ដោយៈសុផល/ភ្នំពេញៈ តំណាងគណៈកម្មការទាំង១០នៃរដ្ឋសភា នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ បានជួបជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីពិភាក្សាលំអិតទាក់ទងនឹងសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
សេចក្តីព្រាងច្បាប់ ដែលមាន៦ជំពូក និង១៨មាត្រានេះ ត្រូវបានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និង កិច្ចការនារីនៃរដ្ឋសភាដឹកនាំដោយលោកស្រី ឡោក ខេង ប្រធានគណៈកម្មការ សហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាដឹកនាំដោយ លោកស្រីគ្រួច សំអាន អនុប្រធានគណៈកម្មការ និងមានការចូលរួមពីតំណាងគណៈកម្មការជំនាញទាំង១០ ព្រមទាំង សមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃរដ្ឋសភា លើកយកមកប្រជុំពិនិត្យ ពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ ឲ្យបានស៊ីជម្រៅ ជាមួយតំណាងរាជរដ្ឋាភិបាលដឹកនាំដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក កើត រឹទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហការី នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។
សូមជម្រាបថា៖សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាប្រគល់ភារកិច្ចជូន និងបានប្រជុំផ្ទៃក្នុងគណៈកម្មការយ៉ាងម៉ត់ចត់រួចមក ទើបយកមកប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលនាពេលនេះ៕