Views: 5
ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា គម្រោងប្រព័ន្ធ FMIS គឺធ្វើការកែលម្អ នូវការទទួលព័ត៌មានហិរញ្ញវត្ថុ និងការផ្តល់ សេវាកម្ម លើវិស័យហិរញ្ញវត្ថុសាធារណៈ ដែលនេះជាគម្រោងសំខាន់ សម្រាប់ប្រទេស កម្ពុជាដែលមានទិសដៅផ្លាស់ប្តូរ នូវនីតិវិធីអនុវត្តហិរញ្ញវត្ថុ ពីការប្រើប្រាស់ដោយដៃ ជាទូទៅ ឬដោយផ្នែកខ្លះ បានដំណើរការជាលក្ខណៈប្រព័ន្ធតូចៗ ឱ្យទៅជាប្រព័ន្ធអេឡិច ត្រូនិក (ដំណើរការជាប្រព័ន្ធកុំព្យូទ័រ) ។

ការថ្លែងពីសំណាក់ លោក សាយ សំអាល់ បែបនេះធ្វើឡើង ក្នុងសិក្ខាសាលាស្ដីពី «ការផ្សព្វផ្សាយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដល់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ» នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នៅទីស្តីការក្រសួងបរិស្ថាន។
ដោយឡែក លោក ពុទ្ធ សូរិទ្ធី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងបរិស្ថាន បានឱ្យដឹងថាៈ ចំពោះការអនុវត្ត និងប្រតិបត្តិការគ្រប់គ្រងហិរញ្ញវត្ថុ តាមប្រព័ន្ធព័ត៌មានវិទ្យា FMIS ទាំងស្រុងនេះក្រសួងបរិស្ថាន ត្រូវបានទទួលស្គាល់ និងលើកទឹកចិត្ត ថាជាស្ថាប័នគំរូ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានផ្តល់ជាមេរៀន និងបទពិសោធន៍ល្អៗ ដើម្បីឱ្យក្រសួង–ស្ថាប័ន ដែលមិនទាន់បានចូលជាអង្គភាពថវិកា អាណាប័កផ្ទេរសិទ្ធិពេញលេញ យកមកអនុវត្តឱ្យកាន់តែប្រសើរឡើង និងពេញលេញទាំងស្រុង។

លោក សាយ សំអាល់ បានមានប្រសាសន៍បន្ថែមថាៈ គោលដៅចម្បងរបស់ការអនុវត្ត គម្រោងប្រព័ន្ធ FMIS គឺដើម្បីគាំទ្រ ជំរុញនិងពន្លឿនសកម្មភាពទូទៅរបស់កម្មវិធី កែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) នៅគ្រប់ដំណាក់កាល ដោយបង្កើននូវគណនេយ្យភាព ប្រសិទ្ធភាព ភាពស័ក្កិសិទ្ធិ និងការធ្វើទំនើបភាវូបនីយកម្ម ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅកម្ពុជាដែលនឹងផ្ដល់នូវព័ត៌មានចំណូលចំណាយ ថវិកាគ្រប់ជ្រុងជ្រោយ ទាន់ពេលវេលា និងនៅក្នុងរយៈពេលវែង។

ក្នុងពិធីនេះដែរ លោក សាយ សំអាល់ បានថ្លែងអំណរគុណចំពោះក្រុមការងារ នៃគម្រោងប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំឱ្យមានប្រព័ន្ធព័ត៌មានវិទ្យានេះឡើង និងបានបណ្ដុះបណ្ដាល ដល់មន្ត្រីរាជការ ពាក់ព័ន្ធនៃក្រសួងបរិស្ថាន ក្នុងការប្រើប្រាស់ ប្រព័ន្ធនេះ សំដៅជំរុញភាពជឿទុកចិត្តនៃថវិកាគណនេយ្យភាពហិរញ្ញវត្ថុ និងសមិទ្ធផលការងារ ។
លោក រដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់ក្រុមការងារ កម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ នៃក្រសួងបរិស្ថាន ដែលបានរៀបចំកម្មវិធីសិក្ខាសាលា ផ្សព្វផ្សាយនេះឡើង ដើម្បីបន្តផ្សព្វផ្សាយ និងបញ្ជ្រាប ការយល់ដឹងអំពីនីតិវិធីថ្មីៗនៃប្រព័ន្ធ FMIS លើគ្រប់មុខសញ្ញាចំណាយថវិកាចរន្ត ជូនដល់អង្គភាពថវិកាអាណាប័ក ផ្ទេរសិទ្ធិពេញលេញនៃក្រសួងបរិស្ថាន ។

តាមរយៈ ការបញ្ជ្រាបការយល់ដឹង និងការចែករំលែកនូវបទពិសោធន៍ ក្នុងការអនុវត្ត នីតិវិធីថ្មី តាមប្រព័ន្ធ FMIS ទាំងស្រុង លើចំណាយថវិកាចរន្តគ្រប់មុខសញ្ញា ពីមន្ត្រីបច្ចេកទេស និងលេខាធិការដ្ឋាន ក្រុមការងារគ្រប់គ្រងគម្រោង FMIS អង្គភាពថវិកាទាំងអស់ នៃក្រសួងបរិស្ថាន ជាពិសេសអង្គភាពថ្នាក់ក្រោមជាតិ នឹងទទួលបាននូវព័ត៌មាន និងចំណេះដឹងបន្ថែមទៀត ដើម្បីជាមូលដ្ឋាន ក្នុងការត្រៀមខ្លួន ចូលរួមអនុវត្ត និងប្រើប្រាស់ប្រព័ន្ធ FMIS ជាមួយនឹងការអនុវត្តនីតិវិធីថ្មីៗ ។
សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តួចផ្តើមបង្កើត នូវកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(PFMRP) និងបានដាក់ឱ្យអនុវត្តជាផ្លូវការ នៅក្នុងខែធ្នូ ឆ្នាំ២០០៤ ។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជួយជំរុញអភិបាលកិច្ចល្អ និងតម្លាភាព ក្នុងការគ្រប់គ្រងថវិកាជាតិ ឱ្យកាន់តែមានភាពប្រសើរឡើង ជាពិសេសការចំណាយថវិកាជាតិ ដែលនឹងត្រូវកែលម្អការគ្រប់គ្រង និងគណនេយ្យភាព ឱ្យមានលក្ខណៈស្តង់ដារ ក្នុងការប្រើប្រាស់នូវធនធាន របស់រដ្ឋាភិបាលទាំងចរន្ត និងមូលធនប្រកបដោយប្រសិទ្ធភាព ៕/V-PC













