Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រថយន្តឡង់គ្រីស័រ បុករថយន្តសាំយ៉ុងដឹកសិស្ស បង្កឱ្យសិស្ស របួសធ្ងន់ស្រាល ៥ នាក់

Views: 6

ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ក្មេងសិស្សសាលាប្រុស ស្រី ៥ នាក់ បានរងរបួសធ្ងន់ និងស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តតូយ៉ូតា ឡង់គី្រស័រ ពាក់ផ្លាកលេខ ខ.ម បុកជាមួយរថយន្តសាំយ៉ុង ដឹកសិស្សសាលា ដែលកំពុងបត់ឆ្វេង កាត់ពីមុខ មិនប្រយ័ត្ន ក្នុងទិសដៅខ្វែងគ្នា ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១១ ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចទំនាបអំពិល លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ ៥៧ និង ៥៨ ស្ថិតក្នុងភូមិព្រៃពិស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក នន ស៊ីណាត អធិការនគរបាល ស្រុកកំពង់ត្រឡាច បានឲ្យដឹងថាៈ នៅមុនពេលកើតហេតុ រថយន្តទូរីស ម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AW 1849 បើកបរដោយឈ្មោះ សែន អានីន ភេទប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិខ្មែរ (ត្រូវបានឃាត់ខ្លួន) រស់នៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដឹកសិស្សសាលា ចំនួន ៤នាក់ ស្រី១នាក់ បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីខាងជើង ទៅខាងត្បូង។ លុះមកដល់ ចំណុចខាងលើ រថយន្តនេះ បានបត់ឆ្វេង (ប្ដូរទិសផ្លូវដោយមិនប្រុងប្រយ័ត្ន) ក៏ត្រូវរថយន្ត ម៉ាកតូយ៉ូតា ឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខ ខេមរភូមិន្ទ 02-27778 អ្នកបើកបរ ឈ្មោះ អៀង ណារា ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បើកបរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង ក្នុងដំណើរខ្វែងទិសគ្នា ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យរងរបួស ក្មេងសិស្សសាលា ចំនួន ៥ នាក់ (ស្រី១នាក់) ក្នុងនោះ របួសធ្ងន់ ២ នាក់ (ប្រុស) និងខូចរថយន្ត ២ គ្រឿងធ្ងន់ និងខូចរនាំងដែកសុវត្ថិភាពផ្លូវថ្នល់ ប្រវែង ៦ ម៉ែត្រ។

លោកអធិការនគរបាលស្រុក បានឲ្យដឹងទៀតថាៈ ក្រោយពេលកើតហេតុ អ្នករងរបួស ត្រូវក្រុមគ្រួសារ បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច។ ដោយឡែក រថយន្តទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកំពង់ឡាច។ ចំណែកអ្នកបើកបររថយន្តសាំយ៉ុងដឹកសិស្ស ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនអ្នកបើកបរ កសាងសំណុំរឿង តាមនីតិវិធីច្បាប់។

ការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច​អ្នកបើកបររថយន្តសាំយ៉ុងដឹកសិស្សសាលា ពាក់ផ្លាកលេខ ភ្នំពេញ 2AW-2849 បើកបរប្ដូរទិសផ្លូវ មិនប្រុងប្រយ័ត្ន កាត់មុខរថយន្ត តូយ៉ូតា ឡង់គ្រីស័រ ដែលមកពីទិសបញ្ច្រាសគ្នា។ ចំណែកអ្នកបើ កបររថយន្ត ពាក់ផ្លាកលេខ ខេមរភូមិន្ទ 02-02-7778 បើ កបរត្រឹមត្រូវ នៅក្នុងគន្លងផ្លូវរបស់ខ្លួន៕ V / N

Post navigation