Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រីក្រសួងការងារ៖ ប្រព័ន្ធសន្តិសុខសង្គម ដែលពេញលេញ បានរួមចំណែកពេញមួយវដ្ដ នៃជីវិតរបស់យើង ចាប់ពីកើត រហូតដល់ចាស់ ឈឺ ស្លាប់

Views: 7

ដោយ៖ដេប៉ូ / ភ្នំពេញ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម បានថ្លែងថាៈ ប្រព័ន្ធសន្តិសុខសង្គម ដែលពេញលេញ គឺជាប្រព័ន្ធមួយ ដែលត្រូវរួមចំណែកពេញ មួយវដ្ដ នៃជីវិតរបស់យើង រួមមាន កើត ចាស់ ឈឺ ស្លាប់ ហើយជាការឆ្លើយតប ដើម្បីឈានទៅរកប្រព័ន្ធសន្តិសុខសង្គម ពេញលេញ។

ការថ្លែងបញ្ជាក់របស់ លោករដ្ឋមន្រ្តីក្រសួងការងារបែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងពិធីបិទយុទ្ធនាការផ្សព្វផ្សាយ ការដាក់ឱ្យអនុវត្តរបបសន្តិសុខ សង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីការងារ ជូនដល់ក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ សមាគម និយោជក សហជីព និងតំណាងកម្មករ និយោជិត សរុបប្រមាណជា ៥០០ នាក់ នៅសណ្ឋាគារ ភ្នំពេញ។

លោក អ៊ិត សំហេង បានមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈក្រសួងការងារ ដែលមានបេឡាជាតិសន្តិសុខ សង្គម ជាប្រតិបត្តិករសន្តិសុខសង្គម បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសម្រាល នូវទុក្ខលំបាក នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាំងពីពេលចាប់កំណើត ដោយមានរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ដែលអាចឱ្យបងប្អូន ជាសមាជិក ប.ស.ស. ទៅពិនិត្យផ្ទៃពោះ មុននិងក្រោយសម្រាល ការព្យាបាលជំងឺ និងការទទួលបានប្រាក់បំណាច់ រយៈពេល ៩០ ថ្ងៃ នៅពេលសម្រាក លំហែមាតុភាព ព្រមទាំងប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ផងដែរ។

លោករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថាៈ នៅពេលចូលដល់វ័យធ្វើការ កម្មករ និយោជិត ទទួលបានការធានារ៉ាប់រង ដោយមានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ បង្ការពេលជួបគ្រោះថ្នាក់ការងារ ជាយថាហេតុ ដើម្បីឱ្យពួកគាត់ទទួលបាន សេវាព្យាបាល ការផ្តល់សេវា ស្តារនីតិសម្បទា ប្រាក់បំណាច់ប្រចាំថ្ងៃ ពីការអាក់ខាន ការងារ ប្រាក់ធនលាភ ពីការបាត់បង់សមត្ថភាពបំពេញការងារ និងករណីដែល ជួបគ្រោះថ្នាក់ការងារ រហូតបាត់បង់អាយុជីវិត គ្រួសារ ឬអ្នកចាត់ចែងបុណ្យ នឹងទទួលបាននូវប្រាក់ឧបត្ថម្ភ។ដោយឡែកនៅពេលដែលបងប្អូនជាសមាជិក ប.ស.ស. ចូលដល់វ័យចំណាស់ រាជរដ្ឋាភិបាល នៅតែបន្តផ្តល់ការគាំពារ ដោយបានបង្កើតឱ្យ មានរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ហើយនៅចុងបញ្ចប់នៃជីវិត គឺសេចក្ដីស្លាប់ គ្រួសារ ឬអ្នកចាត់ចែងបុណ្យ នឹងទទួលបាននូវប្រាក់វិភាជន៍បូជាសព ដើម្បីចាត់ចែង ធ្វើបុណ្យសព តាមប្រពៃណី ក៏ដូចជា ការផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗ ជូនអ្នកដែលរស់នៅក្នុងបន្ទុក ទៅតាមផ្នែកនីមួយៗ ដូចមានកំណត់នៅក្នុងច្បាប់ ស្តីពីរបបសន្តិសុខសង្គម ដែលនេះគឺជាការគាំពារពេញ ១វដ្ដជីវិត ពោលគឺ ចាប់តាំងពីពេលចាប់កំណើត រហូតដល់ស្លាប់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ផងថាៈ ជាលទ្ធផល ដើម្បីផ្សារភ្ជាប់ ទំនាក់ទំនង របបសន្តិសុខសង្គមពេញមួយវដ្តជីវិតនេះ អស់រយៈពេលជាង ១០ឆ្នាំកន្លងមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន ប.ស.ស. ជាប្រតិបត្តិករ បានអនុវត្តជាជំហានៗ រួមមាន នៅឆ្នាំ២០០៨ បានដាក់ឱ្យអនុវត្ត ផ្នែកហានិភ័យការងារ នៅឆ្នាំ២០២១ ផ្នែកនេះបានដំណើរការសម្រាប់មន្រ្តី សាធារណៈ។ ក្នុងឆ្នាំ២០១៦ រាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការផ្នែកថែទាំសុខភាព សម្រាប់កម្មករ និយោជិត វិស័យឯកជន និងឆ្នាំ២០១៨ សម្រាប់មន្រ្តីសាធារណៈ ដោយធ្វើការធានារ៉ាប់រងសុខភាព ២៤ម៉ោង លើ២៤ម៉ោង ជារួមមិនថា កម្មករ និយោជិត ឬមន្រ្តីសាធារណៈ សុទ្ធតែមានការធានារ៉ាប់រងសន្តិសុខ សង្គមដូចគ្នាៗ។
ដោយឡែក បើយើងនិយាយពីប្រាក់ចូលនិវត្តន៍វិញ កាលពីមុនប្រាក់សោធន មានតែ ចំពោះមន្រ្តីរាជការ ប៉ុណ្ណោះ មានសិទ្ធិទទួលបាន តែសម្រាប់បងប្អូនកម្មករ និយោជិត ក្នុងវិស័យឯកជនវិញ ពុំធ្លាប់ទទួលបានការធានារ៉ាប់រងប្រាក់សោធននេះទេ ហើយនេះ ជាប្រវត្តិសាស្ត្ររបស់កម្ពុជាហើយ ដែលបងប្អូនកម្មករ និយោជិត ក្នុងវិស័យឯកជន ទទួលបានរបបសន្តិសុខសង្គមនេះ។

បើតាមរបាយការណ៍បូកសរុប របស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានលើកឡើងថាៈ ជាលទ្ធផលមានកម្មករ និយោជិត ចំនួន ១.០៧២.៤២៥ នាក់ បានទទួលការផ្សព្វផ្សាយ ដែលស្មើនឹង ៧៣ ភាគរយ បើធៀបទៅនឹងសមាជិក ប.ស.ស. សរុប ហើយបើធៀបនឹងចំនួនកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ គឺស្មើនឹង ១២៨ ភាគរយ។

លោក អ៊ុក សមវិទ្យា បានសង្កត់ធ្ងន់ថាៈ នេះជាភាពជោគជ័យលើសពីផែនការ ដែលបានគ្រោងទុក ហើយតាមរយៈការចុះផ្សព្វផ្សាយនេះ គឺមានការសារទរ ពីសំណាក់ភាគីនិយោជក ម្ចាស់-សហគ្រាស គ្រឹះស្ថាន និងភាគីបងប្អូនកម្មករនិយោជិត ដោយពួកគាត់ បានបង្ហាញពីភាពពេញចិត្ត និងសប្បាយរីករាយ ដែលរាជរដ្ឋាភិបាល បង្កើតឱ្យមានរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ព្រមទាំងបានស្ម័គ្រចិត្ត ក្នុងការចូលរួមបង់ភាគទាន ជាចំណែករបស់ខ្លួន ដើម្បីទទួលបានអត្ថប្រយោជន៍ នៅពេលចូលនិវត្តន៍ទៀតផង៕ V / N

Post navigation