឱ្យដឹងថាៈ សពជនរងគ្រោះ សមត្ថកិច្ច នៅពុំទាន់ស្គាល់អត្តសញ្ញាណ នៅឡើយ មានអាយុជាង ៣០ ឆ្នាំ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឱ្យដឹងថាៈ មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូម៉ាក Honda zoomer-x ពណ៌លឿងលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GO-7816 តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីខាងលិច ទៅខាងកើត រួចក៏បានបត់ឆ្វេង ត្រឡប់ក្រោយ ។ ខណ:ពេលបត់ ដល់ពាក់កណ្តាលផ្លូវ ក៏មានរថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុនកាពីតូល ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-4740 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងលឿន ខណៈមកដល់ ចំណុចកើតហេតុ បានជ្រុលទៅបុក ម៉ូតូពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ ដួលបោកនឹងថ្នល់ បណ្តាលឱ្យបុរស ជាអ្នកបើកម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។
ភ្លាមនោះដែរ អ្នកបើករថយន្តបានបន្ថែមល្បឿន បើកទៅមុខជាច្រើនម៉ែត្រ រួចទុករថយន្តចោល រត់គេចខ្លួន បាត់ស្រមោល។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់ រួចហៅរថយន្តស្ទូច មកស្ទូចយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយ នៅពេលក្រោយ និងធ្វើកំណត់ហេតុ ប្រគល់សពឱ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕/V

