Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការចូលរួមរបស់កាកបាទក្រហមកម្ពុជា ក្នុងយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក គឺជាការរួមកម្លាំងសាមគ្គីភាពដ៏សំខាន់ និងមិនអាចខ្វះបាន

Views: 1

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ការចូលរួមរបស់កាកបាទក្រហមកម្ពុជា គឺបានបង្ហាញអំពីការរួមកំលាំងសាមគ្គីភាព សហប្រតិបត្ដិការ រវាងស្ថាប័នមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានបង្ហាញនូវការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់នូវក្ដីសន្ដោសជួយដល់ ប្រជាពលរដ្ឋក្រីក្រ ជួយដល់ប្រជាពលរដ្ឋ ដែលជួបនូវ ផលលំបាកដោយគ្មានភាពរើសអើង។

លោក រដ្ឋមន្ត្រី ក៏បានសម្ដែងនូវការគោរព និងដឹងគុណជូន ចំពោះសម្តេចប្រធាន កាកបាទក្រហមកម្ពុជា ដែលបានផ្ដល់នូវការគាំទ្រលើកទឹកចិត្ត និងចូលរួមក្នុងយុទ្ធនា ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ វត្តមានរបស់កាកបាទក្រហមកម្ពុជា ជាកម្លាំង ចលករដ៏សំខាន់បំផុត ដែលមិនអាចខ្វះបាន ក្នុងការធ្វើឲ្យយុទ្ធនាការនេះ កាន់តែផុសផុល។

យុទ្ធនាការ ០១ កញ្ញា “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” គឺសំដៅដល់ការធ្វើឲ្យបរិស្ថាន កម្ពុជាមានភាពស្រស់ស្អាត កាត់បន្ថយសារធាតុពុលពីថង់ប្លាស្ទិក ដែលអាចនាំទៅដល់ ការប៉ះពាល់ដល់សុខភាពទាំងផ្លូវកាយ ទាំងផ្លូវប្រាជ្ញា របស់ប្រជាពលរដ្ឋកម្ពុជា សម្រាប់រាប់ជំនាន់ទៅ ព្រោះថា កាលបើសិស្សានុសិស្ស ឈប់ប្រើថង់ប្លាស្ទិកហើយ ក្រុមគ្រួសារ និងសហគមន៍គាត់ នឹងមិនប្រើថង់ប្លាស្ទិកដូចគ្នា ទំលាប់នេះនឹងបន្តរីក សាយតជំនាន់ទៅ។

ឆ្លៀតក្នុងឱកាសនេះ លោក រដ្ឋមន្ត្រី អ៊ាង សុផល្លែត អំពាវនាវដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កម្មករ កម្មការនី និងប្រជាពលរដ្ឋគ្រប់រូប មេត្តាចូលរួមក្នុងយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដើម្បីបរិស្ថានជាតិ និងសុខុមាលភាពប្រជាពលរដ្ឋ កម្ពុជា៕/V/r

Post navigation