ដោយ: ជា សីហៈ / ភ្នំពេញ: គណៈកម្មការទន្លេមេគង្គ (MRC)បានអះអាងថា រដ្ឋមន្ត្រីមកពីប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម បានអនុម័តផែនការនាវាចរណ៍ និងយុទ្ធសាស្ត្របរិស្ថានក្នុងតំបន់ មេគង្គក្រោម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មការទន្លេមេគង្គ បាននិយាយថា ឯកសារទាំងពីរ គឺស្ថិតក្នុងចំណោមឯកសារមួយចំនួន ដែលត្រូវបានអនុម័តក្នុងអំឡុងពេល នៃការប្រជុំជាក់ស្តែងមួយដែលបានធ្វើឡើងនៅភាគខាងត្បូងទីក្រុងប៉ាក់សុង ប្រទេសឡាវ កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ។
សេចក្តីថ្លែងការណ៍បាននិយាយថា ផែនការមេថ្មីសម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹកក្នុងតំបន់ក្នុងអាងទន្លេមេគង្គនឹងជួយ “ធ្វើឱ្យប្រសើរឡើងនូវបណ្តាញដឹកជញ្ជូនជាតិ និងអន្តរជាតិ ដោយប្រើប្រាស់ទន្លេមេគង្គនៅក្នុងប្រទេសចំនួន៤ នៃតំបន់មេគង្គក្រោម”។
សេចក្តីថ្លែងការណ៍បានចេញផ្សាយកាលពីល្ងាចថ្ងៃសុក្រថា ការដឹកជញ្ជូនតាមផ្លូវទឹកគឺជា “មធ្យោបាយដឹកជញ្ជូនដ៏សំខាន់មួយ” នៅក្នុងតំបន់មេគង្គអស់រយៈពេលជាច្រើនសតវត្សរ៍។
ចំពោះយុទ្ធសាស្ត្រគ្រប់គ្រងបរិស្ថានក្នុងតំបន់ថ្មី គណកម្មការទន្លេមេគង្គ បានពិពណ៌នាឯកសារនេះថា ជាឯកសារដំបូងដែលគ្របដណ្តប់លើអាងទន្លេមេគង្គក្រោមទាំងមូល ក្នុងរយៈពេល ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥ ។
គណៈកម្មការទន្លេមេគង្គបានកត់សម្គាល់ថាអាងទន្លេមេគង្គគឺជា “ចំណុចក្តៅនៃការអភិរក្សានិងការពារជីវចម្រុះពិភពលោក” ដែលមានជម្រកសត្វកម្រចំនួន ១២ ប្រភេទ៕