Views: 1
ដោយៈដេប៉ូ/ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃសៅរ៍ទី ៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានថ្លែងថា ក្នុងរយៈពេលប្រាំបីខែនៃឆ្នាំ២០២៣នេះ រោងចក្រនៅខេត្តកំពង់ស្ពឺកំពុងត្រូវការកម្មករប្រមាណបួនពាន់នាក់បន្ថែមក្នុងខណៈដែលវិស័យសេដ្ឋកិច្ចទាំងមូលមានឱកាសប្រមាណ១៧.០០០កន្លែងបន្ថែមទៀត។

ថ្លែងនៅចំពោះមុខកម្មករជិតពីរម៉ឺននាក់ក្នុងខេត្តកំពង់ស្ពឺ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ “យោងតាមរបាយការណ៍តម្រូវការកម្លាំងពលកម្មដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទូទាំងប្រទេសមានតម្រូវការកម្លាំងពលកម្មថ្មីប្រមាណ ១៧.០០០នាក់ ហើយសម្រាប់នៅខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មថ្មីប្រមាណបួនពាន់នាក់”។
លោករដ្ឋមន្ត្រីក្រសួងការងារបានរំលឹកឱ្យដឹងថា បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ មានកម្មករនិយោជិតកំពុងបម្រើការងារសរុបជាង ១៥ម៉ឺននាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណ ៤៧០លានដុល្លារក្នុងមួយឆ្នាំៗ នៅតាមរោងចក្រ-សហគ្រាសចំនួន ៣៨៥ ដែលក្នុងនោះគ្រាន់តែវិស័យកាត់ដេរមួយមុខមានចំនួន១៩១ និងប្រើកម្លាំងកម្មករនិយោជិតសរុបជិត ១៤ម៉ឺននាក់ ផ្តល់ប្រាក់ឈ្នួលសរុបជាង ៤៣០លានដុល្លារក្នុងមួយឆ្នាំ។ក្នុងនោះខេត្តដ៏មានសក្តានុពលមួយនេះ គឺជាខេត្តលំដាប់ទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ។
ការបញ្ជាក់ពីកំណើនការងាររបស់កម្ពុជានេះ នៅស្របពេលដែលមានភាពមិនច្បាស់លាសនៃសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោកដែលកំពុងញាំញីដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងវិបត្តិដែលដរចេញពីវិបត្តិសកលកូវីដ១៩។ គិតត្រឹម៦ខែនៃឆ្នាំ២០២៣នេះ អង្គការរូបិយប័ណ្ណពិភពលោក (IMF) បានចុះផ្សាយថា កំណើនសេដ្ឋកិច្ចសកលត្រូវបានគេព្យាករណ៍ថានឹងថយចុះពី ៣.៥ភាគរយនៅឆ្នាំ២០២២ មកត្រឹម ៣.០ភាគរយ សម្រាប់ឆ្នាំ២០២៣ និង២០២៤។

ទន្ទឹមនឹងនេះកំណើនសេដ្ឋកិច្ចអឺរ៉ុបនិងសហរដ្ឋអាមេរិកក៏ត្រូវបានព្យាករណ៍ថាធ្លាក់ចុះដូចគ្នា។
ដោយឡែកការនាំចូលផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប បានធ្លាក់ចុះ ៤៣,៦ពាន់លានដុល្លារអាម៉េរិកនៅត្រីមាសទី៣ ឆ្នាំ២០២២ មកត្រឹម ២៩,៤ពាន់លានដុល្លារអាម៉េរិកមកនៅត្រីមាសទី១ ឆ្នាំ ២០២៣ ដែលចំនួននេះគឺធ្លាក់ចុះប្រមាណ ៣២,៤ភាគរយ ។
សម្រាប់អឺរ៉ុបរបាយការណ៍របស់ Eurostat បញ្ជាក់ថា ការនាំចូលផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបចូលមកអឺរ៉ុបគឺបានថយចុះប្រមាណពី ៤១,៦ពាន់លានអឺរ៉ូ នៅត្រីមាសទី៣ ឆ្នាំ២០២២ មកត្រឹម ៣១,៦ពាន់លានអឺរ៉ូនៅត្រីមាសទី១ ឆ្នាំ២០២៣ ពោលគឺថយចុះប្រមាណ ២៤ភាគ។
យ៉ាងណាក៏ដោយ បើទោះបីនិន្នាការពិភពលោកមានការធ្លាក់ចុះមែន ប៉ុន្តែកំណើនការងារធ្វើនៅកម្ពុជានេះ គឺជាសញ្ញាណល្អសម្រាប់កម្ពុជាដែលរដ្ឋាភិបាលបានប្រឹងប្រែងដាក់ចេញវិធានការជាច្រើនដើម្បីធានាលំនឹងទីផ្សារនិងសេដ្ឋកិច្ចដើម្បីរក្សាចំណូលជូនប្រជាជន៕សរន
