Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋាភិបាលនិងក្រុមហ៊ុនឯកជន ពិគ្រោះយោបល់អំពីគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ

Views: 1

ដោយៈសុផល/ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយនឹង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមហ៊ុន YCH និងក្រុមហ៊ុនWorldBridge នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពីគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដោយមានការចូលរួមផ្ទាល់ពីសំណាក់មន្រ្តីជាន់ខ្ពស់ក្រសួង មន្រ្តីជំនាញពីភាគីពាក់ព័ន្ធដូចជាកំពង់ផែស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាផងដែរ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពន្យល់បង្ហាញអំពីទិដ្ឋភាពទូទៅ និងផែនការរយៈពេលវែងនៃគម្រោងPP-LC ដែលធ្វើឡើងដោយក្រុមហ៊ុន PricewaterhouseCoopers (PwC), ចែករំលែក និងពិភាក្សាអំពីសេវាកម្មពាក់ព័ន្ធដែលត្រូវផ្តល់ជូនក្នុងគម្រោងPP-LC ដែលបានស្នើឡើងរួមទាំងសេវាកម្ម តម្លៃបន្ថែម (Value added) ដែលមានសក្តានុពល និងគំនិតផ្តួចផ្តើមថ្មីផ្សេងទៀត និង  ប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ និងស្វែងរកកិច្ចសហការ និងការគាំទ្រសម្រាប់គម្រោង PP-LCផងដែរ។

អង្គប្រជុំបានពិភាក្សាអំពីចំណុចសំខាន់ៗដែលពាក់ព័ន្ធនឹង គ្រឿងបរិក្ខារ និងសេវាកម្មនៅក្នុង PP-LC គុណតម្លៃសេវាបន្ថែម (Value added services) ដូចជាការច្រកប៉ាឡែត ការបិទស្លាកសញ្ញា ការដឹកជញ្ជូនឆ្លងកាត់ ការរត់ការឯកសារ ការលើកដាក់ទំនិញ (cross-docking) ការវេចខ្ចប់ និងការវេចខ្ចប់ឡើងវិញ សេវាកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការត្រួតពិនិត្យដោយគយ ការទូទាត់កម្រៃជើងសារគយ ជាដើម។

សូមជម្រាបជូនថា គម្រោងPP-LC គឺជាគម្រោងដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានកំណត់ជាក់លាក់ នៅក្នុងផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោយបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣ CITLS (Comprehensive Master Plan on Cambodia Intermodal Transport and Logistics System 2023-2033) ដើម្បីបង្កើនប្រសិទ្ធភាពវិស័យភស្តុភារកម្មនៅក្នុងប្រទេស និងបំពេញចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលភស្តុភារកម្ម នៅក្នុងមហាអនុតំបន់មេគង្គ(GMS)។

លោក ឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងអំណរគុណដល់ក្រុមការងារសិក្សាគម្រោង អភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដែលបានសហការរៀបចំសិក្ខាសាលាដ៏សំខាន់នេះឡើង និងសិក្ខាកាមជាតំណាងក្រសួងពាក់ព័ន្ធទាំងអស់ ដែលបានចូលសិក្ខាសាលាពិភាក្សានេះផងដែរ។ជាលទ្ធផល សិក្ខាសាលាបានដំណើរការដោយជោគជ័យ និងទទួលបានការគាំទ្រជាវិជ្ជមាន និងទទួលបានធាតុចូលជាផ្លែផ្កាពីសំណាក់សិក្ខាកាមតំណាងភាគីពាក់ព័ន្ធទាំងអស់៕ P / N

Post navigation