Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្រ្តីការងារ៖ ឪពុកម្តាយសិស្ស ភាគច្រើន តែងបញ្ជូនកូនចៅ ទៅសិក្សារៀនសូត្រ ឱ្យមានចំណេះដឹងខ្ពង់ខ្ពស់

Views: 1

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ តាមការសង្កេតឃើញ ឪពុកម្តាយ ក៏ដូចជាអាណាព្យាបាលសិស្ស បានយកចិត្តទុកដាក់ បញ្ជូនកូនចៅ ចូលសិក្សារៀន សូត្រខ្ពង់ខ្ពស់។ លក្ខណៈទាំងអស់នេះ ហើយពិតជាបង្កើតបាន នូវវប្បធម៌ដ៏ល្អមួយ ជាមោទកភាព សម្រាប់ជាតិរបស់យើង ដែលកម្ពុជា នឹងសំបូរធនធានមនុស្ស ដើម្បីបំពេញតម្រូវការ នៃការរីកលូតលាស់ យ៉ាងឆាប់រហ័សរបស់ពិភពលោក។ នេះជាការបញ្ជាក់ពីសំណាក់លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ។

គួរបញ្ជាក់ថា ការថ្លែងពីសំណាក់លោក អុិត សំហេង បែបនេះ ធ្វើឡើងក្នុងឱកាស អនុញ្ញាតឱ្យគណៈគ្រប់គ្រង សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយ លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ។

ជាមួយនឹងនេះ លោក អុិត សំហេង បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា ដែលបានធ្វើការវិនិយោគ លើប្រព័ន្ធអប់រំមួយនេះ ឱ្យមានការរីក ចម្រើន ហើយបានពង្រីកវិសាលភាព នៅទូទាំងប្រទេស ដើម្បីរួមចំណែកក្នុងការ បណ្តុះបណ្តាលធនធានមនុស្ស ដែលជាវិស័យអាទិភាពដ៏ចាំបាច់ ដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថាៈ ចំណែកវិស័យបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ក៏បានធ្វើការកំណែទម្រង់ជាបន្តបន្ទាប់ ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលធនធាន មនុស្ស ឱ្យបានឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងលឿនរបស់កម្ពុជាផងដែរ។

ទាក់ទិនក្នុងរឿងនេះ លោក ហេង វ៉ាន់ដា បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី ដែលតែងបានផ្តល់ឱកាស ឱ្យខាងសមាគមចូលរួម ពិភាក្សាការងារ ជាការផ្លាស់ប្តូរ យោបល់ និងដោះស្រាយបញ្ហាមួយចំនួន។ ជាមួយនេះដែរ ខាងតំណាងសមាគម បានជម្រាបជូនលោករដ្ឋមន្ត្រី ពីប្រវត្តិ និងវឌ្ឍនភាព របស់សមាគម ដោយបច្ចុប្បន្ន សមាគម មានសមាជិកចំនួន ១២០ គ្រឹះស្ថាន-សាលា ដោយបង្កើតឡើង ដើម្បីចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស ជួយពង្រឹងប្រព័ន្ធអប់រំ នៅកម្ពុជា ព្រមទាំងផ្លាស់ប្តូរមតិយោបល់ ជាមួយស្ថាប័ននានាទាំងក្នុង និងក្រៅប្រទេស។

លោក រដ្ឋមន្ត្រី បានកោតសរសើរ ចំពោះយន្តការ និងសកម្មភាពនានារបស់សមាគម ដែលបានចូលរួម នៅក្នុងកិច្ចការងារយ៉ាងច្រើន ទាំងបុព្វហេតុរក្សាស្ថេរភាព និងសន្តិភាពរបស់កម្ពុជា។ ទន្ទឹមនេះ ដើម្បីអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ជូនដល់យុវជនចំនួន ១លាន ៥សែននាក់ លោករដ្ឋមន្ត្រី បានស្នើដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ (TVET) ក្រោមឱវាទរបស់ក្រសួងការងារ ធ្វើការបណ្តុះបណ្តាល យុវជនកម្ពុជា លើជំនាញ វិជ្ជាជីវៈនេះ ឱ្យមានគុណភាព ដើម្បីបង្កើតអាជីព សម្រាប់ខ្លួនផ្ទាល់ និងនៅតាម បណ្តារោងចក្រ សហគ្រាសផ្សេងៗ ដែលមានតម្រូវការ។

លោក អុិត សំហេង បានបញ្ជាក់ជូន សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាថាៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តកិច្ចសហការកាន់តែល្អជិតស្និទ្ធ បន្តទៀតជាមួយគ្នា ដើម្បីសម្រួលដល់ការលំបាក ដោះស្រាយនូវរាល់សំណូមពរនានា ឱ្យបានកាន់តែប្រសើរ៕ V / N

Post navigation