Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្រ្តីពាណិជ្ជកម្ម បង្ហាញទំនិញសក្តានុពល ដល់ភាគីឥណ្ឌូណេស៊ី ពាក់ព័ន្ធវិស័យកសិកម្ម

Views: 2

ដោយៈ ពៅនិមល / ភ្នំពេញ៖ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីល្ងាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក អុីងហ្គាទីស្តូ ឡូគីតា (Enggartiasto Lukita) អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូណេស៊ី និងសហការី ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ទ្វេភាគី រវាងកម្ពុជា និងឥណ្ឌូណេស៊ី ព្រមទាំងចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន កាលពីឆ្នាំ ២០២២។

ប្រភពពីក្រសួងពាណិជ្ជកម្ម នៅរាត្រីថ្ងៃទី២២ ខែមីនានេះ បានឲ្យដឹងក្នុងបណ្តាញ សង្គមថាៈ លោក ប៉ាន សូរស័ក្តិ បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានជួប សំណេះសំណាល និងពិភាក្សាការងារជាមួយ លោក Enggartiasto Lukita និងបានជម្រាបជូនផងដែរ អំពីបទពិសោធន៍របស់កម្ពុជា ក្នុងការបំពេញតួនាទីជា ប្រធានអាស៊ាន ឆ្នាំ២០២២ ស្របពេលដែលពិភពលោក កំពុងស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ និងកំពុងប្រឈមនឹងបញ្ហាសកលជាច្រើន ដូចជា ជម្លោះរុស្ស៊ី និងអ៊ុយក្រែន ការឡើងថ្លៃទំនិញស្បៀងអាហារ និងវិបត្តិថាមពលជាដើម។

លោករដ្ឋមន្រ្តី បានជំរុញភាគីឥណ្ឌូណេស៊ី នាំចូលផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី និងស្វាយ ជាដើម ដែលជាផលិតផលសក្តានុពលរបស់ កម្ពុជា និងកំពុងត្រូវបានជំរុញឱ្យមានការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិនានា ជាពិសេស អង្ករកម្ពុជា ដែលទទួលបានពានរង្វាន់ អង្ករល្អដាច់គេ លើពិភពលោកចំនួន ៥ ដង ហើយការទទួលបានពានរង្វាន់អង្ករ ល្អដាច់គេលើពិភពលោក លើកចុងក្រោយ គឺ នៅឆ្នាំ២០២២ នៅប្រទេសថៃឡង់ដ៏។ លោកបានលើកឡើងថា វិនិយោគិនឥណ្ឌូ ណេស៊ី អាចវិនិយោគលើវិស័យកសិកម្ម ដូចជាការបង្កើតរោងម៉ាស៊ីនកិនស្រូវ ការកែច្នៃដំឡូងមី ជាផលិតផលឱសថ និងប្រដាប់វេចខ្ចប់ សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ ការកែច្នៃស្វាយ និងផ្លែឈើផ្សេងៗ ។

ទន្ទឹមនឹងនោះដែរ លោកបានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី ភ្ជាប់ជើង ហោះហើរត្រង់ ពីឥណ្ឌូណេស៊ី មកកាន់កម្ពុជា ឲ្យបានឆាប់ៗ ដើម្បីសម្រួលដល់លំហូរ វិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរ។

នាឱកាសនោះដែរ លោក Enggartiasto បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណ លោករដ្ឋមន្រ្តី ដែលបានឆ្លៀតពេល ទទួលជំនួបសំណេះសំណាល និងពិភាក្សាការងារ ស្របពេលដែល លោកធ្វើដំណើរទៅចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន លើកទី២៩ (29th AEM Retreat) នៅទីក្រុងម៉ាហ្គាឡាំង ប្រទេសឥណ្ឌូណេស៊ី។ បន្ថែមពីនេះ លោក Enggartiasto បានអបអរសាទរ កម្ពុជា សម្រាប់ការទទួលបានភាពជោគជ័យ ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ និងបានបង្ហាញអំពីគោលបំណង ក្នុងការពង្រឹងកិច្ចប្រតិបត្តិការ ជាមួយ ក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគី លំហូវិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរ។

លោក Enggartiasto Lukita ក៏បានកត់សម្គាល់ផងដែរថាៈ កម្ពជាមានការ អភិវឌ្ឍសេដ្ឋកិច្ច រីកចម្រើន និងមានកំណើនធន់រឹងមាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានប្ដេជ្ញាចិត្ត ក្នុងការបន្ត ថែរក្សាស្ថេរភាពនយោបាយ វិបុលភាព និងស្ថេរភាពសេដ្ឋកិច្ច ជាពិសេសបានកោត សរសើរ ពីកិច្ចខិតខំប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញទំនិញ កសិកម្ម និងទាក់ទាញវិនិយោគ។

នៅកិច្ចបញ្ចប់ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ លោក Enggartiasto ចំពោះការរៀបចំកិច្ចពិភាក្សានេះ និងបានប្តេជ្ញាថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី ឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀត៕ V / N

Post navigation